
មូលដ្ឋានទ័ពរាម។ រូបថត SNCMS
ភ្នំពេញ៖ អនុព័ន្ធយោធាប្រចាំស្ថានទូតសហរដ្ឋអាមេរិក លោក Marcus M. Ferrara បានចុះធ្វើទស្សនកិច្ចមួយទៅកាន់មូលដ្ឋានទ័ពរាម ដែលមន្ត្រីសហរដ្ឋអាមេរិកតែងសង្ស័យថា មានវត្តមានយោធាចិន និងសង្ស័យអំពីការសាងសង់ជាមូលដ្ឋានទ័ពចិននៅទីនោះ។
ការអនុញ្ញាតឲ្យមានដំណើរទស្សនកិច្ចនៅថ្ងៃទី ១១ មិថុនានេះ មានឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ១ មិថុនា បានជួបពិភាក្សាជាមួយលោកស្រីអនុរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Wendy Sherman ដែលពេលនោះ លោក ហ៊ុន សែន អនុញ្ញាតឲ្យអនុព័ន្ធយោធាប្រចាំស្ថានទូតអាមេរិកចុះធ្វើទស្សនកិច្ចទៅមូលដ្ឋានទ័ពរាម។
ប៉ុន្តែដំណើរទស្សនកិច្ចកាលពីថ្ងៃទី ១១ មិថុនា ត្រូវបានបញ្ចប់តែក្នុងពេលមួយព្រឹក ហើយស្ថានទូតសហរដ្ឋអាមេរិកក៏បានចេញសេចក្ដីថ្លែងការណ៍ថា៖ «នៅក្នុងពេលទស្សនកិច្ចដ៏ខ្លីនោះ មន្រ្តីយោធាកម្ពុជាមិនបានអនុញ្ញាតឲ្យលោកអនុព័ន្ធយោធា [Ferrara] ចេញចូលគ្រប់ច្រកល្ហក នៅក្នុងមូលដ្ឋានកងទ័ពជើងទឹកនោះទេ»។
ដើម្បីបញ្ជាក់បន្ថែមអំពីដំណើរទស្សនកិច្ចរបស់លោក Ferrara ភ្នំពេញ ប៉ុស្តិ៍ បានសាកសួរទៅស្ថានទូតសហរដ្ឋអាមេរិកថា តើពាក្យ «ចេញចូលគ្រប់ច្រកល្ហក» full access មានន័យដូចម្ដេច ហើយថា តើសហរដ្ឋអាមេរិកធ្លាប់បានធ្វើដូច្នេះនៅក្នុងមូលដ្ឋានទ័ពនៃប្រទេសដទៃដែលមិនមែនជាសម្ព័ន្ធមិត្តរបស់ខ្លួននោះ ឬទេ? អ្នកនាំពាក្យស្ថានទូត លោក Chad Roedemeier ឆ្លើយដោយត្រឹមថា៖ «យើងបានបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានរួចហើយ»។
ភ្នំពេញ ប៉ុស្តិ៍ បានដាក់សំណួរបន្ថែមថា តើលោក Ferrara បានឃើញ និងមិនបានឃើញអ្វីដែលលោកសង្ស័យទេ នៅមូលដ្ឋានទ័ពរាម ប៉ុន្តែអ្នកនាំពាក្យថ្លែងថា លោកមិននៅការិយាល័យរហូតដល់ថ្ងៃទី ១៥ កក្កដា។
ភ្នំពេញ ប៉ុស្តិ៍ ក៏បានសុំការបញ្ជាក់ពីភាគីកម្ពុជាថា តើលោក Ferrara ត្រូវបានអនុញ្ញាតឲ្យទៅមើលកន្លែងណាខ្លះ ហើយកន្លែងណាដែលលោកមិនបានមើល។ ឧត្តមសេនីយ៍ឯក សួន សំណាង អគ្គនាយករងអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសក្រសួងការពារជាតិ តំណាងក្រសួងការពារជាតិ ដែលទទួលស្វាគមន៍ លោក Ferrara បានបញ្ជាក់ប្រាប់ថា លោក Ferrara បានទៅមើលកន្លែងជាច្រើនគាត់សង្ស័យថា មានវត្តមានយោធាចិន ជាពិសេសកន្លែងដែលមានការរុះរើទីបញ្ជាការដ្ឋានជួរមុខរបស់គណៈកម្មការជាតិលម្ហសមុទ្រ។
លោកថា លោក Ferrara បានទៅមើលកំពង់ផែរាម មើលនាវា មើលរោងជាងដែលជាជំនួយរបស់អូស្រ្តាលី ដែលនៅក្បែរនោះ មន្ទីរពេទ្យ និងទីបញ្ជាការដ្ឋានជួរមុខ របស់គណៈកម្មការជាតិលម្ហសមុទ្រនៅកោះព្រាប។
លោកថ្លែងដូច្នេះថា៖ «យើងបានរៀបចំកន្លែងសំខាន់ៗដែលគាត់ចង់ទៅ ដើម្បីជម្រះការមន្ទិលសង្ស័យរបស់គាត់ ដូចជាការចោទប្រកាន់ថា មានមូលដ្ឋានយោធាចិនជាដើម»។
ស្រដៀងគ្នានេះ លោក ណឹម សុវត្ថិ ទីប្រឹក្សារបស់រដ្ឋមន្ត្រីការពារជាតិ លោក ទៀ បាញ់ និងជាអគ្គនាយកនៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសនៃក្រសួងការពារជាតិបានបង្ហាញការភ្ញាក់ផ្អើល និងប្រតិកម្មទៅនឹងសេចក្ដីថ្លែងការណ៍របស់ស្ថានទូតសហរដ្ឋអាមេរិក។
លោកថ្លែងដូច្នេះថា៖ «អ្វីដែលយើងឃើញព័ត៌មានចេញពីស្ថានទូត គឺប្រាសចាកពីភាពជាក់ស្តែង និងការពិត។ វាជាការយល់ខុសមួយយ៉ាងធំដែលថា យើងមិនសហការនោះ គឺយើងបានធ្វើយ៉ាងល្អតាមក្បួនខ្នាតដែលមាន ហើយដែលលើកឡើងដោយថ្នាក់ដឹកនាំ»។
លោក គិន ភា ប្រធានវិទ្យាសា្ថនទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាជឿជាក់ថា គ្មានប្រទេសណាមួយដែលអនុញ្ញាតឲ្យមានការដើរមើលគ្រប់កន្លែងដោយគ្មានលក្ខខណ្ឌសម្រាប់អនុព័ន្ធយោធាបរទេស ប្រៀបដូចព្រះរាជអាជ្ញាចុះឆែកឆេរតាមដីកានោះទេ។
លោកថ្លែងថា ការជម្រះមន្ទិលសង្ស័យរឿងវត្តមានមូលដ្ឋានយោធាចិន គួរត្រូវបានធ្វើឡើងដោយមានបែបបទច្បាស់លាស់មួយ ដើម្បីធានាមិនឲ្យមានការរំលោភលើការសម្ងាត់ដែលមិនពាក់ព័ន្ធនឹងបញ្ហាវត្តមានកងទ័ពចិន។
លោកថ្លែងយ៉ាងដូច្នេះថា៖ «កុំថា ឡើយអនុព័ន្ធយោធាបរទេស សូម្បីពលរដ្ឋសាមញ្ញធម្មតាក៏គេមិនឲ្យចូលទៅគ្រប់ទីកន្លែងក្នុងមូលដ្ឋានយោធាដែរ។ សំណួរដែលយើងគួរសួរទៅសហរដ្ឋអាមេរិកវិញគឺថា តើពលរដ្ឋសាមញ្ញអាចចូលទៅមូលដ្ឋានយោធារបស់អាមេរិកនៅបរទេសប្រមាណ ៨០០ កន្លែងទេ? យើងមិនចាំបាច់និយាយពីមូលដ្ឋានទ័ពនៅក្នុងប្រទេសអាមេរិកទេ»។
លោកបន្តថា៖ «ការដែលអនុញ្ញាតឲ្យអនុព័ន្ធយោធាប្រចាំស្ថានទូតចូលទៅមើលមូលដ្ឋានទ័ពជើងទឹកនេះ ជាកាយវិកាទន់ភ្លន់ណាស់ទៅហើយ។ ប៉ុន្តែដូចគេបានដឹងហើយ យោធា គឺជាបេះដូង និងព្រលឹងរបស់សន្តិសុខជាតិ ដែលត្រូវមានការសម្ងាត់»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីការពារជាតិ ទៀ បាញ់ ធ្លាប់បានច្រានចោលការសង្ស័យពីមូលដ្ឋានទ័ពចិននេះ ជាច្រើនលើករួចមកហើយ ដោយលោកបញ្ជាក់ថា រដ្ឋធម្មនុញ្ញកម្ពុជាមិនអនុញ្ញាតឲ្យមានមូលដ្ឋានទ័ពបរទេសនៅលើទឹកដីរបស់កម្ពុជាឡើយ៕