ភ្នំពេញៈ ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន ​ពិភាក្សា ​ពិនិត្យ​កែសម្រួល​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ការ​គ្រប់គ្រង​លើការ​ប្រើ​ប្រាស់​ដី​ចំណី​ផ្លូវ​នៅ​តាម​បណ្តាញ​ផ្លូវ​ថ្នល់ ​និង​ផ្លូវ​រថភ្លើង ​ដោយ​បង្កើត​គណៈកម្មការ​អន្តរក្រសួង ​ដើម្បី​ដាក់​ស្នើ​ទៅ​ថ្នាក់​ដឹកនាំ​ ពិនិត្យ​សម្រេច ​និង​ពន្លឿន​ការរៀបចំ​សេចក្តីព្រាង​អនុក្រឹត្យ​នេះ​ឱ្យបាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

កាល​ពី​ថ្ងៃទី១១ ​មិថុនា ​នៅ​ទីស្តីការ​ក្រសួង ​លោក​លឹម ស៊ីដេនីន ​រដ្ឋលេខាធិការ​ក្រសួង​សាធារណការ ​និង​ដឹក​ជញ្ជូន​ បាន​ដឹកនាំ​កិច្ចប្រជុំ​ដើម្បី​ពិនិត្យ​មើល​វឌ្ឍនភាព​នៃ​ការកែ​សម្រួល​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង​លើ​ការប្រើ​ប្រាស់​ ដី​ចំណី​ផ្លូវ​នៅ​តាម​បណ្តាញ​ផ្លូវ​ថ្នល់ ​និង​ផ្លូវ​រថភ្លើង ​ដោយ​មានការ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ​ក្រសួង ​មន្ត្រី​ជំនាញ​បច្ចេក​ទេស​ ចូលរួម​តាមរយៈ​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ។

ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​សាធារណការ ​និង​ដឹកជញ្ចូន ​ឲ្យដឹង​ថា ​កិច្ច​ប្រជុំនេះ​ បានពិភាក្សា​អំពី​វឌ្ឍនភាព​នៃ​ការកែ​សម្រួល​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង​លើ​ការប្រើប្រាស់​ដី​ចំណី​ផ្លូវ​នៅតាម​បណ្តាញ​ផ្លូវ​ថ្នល់​និង​ផ្លូវ​រថភ្លើង ​ដោយ​ការរៀបចំ​សមាសភាព​គណៈកម្មការ​អន្តរក្រសួង ​ដើម្បី​ដាក់ស្នើ​ទៅ​ថ្នាក់​ដឹកនាំ​ពិនិត្យ​សម្រេច​ការរៀបចំ​សេចក្តី​ព្រាង​អនុ​ក្រឹត្យ​នេះ​ឱ្យ​បាន​ឆាប់។

ក្រសួង​បញ្ជាក់ថា​៖«អនុក្រឹត្យ​នេះ​មាន​គោលបំណង​ធ្វើឱ្យ​ប្រសើរ​ឡើង ​ដល់​ការគ្រប់គ្រង​លើ​ការប្រើប្រាស់​ដី​ចំណី​ផ្លូវ​ នៅ​តាម​បណ្ដាញ​ផ្លូវ​ល្បឿន​លឿន​ ផ្លូវ​ជាតិ​ ផ្លូវ​ខេត្ត ​ផ្លូវ​ជនបទ ​និង​ផ្លូវ​រថភ្លើង ​ប្រកប​ដោយ​សុវត្ថិភាព ​ប្រសិទ្ធភាព​សម្រាប់​បម្រើ​ឱ្យ​ការអភិវឌ្ឍ​វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ​រូបវន្ត​ សំដៅ​ធានា​នូវ​និរន្តរភាព ​និង​ជីវភាព​របស់​ប្រជាពលរដ្ឋ ​ស្របតាម​ការ​អភិវឌ្ឍ ​និង​ការរីក​ចម្រើន​របស់​ព្រះរាជា​ណាចក្រ​កម្ពុជា»។

ថ្លែង​ទៅកាន់​អង្គប្រជុំ​នា​ឱកាស​នោះ ​លោក​លឹម ស៊ីដេនីន ​បានជំរុញ​លើក​ទឹកចិត្ត​ឱ្យ​អង្គប្រជុំ​ពិនិត្យ ​ពិភាក្សា​ឱ្យ​បាន​ផុលផុស​និង​ផ្តល់​ធាតុ​ចូល​ឱ្យបាន​ល្អិតល្អន់ ​ដើម្បី​ជំរុញ​ឱ្យ​ការរៀបចំ​សេចក្ដី​ព្រាង​អនុក្រឹត្យ​នេះ​មាន​លក្ខណៈ​គ្រប់​ជ្រុង​ជ្រោយ​និង​អាច​បញ្ចប់​តាម​ការគ្រោង​ទុក៕