
បុរសសង្ស័យនិងភរិយាកាលនៅរស់និងខាងស្ដាំរូបជនសង្ស័យគ្រោយចាប់ខ្លួនបាន ។ រូបថត ប៉ូលិស
ភ្នំពេញៈ នគរបាលខណ្ឌសែនសុខកំពុងកសាងសំណុំរឿងបុរសឈ្មោះ សៀន ហួរ ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីសហការតាមចាប់ខ្លួនបាននៅខេត្តបាត់ដំបងពាក់ព័ន្ធករណីកាប់និងវាយសម្លាប់ប្រពន្ធ ប្រព្រឹត្តនៅផ្ទះលេខ៥៤ ផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ រួចយកសពទៅផ្លុងចោលក្នុងទន្លេនៅខេត្តត្បូងឃ្មុំ ហើយរត់គេចខ្លួន។
លោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី១៣ ខែមិថុនានេះថា មន្ត្រីរបស់លោក បានសួរនាំជនជនសង្ស័យរូបនេះរួចហើយដោយពេលនេះកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីច្បាប់។
លោកបានឱ្យដឹងថា តាមចម្លើយរបស់ជនសង្ស័យឈ្មោះ សៀន ហួរ អាយុ៥៩ឆ្នាំនេះ ប្រាប់សមត្ថកិច្ច ថា រូបលោកមានជម្លោះក្នុងគ្រួសារទើបឈានដល់ការសម្លាប់ប្រពន្ធ កាលពីថ្ងៃទី៩ ខែមិថុនា រួចយកសពទៅផ្លុងចោលក្នុងទន្លេនៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ហើយរត់គេចខ្លួនដល់ស្រុកសំឡូត ខេត្តបាត់ដំបង ទើបត្រូវនគរបាលស្រាវជ្រាវចាប់ខ្លួនបាននៅព្រឹកថ្ងៃទី១២ ខែមិថុនា ។
លោក ហួរ ម៉េងវ៉ាង បានបញ្ជាក់ថា៖ «យើងទើបចាប់កាលពីម្សិលមិញនេះ អ៊ីចឹងទេ យើងកសាងសំណុំរឿងយ៉ាងម៉េចទាន់ តាមច្បាប់ គឺ៤៨ម៉ោង។ បើកសាងថ្ងៃនេះអត់ទាន់ យើងបញ្ជូនគាត់ទៅតុលាការនៅថ្ងៃស្អែក។តាមចម្លើយគាត់គឺគាត់ឈ្លោះទាស់ទែងគ្នាក្នុងគ្រួសារ ទើបឈានដល់ការសម្លាប់ គាត់ឆ្លើយមកអ៊ីចឹង »។
បើតាម លោក ហួរ ម៉េងវ៉ាង ជនសង្ស័យរូបនេះត្រូវបានលោកបញ្ជូនទៅផ្ញើនៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ រង់ចាំកសាងសំណុំរឿងចប់នឹងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីបន្ត ។
លោក ខេង ម៉េងឈាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃកាលពីម្សិលមិញបានឲ្យដឹងថា ជនសង្ស័យបានយកកាំបិតកាប់និងយកកៅអីវាយសម្លាប់ជនរងគ្រោះជាប្រពន្ធ ឈ្មោះ គង់ វុទ្ធី ហៅលី អាយុ៥៧ឆ្នាំ នៅផ្ទះលេខ៥៤ ផ្លូវ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែមិថុនា ហើយបានកាច់ដៃកាច់ជើងសពច្រកចូលវ៉ាលិសរួចយកទៅផ្លុងចោលក្នុងទន្លេនៅខេត្តត្បូងឃ្មុំ ហើយរត់គេចដល់ស្រុកសំឡូត ខេត្តបាត់ដំបង ។
បើតាម ម៉េងឈាង សពស្ត្រីរងគ្រោះត្រូវបានពលរដ្ឋប្រទះឃើញអណ្ដែតទឹកទាំងនៅក្នុងវ៉ាលិស ចម្ងាយពី២០០ម៉ែខាងក្រោយវិហារអ៊ិស្លាមមួយ នៅភូមិព្រែកតូច ឃុំជីរោទ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
លោកបានប្រាប់ថា បន្ទាប់ពីទទួលបានព័ត៌មាននេះសមត្ថកិច្ចជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខនិងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងស្រាវជ្រាវចាប់ខ្លួនបាននៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ នៅត្រង់ចំណុចផ្ទះសំណាក់នីឡា ភូមិជីប៉ាង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង រួចបានបញ្ជូនមកភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់៕