
បុរសម្នាក់ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ និង ខេត្តបាត់ដំបងចាប់ខ្លួននៅថ្ងៃទី ១២ ខែមិថុនានេះ បន្ទាប់ពីសម្លាប់ប្រពន្ធខ្លួននៅខណ្ឌសែនសុខ យកសពទៅផ្លុងចោលនៅខេត្តត្បូងឃ្មុំ រត់គេចដល់ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
ភ្នំពេញ-បាត់ដំបង៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ និង ខេត្តបាត់ដំបងចាប់ខ្លួននៅថ្ងៃទី ១២ ខែមិថុនានេះ បន្ទាប់ពីសម្លាប់ប្រពន្ធខ្លួននៅខណ្ឌសែនសុខ យកសពទៅផ្លុងចោលនៅខេត្តត្បូងឃ្មុំ រត់គេចដល់ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
លោក ខេង ម៉េងឈាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យឈ្មោះ សៀន ហួរ អាយុ ៥៩ ឆ្នាំត្រូវជាប្តីនៅត្រង់ចំណុចផ្ទះសំណាក់នីឡា ភូមិជីប៉ាង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
លោក ខេង ម៉េងឈាង បន្តថាបច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននាំទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ និងប្រគល់ឲ្យកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធីបន្ត។
បើតាម លោក ខេង ម៉េងឈាង បុរសម្នាក់នេះបានយកកាំបិតកាប់ និងយកកៅអីវាយសម្លាប់ប្រពន្ធខ្លួន ឈ្មោះ គង់ វុទ្ធី ហៅ លី អាយុ ៥៧ ឆ្នាំនៅចំណុចផ្ទះលេខ ៥៤ ផ្លូវ ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២១ ហើយកាច់ដៃកាច់ជើងយកសពច្រកក្នុងវ៉ាលីរួចយកសពទៅផ្លុងចោលនៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ហើយរត់គេចដល់ស្រុកសំឡូត ខេត្តបាត់ដំបង ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវចាប់ខ្លួនបាននៅព្រឹកថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២១នេះ។
ក្រោយមក នៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២១ មានប្រជាជនប្រទះឃើញមានមនុស្សស្លាប់អណ្ដែតទឹក នៅក្នុងវ៉ាលី ត្រង់ចំណុចមាត់ទន្លេ ក្រោយវិហារអ៊ិស្លាម ភូមិព្រែកតូច ឃុំជីរោទ៍ទី ១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ចម្ងាយពីវិហារ ២០០ ម៉ែត្រ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបបាននៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២១ នេះ៕