
រដ្ឋបាលខេត្តព្រះសីហនុ ប្រកាសបន្តផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទរយៈពេល ១៤ ថ្ងៃបន្ថែមទៀត។ រូបថត រដ្ឋបាលខេត្តព្រះសីហនុ
ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុបានប្រកាសបន្តផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទរយៈពេល ១៤ ថ្ងៃបន្ថែមទៀត ចាប់ពីថ្ងៃទី ១១ ខែមិថុនា ដល់ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២១ ដើម្បីកាត់ផ្តាច់ការចម្លងថ្មីនៃជំងឺកូវីដ ១៩។
យោងតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២១ ឱ្យដឹងថា ការបន្តផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុនេះ ដោយសារស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ក្នុង «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ» នៅក្នុងខេត្តព្រះសីហនុនៅមិនទាន់ទប់ស្កាត់បានទាំងស្រុងនៅឡើយ ហើយកំពុងមានការឆ្លងរាលដាលជាបន្តបន្ទាប់ទៀត។
សេចក្តីណែនាំដដែលបន្តថា គ្រប់ផ្សាររដ្ឋ ផ្សារឯកជន និងផ្សារម៉ាត ព្រមទាំងដេប៉ូចែកចាយគ្រឿងស្រវឹងនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ត្រូវតែបន្តផ្អាកការលក់ដូរ និងចែកចាយគ្រឿងស្រវឹងគ្រប់ប្រភេទ និងគ្រប់ភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់អាហារ ហាងកាហ្វេ ហាងភេសជ្ជៈ អាជីវកម្មដ្ឋានអាហារ និងអាជីវករលក់ដូរ អ្នកចែកចាយគ្រឿងស្រវឹងគ្រប់ប្រភេទត្រូវបន្តផ្អាករាល់ការបម្រើគ្រឿងស្រវឹងជូនភ្ញៀវបណ្តោះអាសន្ន រយៈពេល ១៤ ថ្ងៃបន្ថែមទៀត។
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុបានឱ្យដឹងថា ចំពោះការរីករាលដាលនៃជំងឺកូវីដ ១៩ នៃព្រឹត្តិការណ៍ ២០ កុម្ភៈ នៅក្នុងខេត្តព្រះសីហនុ គឺមិនទាន់ទប់ស្កាត់បានទាំងស្រុងនៅឡើយទេ។ ហើយកន្លងមកនេះ រដ្ឋបាលខេត្តព្រះសីហនុបានដាក់ចេញនូវវិធានការយ៉ាងច្រើន សំដៅដើម្បីទប់ស្កាត់ការរីករាលដាល និងការឆ្លងថ្មីនៃជំងឺកូវីដ ១៩។
បើតាម លោក ឃាង ភារម្យ ដោយឡែកពាក់ព័ន្ធនឹងសេចក្តីណែនាំឱ្យបន្តផ្អាកលក់គ្រឿងស្រវឹងរយៈពេល ១៤ ថ្ងៃនេះ ក៏ជាផ្នែកមួយនៃវិធានការរបស់រដ្ឋបាលខេត្តក្នុងការទប់ស្កាត់ការឆ្លងនូវជំងឺកូវីដ ១៩ ថ្មីដែរ។
លោក ឃាង ភារម្យ ថ្លែងថា៖ «អ៊ីចឹងកាលណា យើងបិទមិនឱ្យមានការលក់គ្រឿងស្រវឹង មនុស្សក៏អត់ចេញក្រៅដែរ ដូច្នេះមនុស្សមានស្មារតីទទួលខុសត្រូវ មិនលក់គ្រឿងស្រវឹង មិនសេពគ្រឿងស្រវឹង គឺជាផ្នែកមួយនៃការកាត់បន្ថយការឆ្លងជំងឺកូវីដ ១៩ បាន»៕