សៀមរាបៈ រដ្ឋបាល​ខេត្តសៀមរាប​បានសម្រេច​ឱ្យ​បើក​ដំណើរការ​ផ្សារ​ក្រឡាញ់​ ដែល​ស្ថិតនៅ​ក្នុងភូមិ​កំពង់ថ្កូវ​ ២ ឃុំ​កំពង់ថ្កូវ ស្រុក​ក្រឡាញ់​ ខេត្ត​សៀមរាប​ឡើងវិញ ក្រោយពី​បិទ​អស់​ពេល​ ២​ សប្ដាហ៍​កន្លងមក ដើម្បី​ទប់ស្កាត់​ការឆ្លង​រីករាលដាល​ជំងឺ​កូវីដ​ ១៩​។

យោងតាម​សេចក្ដី​សម្រេច​ដែល​ចុះហត្ថលេខា​ដោយ​លោក ទៀ សីហា ជា​អភិបាល​ខេត្ត​សៀមរាប​នៅ​ថ្ងៃទី​ ១២ ខែមិថុនា​នេះ បានបញ្ជាក់​ថាៈ ​«​ត្រូវ​បើក​ដំណើរការ​ចេញ-ចូល​ជាធម្មតា​ឡើងវិញ​នូវ​ផ្សារ​ក្រឡាញ់ ស្ថិតនៅ​ភូមិ​កំពង់ថ្កូវ​ ២ ឃុំ​កំពង់ថ្កូវ ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប ដែលជា​ទីតាំង​មាន​ជាប់​ពាក់ព័ន្ធ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ក្នុង​ព្រឹត្តិការណ៍​ ២០ ​កុម្ភៈ​កន្លងទៅ​ចាប់ពី​ថ្ងៃ​ចេញ​សេចក្ដី​សម្រេច​នេះ​»​។

គួរ​បញ្ជាក់​ដែរថា​ផ្សារ​ក្រឡាញ់​នេះ​ត្រូវបាន​អាជ្ញាធរខេត្ត​សៀមរាប​សម្រេច​បិទ​ដំណើរការ​ជា​បណ្ដោះអាសន្ន​ក្នុង​រយៈពេល​ ២ ​សប្ដាហ៍​គិត​ចាប់ពី​ថ្ងៃ​ទៅ​ ៣០ ​ខែឧសភា​ដល់​ថ្ងៃទី​ ១២ មិថុនា​ ដោយសារ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឆ្លង​ជំងឺ​កូវីដ​ ១៩​។ ​ការបិទ​ផ្សារ​ក្រឡាញ់​នាពេលនោះ​ក្នុង​បំណង​ធានា​ដល់​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​នៅក្នុង​ភូមិសាស្ត្រ​ដែល​ត្រូវ​បិទ​ និង​ជាការទប់ស្កាត់​មិនឱ្យ​ឆ្លង​រាលដាល​ទៅ​តំបន់​ផ្សេងទៀត​។

យ៉ាងណាក្ដី នៅក្នុង​សេចក្ដី​សម្រេច​ឱ្យ​បើក​ឡើងវិញ​នា​ថ្ងៃនេះ រដ្ឋបាល​ខេត្តសៀមរាប​បាន​​និរាករណ៍​សេចក្ដី​សម្រេច​ចុះ​ថ្ងៃទី​ ៣០ ឧសភា ទៅតាម​ការកំណត់​ និង​យោងតាម​ការចាំបាច់​របស់​រដ្ឋបាលខេត្ត​។

ជាមួយ​នេះ​រដ្ឋបាលខេត្ត​ក៏បាន​តម្រូវឱ្យ​នាយក​រដ្ឋបាល​សាលាខេត្ត ស្នងការ​នគរបាល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត និង​ស្រុក​ក៏ដូចជា​ផ្នែក​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ចូលរួម​អនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​ផងដែរ​៕