ភ្នំពេញៈ ​រថយន្ត​ចំនួន ២៧ ​គ្រឿង​ដែល​បាន​ចតចោល​នៅលើ​ចិញ្ចើមផ្លូវ​ និង​ទ្រូងផ្លូវ​សាធារណៈ​ធ្វើឱ្យ​បាត់បង់​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណ:​បង្ក​ការកកស្ទះ​ចរាចរណ៍​ និង​សោភណភាព​រាជធានី​ភ្នំពេញ​ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​ដូនពេញ​ស្ទូច​យកមក​រក្សាទុក​នៅ​រដ្ឋបាល​ខណ្ឌ ក្រោយពី​មិន​អនុវត្ត​តាម​សេចក្ដីជូនដំណឹង​។

លោក សុខ ពេញវុធ អភិបាលខណ្ឌ​ដូនពេញ​បាន​ឱ្យដឹង​នៅ​ថ្ងៃទី​ ១២ ខែមិថុនា នេះ​ថា ការចុះ​ស្ទូច និង​ដកហូត​រថយន្ត​យកមក​រក្សាទុក​នេះ បន្ទាប់ពី​រដ្ឋបាល​ខណ្ឌ​បានចេញ​សេចក្តី​ជូនដំណឹង​កាលពី​ថ្ងៃទី​ ៨ មិថុនា កន្លងមកនេះ​ឱ្យ​បញ្ឈប់​ការដាក់​តាំង​លក់​រថយន្ត​ និង​ចត​រថយន្ត​បែបនេះ ព្រោះ​ធ្វើឱ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​ និង​របៀបរៀបរយ​សាធារណៈ​ និង​កកស្ទះ​ចរាចរណ៍​លើ​ដងផ្លូវ​។

បើតាម លោក សុខ ពេញវុធ ការចុះ​រៀបចំ​សណ្តាប់ធ្នាប់ របៀបរៀបរយ សាធារណៈ​លើ​រថយន្ត​ដាក់លក់​ និង​រថយន្ត​ដែល​បានមក​ចត​ចោល​នៅលើ​ទ្រូងផ្លូវ និង​ចិញ្ចើមផ្លូវ​សាធារណៈ​ ដែល​ធ្វើឱ្យ​បាត់បង់​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណ:​បង្ក​ការកកស្ទះ​ចរាចរណ៍​ និង​សោភណ្ឌភាព​រាជធានី​ភ្នំពេញ​នេះ គឺ​សមត្ថកិច្ច​បាន​ស្ទូច និង​ដកហូត​រថយន្ត​ដាក់លក់​ (​គួកជេ​) ​ចំនួន ១៧ ​គ្រឿង រថយន្ត​សំចត​សម្រាប់​ជួល​ចំនួន​ ៥ ​គ្រឿង និង​រថយន្ត​ពលរដ្ឋ​ចំនួន ៥ ​គ្រឿង​។

លោក សុខ ពេញវុធ បាន​ថ្លែងថា​៖ «​ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​នូវ​វិធានការ​រដ្ឋបាល​នេះ កម្លាំងចម្រុះ​នឹង​ចុះ​អនុវត្ត​ការងារ​នេះ​ជា​បន្តទៀត​»​។

កន្លងមក រដ្ឋបាល​ខណ្ឌដូនពេញ​បាន​ចុះ​អនុវត្ត​ការរៀបចំ​សណ្តាប់ធ្នាប់ និង​របៀប​រៀបរយ​នៅលើ​ទ្រូងផ្លូវ និង​ចិញ្ចើមផ្លូវ​សាធារណៈ​បាន​ស្អាត​ជាប្រចាំ​។ ប៉ុន្តែ​ក្រោយពេល​បញ្ចប់​ការបិទខ្ទប់​រាជធានី​ភ្នំពេញ​មក រដ្ឋបាល​ខណ្ឌ​បាន​សង្កេតឃើញ​មាន​បងប្អូន​ពលរដ្ឋ​មួយចំនួន​តូច​បាន​យក​រថយន្ត​មក​ដាក់តាំង​លក់​នៅលើ​ទ្រូងផ្លូវ និង​ចិញ្ចើមផ្លូវ​សាធារណៈ ដែល​ធ្វើឱ្យ​បាត់បង់​សោភណភាព សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ និង​ធ្វើឱ្យ​កកស្ទះ​ចរាចរណ៍​យ៉ាងខ្លាំង​។

ដោយ​មើលឃើញ​ ដូច្នេះ​រដ្ឋបាល​ខណ្ឌដូនពេញ​កាលពី​ថ្ងៃទី ៨ ខែមិថុនា​បានចេញ​សេចក្តី​ជូនដំណឹង​មួយ​ដោយ​បាន​ដាក់ចេញ​ជាគោលការណ៍​មួយចំនួន​ក្នុងនោះ​ទី​ ១- ​មិន​អនុញ្ញាត​ឱ្យមាន​ការដាក់​តាំង​លក់ និង​ចត​រថយន្ត​គ្រប់​ប្រភេទ​នៅលើ​ទ្រូងផ្លូវ និង​ចិញ្ចើមផ្លូវ​សាធារណៈ​ជា​ដាច់ខាត​ចាប់ពី​ពេល​នេះ​តទៅ​។ ​ទី​ ២- ​រដ្ឋបាល​ខណ្ឌ​ដូនពេញ​ទុក​រយៈពេល​ ៣​ ថ្ងៃ​គិត​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​រហូតដល់​ថ្ងៃទី​ ១២ ខែមិថុនា​ឆ្នាំ​ ២០២១ ដើម្បីឱ្យ​ម្ចាស់​យក​រថយន្ត​ចេញពី​ទីតាំង​ខាងលើនេះ​ជា​កំហិត​ និង​ទី​ ៣- ​ក្នុង​ករណី​នៅតែ​មិន​អនុវត្ត​តាម​សេចក្តី​ជូនដំណឹង​ក៏ដូចជា​ការណែនាំ​នេះ​ទេ រដ្ឋបាល​ខណ្ឌដូនពេញ​នឹង​ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល ហើយ​រាល់​ការខូចខាត​បាត់បង់​ទ្រព្យ​សម្បត្តិ​របស់​លោក-លោកស្រី​គឺ​មិន​ទទួលខុសត្រូវ​ឡើយ​៕