
រតនគិរីៈ ទោះបីមានការរំខានពីវិបត្តិជំងឺកូវីដ ១៩ ក៏ដោយ ក៏អាជ្ញាធរខេត្តរតនគិរីបានចងក្រងឯកសារទីតាំងដីដែលប្រជាពលរដ្ឋប្រើប្រាស់ និងអាស្រ័យផលជាក់ស្ដែង នៅតំបន់ការពារធម្មជាតិ ខេត្តរតនគិរី សម្រេចបានប្រមាណ ៧០% ហើយ ដែលគ្រោងនឹងបញ្ចប់ជាស្ថាពរនៅក្នុងរយៈពេល ២ ខែទៀត។
លោក សូ ខនឫទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាននៅក្នុងកិច្ចប្រជុំពិភាក្សាជាមួយលោក លន់ សុភាព អភិបាលរងខេត្តកាលពីម្សិលមិញបានឱ្យដឹងថា ទោះបីមានផលរំខានក្នុងការធ្វើការក្នុងបរិបទកូវីដ ១៩ ប៉ុន្តែសម្រាប់ខេត្តរតនគិរី សម្រេចការងារនេះប្រមាណ ៧០ ភាគរយ ហើយ។
លោក ស្នើឱ្យមន្ត្រីទាំងអស់ខិតខំប្រឹងប្រែងបន្ដទៀតឱ្យបានល្អ ដើម្បីសម្រេចការងារនេះបានជោគជ័យក្នុងរយៈពេល ២ ខែខាងមុខនេះ។
លោក សូ ខនឫទ្ធីគុណ ក៏បានស្នើឱ្យមន្ដ្រីភូមិឃុំ មន្ដ្រីជំនាញពាក់ព័ន្ធ និងប្រជាពលរដ្ឋពាក់ព័ន្ធ សហការគ្នាឱ្យបានល្អ ដើម្បីសម្រួលការងារនេះឱ្យមានភាពងាយស្រួល និងសម្រេចបានជោគជ័យ។
លោក លន់ សុភាព អភិបាលរងខេត្តរតនគិរីថ្លែងថា ទោះបីជាមិនទាន់បានសម្រេចការងារនេះបាន ១០០% ពាក់ព័ន្ធនឹងការធ្វើការសិក្សា ចងក្រងឯកសារក្ដី តែបានបំពេញការងារបាន យ៉ាងល្អប្រសើរ និងបន្ដការខិតខំប្រឹងប្រែងបន្ដទៀត។
លោក លន់ សុភាពថ្លែងថា៖ «ថ្ងៃនេះជាឱកាសដ៏ល្អសម្រាប់ក្រុមការងាររបស់យើង ក្នុងការទទួលបានអនុសាសន៍ល្អៗពីឯកឧត្តមរដ្ឋលេខាធិការ ក្រសួងបរិស្ថានផ្ទាល់ យកមកអនុវត្តក្នុងការងាររបស់យើង ដើម្បីបង្កើនភាពងាយស្រួល និងសម្រេចការងាររបស់យើងបានជោគជ័យ»។
បើតាមលោក លន់ សុភាព ការធ្វើប្រទានកម្មដីរដ្ឋជូនប្រជាពលរដ្ឋ គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីរួមចំណែកដោះស្រាយ និងកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងគ្រប់គ្រងបាននូវផ្ទៃដីរបស់រដ្ឋ ព្រមទាំងកាត់បន្ថយបាននូវការទន្ទ្រាន កាន់កាប់ដីព្រៃរបស់រដ្ឋដោយខុសច្បាប់ ដោយមិនត្រូវជឿតាមការញុះញង់ អូសទាញរបស់មេខ្យល់ ឬជនខិលខូចមួយចំនួន ដែលឆ្លៀតឱកាសកេងយកផលប្រយោជន៍ ឬកេងចំណេញពីបញ្ហាដីធ្លីនេះឡើយ។
លោក កុល ផាន់ណា អ្នកនាំពាក្យរដ្ឋបាលខេត្តរតនគិរីឱ្យដឹងនៅថ្ងៃទី ១១ ខែមិថុនានេះ ថាចំពោះការសម្រេចបាននៃការសិក្សា និងចងក្រងឯកសាររបស់ពលរដ្ឋដែលអាស្រ័យផលជាក់ស្តែង សម្រេចបានប្រមាណ ៧០ ភាគរយនេះស្ថិតនៅក្នុងតំបន់ការពារធម្មជាតិចំនួន ៤ រួមមាន ស្រុកលំផាត់ ស្រុកតាវែង ស្រុកវើនសៃ និងកូនមុំក្នុងចំណោមស្រុក និងក្រុងទាំង ៩ នៅទូទាំងខេត្ត៕