ភ្នំពេញ៖ ក្រសួង​សុខាភិបាល​នៃ​ប្រទេស​កម្ពុជា បាន​ក្រើន​រំឭក​បន្ថែម​ឱ្យ​អាជ្ញាធរ​ពង្រឹង​ការ​ត្រួត​ពិនិត្យ​សុខភាព​អ្នក​ដំណើរ​ដែល​ចូល​មក​កម្ពុជា​ដោយ​ធ្វើ​តេស្ត​អង់ទីហ្សែន​រហ័ស​រក​មេរោគ​កូវីដ ១៩ តាម​ច្រក​ព្រំដែន អាកាស គោក និង​ផ្លូវ​ទឹក។

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​អន្តរ​ក្រសួង ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ ១៩ បាន​ផ្ញើ​លិខិត​ទៅ​អភិបាល​រាជធានី-ខេត្ត ទាំង ២៥ ក្នុង​ប្រទេស​កម្ពុជា ឱ្យ​ពង្រឹង​ការ​ត្រួត​ពិនិត្យ​សុខភាព​អ្នក​ដំណើរ​ដែល​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា។

លោក​បាន​បញ្ជាក់​ថា៖ «ដើម្បី​ពង្រឹង​ការ​ត្រួត​ពិនិត្យ​សុខភាព​អ្នក​ដំណើរ​ចូល​មក​កម្ពុជា​តាម​ច្រក​ព្រំដែន​ផ្លូវ​អាកាស ផ្លូវ​គោក និង​ផ្លូវ​ទឹក ត្រូវ​ធ្វើ​តេស្ត​អង់ទីហ្សែន​រហ័ស​ឱ្យ​បាន​ម៉ឺងម៉ាត់។ អ្នក​ជំងឺ​ដែល​មាន​វិជ្ជមាន​កូវីដ ១៩ ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ ដើម្បី​ព្យាបាល ចំណែក​អ្នក​ដំណើរ​ផ្សេង​ទៀត​ដែល​រួម​ដំណើរ​ជាមួយ​អ្នក​ជំងឺ​កូវីដ ១៩ ត្រូវ​បញ្ជូន​ទៅ​កាន់​មណ្ឌល​ចត្តាឡីស័ក​រយៈពេល ១៤ ថ្ងៃ»។

លោក ម៉ម ប៊ុនហេង បាន​ណែនាំ​ទៅ​ដល់​អភិបាល​ខេត្ត​នៅ​តាម​ព្រំដែន​ថៃ និង​វៀតណាម ត្រូវ​ប្រជុំ​ជាមួយ​សមភាគី​ថៃ ឬ​វៀតណាម ដើម្បី​ស្នើសុំ​កិច្ច​សហការ​ក្នុង​ការ​ពង្រឹង​ការ​ធ្វើ​តេស្ត​រក​មេរោគ​កូវីដ ១៩ ដល់​ពលករ និង​ប្រជាជន​ទូទៅ​មុន​នឹង​អនុញ្ញាត​ឱ្យ​មក​កម្ពុជា​វិញ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ថ្ងៃទី ៩ ខែ​មិថុនា រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ណែនាំ​ដល់​អភិបាល​ខេត្ត និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ទាំង​អស់​ដែល​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ត្រូវ​ពង្រឹង​ការ​គ្រប់គ្រង និង​ត្រួត​ពិនិត្យ​នូវ​ការ​ចេញ​ចូល​ឆ្លង​កាត់​ព្រំដែន ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ប្រភេទ​ថ្មី​នៅ​កម្ពុជា៕