វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ស៊ីណូហ្វាម​ចំនួន​ ១ ​លានដូស​បន្ថែមទៀត​ត្រូវបាន​ដឹក​មកដល់​ប្រទេស​កម្ពុជា​ហើយ​នៅ​រសៀល​ថ្ងៃទី​ ១២ ខែ មិថុនា​នេះ ដែល​នេះ​ជា​វ៉ាក់សាំង​លើក​ទី​ ៧ ​ហើយ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន ទាំង​វ៉ាក់សាំង​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ទិញ​ និង​ការផ្តល់​ជា​ជំនួយ​សប្បុរស​ពី​មិត្ត​ចិន​។

នៅក្នុង​ខែមិថុនា​នេះ វ៉ាក់សាំង​ប្រមាណ ៤,៥ ​លាន​ដូស​នឹង​ដឹក​មកដល់​ប្រទេស​កម្ពុជា ដែល​ជា​ការជួយ​ឱ្យ​កម្ពុជា​មាន​វ៉ាក់សាំង​គ្រប់គ្រាន់​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​។ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន មាន​គោលដៅ​ចាក់​វ៉ាក់សាំង​ការពារ​វីរុស​កូវីដ ១៩ ​ទៅដល់​ប្រជាពលរដ្ឋ​កម្ពុជា​ឱ្យ​បាន​យ៉ាងហោចណាស់​ ៥ ​ទៅ​ ៦ ​លាន​នាក់​មុន​បំណាច់​ឆ្នាំ​ ២០២១ ​នេះ​។

ប្រទេស​កម្ពុជា គិត​មកដល់​ថ្ងៃទី​ ១២ ខែមិថុនា​នេះ ទទួលបាន​វ៉ាក់សាំង​បង្ការ​វីរុស​កូវីដ​ ១៩ ​សរុប​ជាង​ ៨ ​លាន​ដូស​ហើយ សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ ដែល​ភាគច្រើន​ជា​វ៉ាក់សាំង​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

លោក ហ៊ុន សែន បាន​លើកឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​ចាក់​វ៉ាក់សាំង​នេះ​ឱ្យបាន​លឿន តាម​ដែល​អាចធ្វើ​ទៅបាន​ជូន​ដល់​ប្រជាពលរដ្ឋ​របស់ខ្លួន​។ ទន្ទឹមនឹងនេះ​រាជរដ្ឋាភិបាល​ស្វះ​ស្វែងរក​វ៉ាក់សាំង ហើយ​បាន​នាំមក​ដល់​នូវ​វ៉ាក់សាំង​ជា​បន្តបន្ទាប់​ សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​របស់ខ្លួន​។

យោងតាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​បានឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​ ១១ ខែមិថុនា កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​បាន​ចំនួន​ជាង​ ២,៨ ​លាន​នាក់​ហើយ ឬ​ស្មើនឹង​ ២៨,៣៦%៕