
រដ្ឋបាលខេត្តស្វាយរៀងសម្រេចផ្អាកផ្តល់សេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែកស្វាយទាប និងមណ្ឌលសុខភាព កណ្តៀងរាយ ស្ថិតនៅភូមិប្រសូតិទី ១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង រយៈពេល ១៤ ថ្ងៃចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២១។
ស្វាយរៀងៈ រដ្ឋបាលខេត្តស្វាយរៀងសម្រេចផ្អាកផ្តល់សេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែកស្វាយទាប និងមណ្ឌលសុខភាព កណ្តៀងរាយ ស្ថិតនៅភូមិប្រសូតិទី ១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង រយៈពេល ១៤ ថ្ងៃចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២១។
យោងតាមសេចក្តីសម្រេចលេខ ០៥៦/២១ សសរ ដែលចុះហត្ថលេខាដោយ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង នៅថ្ងៃទី ១២ ខែមិថុនា ឆ្នាំ ២០២១ នេះឱ្យដឹងថា ការផ្អាកការផ្តល់សេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែកស្វាយទាប និងមណ្ឌលសុខភាពកណ្តៀងរាយនេះ ដោយសារជាទីតាំងមានអ្នកវិជ្ជមានកូវីដ ១៩ និងមានអ្នកប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាច្រើននាក់ទៀត ពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១។
រដ្ឋបាលខេត្តស្វាយរៀងបានតម្រូវមន្ត្រីរាជការ-បុគ្គលិកនៃមន្ទីរពេទ្យបង្អែកស្វាយទាប និងមណ្ឌលសុខភាពកណ្តៀងរាយ ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ត្រូវផ្តល់វត្ថុវិភាគសំណាកដល់មន្ត្រីសុខាភិបាលទៅវិភាគរកមេរោគកូវីដ ១៩ និងត្រូវចូលរួមជាមួយអាជ្ញាធរនឹងក្រុមការងារស្រាវជ្រាវតាមដានបុគ្គលសង្ស័យមានជំងឺកូវីដ ១៩ ខេត្តក្នុងការផ្តល់ព័ត៌មាន ដើម្បីស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់ផ្សេងៗទៀត ដើម្បីយកវត្ថុវិភាគសំណាក។
បើតាមរដ្ឋបាលខេត្តស្វាយរៀង មន្ត្រីរាជការ-បុគ្គលិកនៃមន្ទីរពេទ្យបង្អែកស្វាយទាប និងមណ្ឌលសុខភាពកណ្តៀងរាយ ព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ខាងលើ ត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវសហការទៅធ្វើតេស្តរកមេរោគកូវីដ ១៩។ ក្នុងអំឡុងពេលនៃការអនុវត្តវិធានការផ្អាកនេះត្រូវបានហាមឃាត់រាល់ការជួបជុំ ឬ ការប្រមូលផ្តុំមនុស្ស លើកលែងតែក្នុងករណីចាំបាច់មួយចំនួន។
ក្នុងអំឡុងពេលនៃការផ្អាកនេះ រដ្ឋបាលខេត្តស្វាយរៀងបានអំពាវនាវដល់ប្អូនប្រជាពលរដ្ឋ និងសាធារណជនដែលមានបញ្ហាសុខភាព សូមមេត្តាទៅទទួលសេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែកជីភូ ឬនៅមូលដ្ឋានសុខាភិបាលផ្សេងៗទៀត ដែលនៅក្បែរលំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋ។
រដ្ឋបាលខេត្តស្វាយរៀងបញ្ជាក់ទៀតថា រូបវន្តបុគ្គល ឬនីតិបុគ្គលទាំងឡាយណា ដែលមិនអនុវត្តតាមខ្លឹមសារនេះនឹងត្រូវទទួលទោសដូចមានកំណត់ក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូន ១៩ និងជំងឺឆ្លងកាចសាហាវ ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងៗទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន៕