
កម្មវិធីបំប្លែងសំឡងទៅជាអត្ថបទ ដោយស្វ័យប្រវត្តិ។ រូបថត ក្រសួងប្រៃសនីយ៍
ភ្នំពេញ៖ ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បានប្រកាសដាក់ឱ្យដំណើរការសាកល្បងកម្មវិធីបំប្លែងសំឡងទៅជាអត្ថបទ ដោយស្វ័យប្រវត្តិ។
តាមសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ កាលពីម្សិលមិញឱ្យដឹងថា តាមរយៈការស្រាវជ្រាវ និងអភិវឌ្ឍលើបច្ចេកវិទ្យាភាសាបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាបានបង្កើត “កម្មវិធីបំប្លែងសំឡេងទៅជាអត្ថបទ-Khmer Automatic Speech Recognition – Khmer ASR " ដែលប្រើប្រាស់បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (Artificial intelligence)។
កម្មវិធីនេះអាចប្រើប្រាស់ក្នុងទូរស័ព្ទដៃតាមប្រព័ន្ធប្រតិបត្តិការ Android និង iOS ក្នុងការបំប្លែងសំឡេងនិយាយដោយផ្ទាល់ជាភាសាខ្មែរ ឬពីឯកសារសំឡេងក្នុងទម្រង់ជា WAV, Mp3, M4a និង OGG ទៅជាអត្ថបទភាសាខ្មែរដោយស្វ័យប្រវត្តិ ដើម្បីជាជំនួយដល់ការសរសេរអត្ថបទឱ្យកាន់តែឆាប់រហ័ស និងងាយស្រួល។
ក្រសួងប្រៃសនីយ៍បញ្ជាក់ថា នៅដំណាក់កាលនៃការដាក់ឱ្យដំណើរការ “កម្មវិធីបំប្លែងសំឡេងទៅជាអត្ថបទ”នេះ កម្រិតបំប្លែងត្រឹមត្រូវ (Accuracy) មានប្រមាណ ៩០%។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានណែនាំក៏ដូចជាលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក សិស្ស និស្សិត និងប្រជាពលរដ្ឋទាំងអស់ដំឡើង “កម្មវិធីបំប្លែងសំឡេងទៅជាអត្ថបទ (Khmer ASR)” ដើម្បីជាជំនួយដល់កិច្ចការសរសេរប្រចាំថ្ងៃដោយស្កេន QR Code ខាងក្រោម។
ដើម្បីធ្វើឱ្យកម្មវិធីនេះ កាន់តែប្រសើរ ក្រសួងរីករាយនឹងទទួលមតិយោបល់ពីសាធារណជន ដោយចុចលើពាក្យ “ មតិត្រឡប់ ” នៅក្នុងកម្មវិធី។
សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធ នឹងបច្ចេកទេសនៃការប្រើប្រាស់នេះសាធារណជនអាចចូលទៅគេហទំព័ររបស់ Khmer ASR ដែលមានអាសយដ្ឋាន https://rnd.cadt.edu.kh/khmer-asr ឬទំនាក់ទំនងតាមរយៈអ៊ីមែល rnd@cadt.edu.kh៕