ភ្នំពេញៈ ក្រសួង​ប្រៃ​សណីយ៍​ និងទូរគ​ម​នាគមន៍​ និង​​ក្រសួង​សុខាភិបាល​ បាន​ច្រាន​ចោលនិង​ថ្កោល​ទោស​ចំពោះ​​​ការ​​ចុះ​ផ្សាយ​របស់​សារ​ព័ត៌មាន Asia Times ដែលមាន​មូលដ្ឋាន​នៅ​ទី​ក្រុង​ហុងកុង ដែល​បាន​​ចេញ​ផ្សាយ​អត្ថបទ​ថា​​ ប្រទេស​ចិន គាប​សង្កត់​កម្ពុជា ​ដើម្បី​ទទួល​បាន​ទិន្នន័យ​ឯក​ជន​ប្រជា​ពលរដ្ឋ​ក្នុង​ការ​​ទប់​ស្កាត់​ជំងឺ​​កូវីដ១៩។

យោង​តាម​សេចក្តី​បំភ្លឺ​របស់​ក្រសួង​ប្រៃសណីយ៍​ ចុះ​ថ្ងៃទី​១២ ខែ​មិថុនា​ បាន​ឱ្យ​ដឹងថា៖ «​ក្រសួង​ប្រៃ​សណី​យ៍ និងទូរគមនា​គមន៍ និង​ក្រសួង​សុខា​ភិបាល​ សូម​ច្រាន​ចោល​ទាំង​ស្រុង​ នូវការ​ប្រឌិត​និង​បំផ្លើស​ព័ត៌មាន​មិន​ពិតនេះ​ ដែល​បំពុល​សង្គម​និង​មតិសា​ធារណៈ ព្រម​ទាំង​ញុះញង់​ ក្នុង​គោល​បំណង​រារាំង​ការ​ចូលរួ​ម​របស់​ប្រជាព​លរដ្ឋ​ ក្នុង​ការ​អនុវត្តវិធាន​ការ ​របស់រាជ​រដ្ឋាភិបាល ​ក្នុងការ​ទប់ស្កាត់​ការ​ឆ្លងរាល​ដាល​នៃជំងឺ​កូវីដ១៩ នៅ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា​»។

កាល​ពី​ថ្ងៃទី​១០ ខែ​មិថុនា Asia Times បាន​ចុះ​ផ្សាយ​អត្ថបទ​ដោយ​ដាក់​ចំណង​ជើង​ថា«ចិន​គាប​សង្កត់​កម្ពុជា​ ដើម្បី​ទទួល​បាន​ទិន្នន័យ​ ក្នុង​ប្រព័ន្ធ​ទប់​ស្កាត់​កូវីដ» និង​បាន​លើក​ឡើង​ថា ប្រទេស​ចិន​ ស្វះ​ស្វែង​​ស្នើសុំ​ទិន្នន័យ​​ អំពី​ការ​ស្រាវជ្រាវ​រក​អ្នក​ពាក់ព័ន្ធ​ជំងឺ​កូវីដ១៩​(Contact tracing) របស់​ប្រទេស​កម្ពុជា​​ក្នុង​ហេតុ​ផល​ទំនងជា​​ធ្វើចារ​កម្ម​ ជាជាង​ការ​គ្រប់​គ្រង​ជំងឺ។

ក្រោយ​ព្រឹត្តិ​ការណ៍​សហគមន៍ ​២០ កុម្ភៈ រដ្ឋា​ភិបាល​បាន​ដាក់​​ឱ្យ​ដំណើរការ​ប្រព័ន្ធ QRCode «ទប់ស្កាត់​កូវីដ Stop Covid» ក្នុង​គោល​បំណង​ទប់​ស្កាត់​​ការរីក​រាល​ដាល​ជំងឺ​កូវីដ​១៩ នៅ​កម្ពុជា។

Asia Times បាន​រាយ​ការណ៍​ថា នៅ​ក្នុង​របាយ​ការណ៍ ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស ​របស់​សហរដ្ឋ​អា​មេរិក (HRW)​កាល​ពីថ្ងៃ​ទី ៦ ខែ​មេសា បាន​និយាយ​ថា ប្រព័ន្ធ​នេះ ​ធ្វើ​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ធ្ងន់​ធ្ង​រអំពី​ភាព​ឯក​ជន​​ ការ​ច្រៀត​ជ្រែក​ចូល​ទិន្ន​ន័យ​ហួស​ហេតុ និង​ការ​​តាម​ដាន​ប្រជាពលរដ្ឋ​ហើយ​​វា​នឹង​ធ្វើ​ឱ្យ​អ្នក​រិះគន់​រដ្ឋាភិបាល ​និង​សកម្មជន​មាន​ហានិ​ភ័យ​កាន់​តែ​ខ្លាំង។

Asia Timesបាន​ចុះ​ផ្សាយថា៖ «យោង​តាម​​ប្រភព​​ព័ត៌មាន ដែល​ផ្តល់​ជូន​​​តាម​ការ​ស្នើសុំ​បាន​ឱ្យ​ដឹង​ថា​ភ្លាម​ៗ​បន្ទាប់​ពី​ការប្រកាស​ដាក់​ឱ្យ​ដំណើរ​ការ​​ជាផ្លូវ​ការ នូវ​​ប្រព័ន្ធ​នេះលោក ​WangWentian ឯកអគ្គរដ្ឋ​ទូត​ចិន ​ប្រចាំ​ទីក្រុងភ្នំពេញ​ បាន​ជួបជា​មួយ​មន្រ្តី​កម្ពុជា​ និងស្នើសុំ​​ទិន្នន័យ​ឯក​ជន ​ប្រជាពលរដ្ឋ​​ដែល​ប្រមូល​បានតាម​រយៈ​ប្រព័ន្ធ​ថ្មីនេះ​»។

សេចក្តី​បំភ្លឺ​បញ្ជាក់​ថា៖ «ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនា​គមន៍ និង​ក្រសួង​សុខា​ភិបាល​សូម​បដិសេធ​ថា​រហូត​មក​ដល់​ពេល​នេះ​ ក្រសួង​ទាំង​ពីរ ​មិន​ធ្លាប់​ជួបឬ​ទទួល​សំណើ សុំ​យក​ទិន្នន័យ​ក្នុង​ប្រព័ន្ធ​ QR Code ពី​សំណាក់ឯក​ឧត្តម​ឯក​អគ្គរ​ដ្ឋ​ទូត​ចិននោះ​ទេ។ នេះគឺ​ជាកា​រ​មួល​បង្កា​​ច់ ប្រឌិត​រឿង​ និ​ង​បំផ្លើស​ការ​ពិត​ទាំង​ស្រុង»។

សេច​ក្តី​បំភ្លឺ​បន្ថែម​ថា៖ «ក្រសួង​ប្រៃ​សណី​យ៍​និង​ទូរគមនា​គមន៍ និង​ក្រសួង​សុខា​ភិបាល​ប្រកា​ស​ច្រាន​ចោល​​ទាំងស្រុង​នូវ​ព័ត៌មាន​ប្រឌិត​នេះ​ និង​សូម​ថ្កោល​ទោស​ដល់​ជន​មួយ​ចំនួន​ដែល​ប្រឌិត​ព័ត៌​មាន​មិនពិត​»។

សេចក្តី​បំភ្លឺ​បន្តថា​ ការ​ផ្សព្វផ្សាយ​អត្ថប​ទនេះ​ មាន​គោល​បំណង​ប្រែក្លាយ​ការ​ខិត​ខំ​ប្រឹង​ប្រែ​ង ប្រយុទ្ធ​ប្រឆាំង​នឹង​ការរីក​រាល​ដាល ​នៃជំ​​ងឺ​កូវី​ដ១​៩ ​របស់​រាជ​រដ្ឋាភិបាល​ឱ្យ​ទៅជា​បញ្ហា​នយោបាយ​ ដើម្បី​តែផ​ល​ប្រយោ​ជន៍​​របស់​ក្រុម​ខ្លួន​ ដោយ​ពុំគិត​អំពី​អាយុ​ជីវិ​ត​និង​ស្ថាន​ភាពនៃកា​ររាត​ត្បាត​ជំងឺ​កូវីដ​១៩​ មក​លើប្រជា​ពលរដ្ឋ​កម្ពុជា ​និង​ពលរដ្ឋ​បរទេស​ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

សេច​ក្តី​បំភ្លឺ​ដដែល​បញ្ជាក់​ថា​ ប្រព័ន្ធ​ QRCode «ទប់​ស្កាត់​កូវីដ Stop Covid»នេះ មិន​មែន​ត្រូវ​បាន​ប្រើប្រាស់​តែនៅ​កម្ពុជា​នោះទេ​ គឺមាន​ប្រើ​ប្រាស់​នៅ​ក្នុង​ប្រទេស​ជាច្រើន​ ក្នុង​តំបន់​និង​ពិភព​លោក​ក្នុង​ពេល​ជំងឺ​នេះកំពុ​ងរី​ករាល​ដាល។

ប្រព័ន្ធ​ QR Code នេះ​កត់ត្រាលេ​ខទូរស័ព្ទ​តែ​មួយ​គត់ ដោយ​មិន​ប្រមូល​ទិន្នន័យ​ឯក​ជន​ផ្ទាល់​ខ្លួន​ឬ​គន្លង​ធ្វើ​ដំណើរ​របស់​អ្នក​ប្រើប្រាស់​នោះ​ទេ។

ការ​ដាក់​ឱ្យប្រើប្រាស់​ប្រព័ន្ធ​ QR Code នេះ​ មាន​គោល​បំណង​ការ​ពារ​សុខ​ភាព ​ប្រជា​ពលរដ្ឋ​ នៅ​ពេល​មាន​ជំងឺ​រីក​រា​ល​ដាល​ជាសកល​ ដូច​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​កម្ពុ​ជា​ និង​កតិ​កាសញ្ញា​អន្តរ​ជា​តិ ស្តី​ពីសិទ្ធិ​សេ​ដ្ឋ​កិច្ច​សង្គមកិច្ច​និង​វប្បធ​ម៌ (ICESCR) ព្រម​ទាំង​ច្បាប់​និង​លិខិត​បទដ្ឋា​ន​គតិយុត្ត​ជាធរ​មាន។

បើ​យោង​តាម​សេច​ក្តី​បំភ្លឺនេះ​ ក្រសួង​ប្រៃស​ណីយ៍ ​មាន​សមត្ថ​ភាព​គ្រប់​គ្រាន់​ក្នុង​ការ​អភិវឌ្ឍ​និង​គ្រប់​គ្រង​ប្រព័ន្ធ​ QR Code នេះ ដោយ​ខ្លួន​ឯង​ ស្រប​តាម​ស្តង់ដារ​បច្ចេក​ទេស​អន្តរ​ជាតិ។ ជាក់​ស្តែង​ក្រសួង​ស្ថាប័ន​រដ្ឋ​ស្ថាន​ទូត ​ក្រុម​ហ៊ុន​អង្គការ​ជាតិ​ និង​អន្តរ​ជាតិ​ និង​ម្ចាស់​ទីតាំង​នានា​ បាន​លើក​ទឹក​ចិត្ត ដ​ល់ប្រ​ជាពលរដ្ឋ​និង​បុគ្គលិក​របស់​ខ្លួន ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​នេះ ​ដើម្បី​ចូល​រួម​ជាមួយ​​រាជ​រដ្ឋាភិបាល​ ក្នុង​ការ​ការ​ពារ​សុវត្ថិភាព​ផ្ទាល់​ខ្លួន ​សុខុ​មាល​ភាព​សាធា​រណៈ ​និងទប់​ស្កាត់​ការរីក​រាល​ដាលនៃ​ជំងឺ​កូវី​ដ១៩។

មន្ត្រី​​ក្រសួង​ប្រៃស​ណីយ៍ និង​ទូរគមនា​គមន៍ម្នាក់​ ​​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​១៣ ខែ​មិថុនាថា ការ​ចុះ​ផ្សាយ​​​ព័ត៌មាន​នេះ គឺជា​កា​ប្រឌិត​ឡើង​ ក្នុង​ចេតនា​ជាលក្ខណៈ​នយោ​បាយ​ជា​ជាង​ជួយ​ជំរុញ​ឱ្យ​ប្រព័ន្ធ​ QR Code នេះ​ប្រសើរ​ឡើង។

លោក​ថ្លែង​ថា៖«វាជាការ​សោក​ស្តាយ​ណាស់​ ដែល​កាសែត​អន្តរជាតិ​មួយ​ គាត់​រៀបចំ​ធ្វើ​បែប​នេះ។ ​យើង​រៀបចំ​ឱ្យ​មាន​ប្រព័ន្ធ​នេះ​ គឺ​ដើម្បី​ធ្វើយ៉ាង​ណា​ ឱ្យ​ការ​ឆ្លង​ហ្នឹង​វា​កាត់​បន្ថយ​ ព្រោះ​អី​​កាល​ណា​យើង​មាន​​ពាក់ព័ន្ធ​ជាមួយ​នឹង​អ្នក​ដែលគាត់​អាច​​មាន​ហានិភ័យ​អ៊ីចឹង គឺ​អ្នក​ដែល​ចូល​ទី​តាំង​ហ្នឹង​នៅ​ក្នុង​ពេល​វេលា​ជាមួយ​គ្នា​ហ្នឹង​ គឺ​គាត់​អាច​ត្រូវ​បានជូន​ដំណឹង​។ អ៊ីចឹង​ឱ្យ​គាត់​ការ​ពារខ្លួន​អី ។ល។ និង។ល។»។

លោក បន្តថា ប្រព័ន្ធនេះ​​ គឺ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូវីដ១៩ មិន​ឱ្យ​រីក​​រាល​ដាល​​បន្ថែម​ទៀត ហើយ​សំខាន់​បំផុត​ ការ​ពា​រអាយុ​ជីវិត និង​សុខុមាល​ភាព​របស់​ប្រជា​ពល​រដ្ឋ​។

លោក​​ថ្លែងថា៖«យើង​ព្យា​យាម​ធ្វើការងារ​​នេះ​ ដើម្បី​ជួយ​ដល់​ប្រទេស​ជាតិ​យើង​ ជួយ​ដល់​សង្គមជាតិ​ហើយ​សំខាន់​នោះ ​គឺ​យើង​ទប់ស្កាត់​ការ​ឆ្លង​​ ហើយ​បែរ​ជា​គាត់​យក​ការងារ​នេះ​ ធ្វើ​ជា​បំភ្លៃ​ការ​ពិត​។ យើង​ពិត​ជា​សោក​ស្តាយ ហើយ​ថ្កោល​ទោស​ចំពោះ​បុគ្គល​ដែល​គាត់​ប្រឌិត​រឿង​នេះ​ឡើង​ឱ្យ​ទៅ​ជា​បញ្ហា​ទៅវិញ»៕