ភ្នំពេញៈ ក្រសួង​យុត្តិធម៌ ​គ្រោង​បញ្ចប់​សេចក្តី​ព្រាង​ប្រកាស ​ស្តីពី ​បែបបទ​នៃ​ការដោះលែង​ទណ្ឌិត ​ដោយ​មាន​លក្ខខណ្ឌ​ ឆាប់ៗ​ខាងមុខ​នេះ ​ដើម្បី​សម្រួល​ដល់​ភាព​ណែនចង្អៀត​ក្នុង​ពន្ធនាគារ​ ខណៈ​វីរុស​កូវីដ១៩ ​កំពុង​រីករាល​ដាល​ទៅ​ក្នុង​មណ្ឌល​កែប្រែ​នេះ។

គម្រោង​បញ្ចប់​សេចក្តី​ព្រាង​ប្រកាស​នេះ ​បន្ទាប់ពី​រដ្ឋលេខាធិការ​ នៃ​ក្រសួង​យុត្តិធម៌ ​លោក ​គឹម សន្តិភាព ​កាល​ពី​ថ្ងៃទី​១០ ​មិថុនា ​បានដឹកនាំ​កិច្ចប្រជុំ ​ដើម្បី​ពិនិត្យ​លើ​សេចក្តី​ព្រាង​ប្រកាស ​ស្តីពី​បែបបទ​នៃ​ការឃ្លាំមើល​តាម​ដាន​ការត្រួត​ពិនិត្យ ​និង​ការបញ្ចូល​ទៅក្នុង​សង្គម​វិញ​ នៃ​ទណ្ឌិត​ដែល​ដោះលែង​ដោយ​មាន​លក្ខខណ្ឌ ​ដោយ​មានការ​ចូល​រួម​ពី​មន្រ្តី​ជំនាញ​ពាក់ព័ន្ធ​នៃ​ក្រសួង​យុត្តិធម៌​ផង​ដែរ។

លោក ​គឹម សន្តិភាព ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី១៣ ​ខែមិថុនា ​ថា ​សេចក្តី​ព្រាង​ប្រកាស​នេះ ​ធ្វើឡើង​ដោយ​អនុវត្ត​តាម​ស្មារតី​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​កម្ពុជា ​ដែលបាន​អនុញ្ញាត​ឱ្យមាន​ការដោះលែង​ទណ្ឌិត​ដោយ​មាន​លក្ខខណ្ឌ​កំណត់ ​ដែល​ទទួលរង​ទោស​ក្នុង​ពន្ធនាការ ​និង​មាន​ការកែប្រែ​ខ្លួន​ត្រឹម​ត្រូវ។

លោក​ថ្លែងថា​៖«អ៊ីចឹង​ដើម្បី​អនុវត្ត​តាម​ស្មារតី​នៃ​ក្រមនេះ ​តម្រូវឱ្យ​ខាង​ក្រសួង​យុត្តិធម៌​រៀបចំ​នូវ​ប្រកាស​មួយ​ស្តីពី​ការត្រួត​ពិនិត្យ​បញ្ចូល​ទណ្ឌិត​ទៅក្នុង​សហគមន៍​វិញ។ យើង​ផ្តល់​ការដោះលែង​ដោយ​មាន​លក្ខខណ្ឌ ​អ៊ីចឹង​សេច​ក្តី​ព្រាង​នេះ​ស្ថិត​នៅក្នុង​ការពិនិត្យ​នៅ​ឡើយ​ទេ ​មិនទាន់​បាន​រៀបចំ​ជាចុង​ក្រោយ​នៅឡើយ​ទេ» ។

ទោះ​យ៉ាងណា ​លោក​បញ្ជាក់ថា​៖«សេចក្តី​ព្រាង​ប្រកាស ​នឹង​ចេញ​ឆាប់ៗ​នេះ​ហើយ ​ព្រោះ​គណៈកម្មការ​ដោះ​លែង​(ទណ្ឌិត)​ដោយ​មាន​លក្ខខណ្ឌ ​ក៏ចេញ​ជារូបរាង​ឆាប់ៗ​ខាង​មុខ​នេះ» ។

បើ​តាម​លោក​គឹម សនិ្តភាព ​សេចក្តី​ព្រាង​ប្រកាស​ដោះលែង​ទណ្ឌិត​ដោយ​មាន​លក្ខខណ្ឌ​នេះ ​បាន​ផ្តោត​សំខាន់​ទៅ​លើ​រយៈពេល​នៃ​ការអនុវត្ត​ទោស ​និង​ការកែប្រែ​ខ្លួន​ត្រឹម​ត្រូវ។ ​ស្មារតី​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ គឺ​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​ទោស ​រយៈពេល​នៃ​ការអនុវត្ត​ទោស ​និង​ការកែប្រែ​ខ្លួន។ កត្តា​កំណត់​លើ​បញ្ហា​២នេះ ​និង​បញ្ហា​ជាក់​ស្តែង​មួយចំនួន​ទៀត ​ត្រូវ​ពិចារណា​ទៅលើ​ស្ថានភាព​ជុំវិញ ​និង​ពិនិត្យ​មើល​ទៅលើ​ប្រភេទ​នៃ​បទល្មើស​ដែល​គ្រោះថ្នាក់​ដល់​សង្គម ​ហើយ​បទល្មើស​មាន​លក្ខណៈ​សាហាវ ​ព្រៃផ្សៃ ​សុទ្ធតែ​ជារឿង​ពិចារណា។

លោក​បន្តថា​៖«សេចក្តី​ព្រាង​ប្រកាស​នេះ ​មានន័យ​ថា ​ទណ្ឌិត​មួយ​ដែល​ត្រូវបាន​ដោះលែង​ដោយ​មាន​លក្ខខណ្ឌ​ បាន​ន័យថា​គាត់​បាន​វិល​ចូល​ទៅ​រស់នៅ​ក្នុង​សង្គម​វិញ។ ប៉ុន្តែ​ជាប់​លក្ខខណ្ឌ​មួយ​ចំនួន​ដែល​គាត់​ត្រូវ​អនុវត្ត​ បើមិន​អ៊ីចឹង​ទេ ​តុលាការ​យក​គាត់​មក​អនុវត្ត​ទោស​ឡើង​វិញ»។

លោក​គឹម សន្តិភាព ​បាន​ពន្យល់ថា ​សេចក្តី​ព្រាង​ប្រកាស ​ស្តីពី​បែបបទ​ដោះលែង​ទណ្ឌិត​ដោយ​មាន​លក្ខខណ្ឌ​ ខុស​គ្នា​ទៅនឹង​ការលើក​លែង​ទោស ​និង​ការបន្ធូរបន្ថយ​ទោស ​ដែល​កម្ពុជា​តែងតែ​ធ្វើឡើង​ ៥ដង ​ក្នុង​១ឆ្នាំ ​ក្នុង​កម្ម​វិធី​បុណ្យ​ជាតិ​ធំៗ។

នាយករង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំមើល ​និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​​ (LICADHO)​​ លោក​អំ សំអាត ​ថ្លែង​ថា ​សេចក្តី​ព្រាង​ប្រកាស​ដោះលែង​ទណ្ឌិត​នេះ ​អាចនឹង​ជួយ​សម្រួល​ដល់​ពន្ធនាគារ​កុំ​ឱ្យ​មាន​ការកក​កុញ​ណែន​ក្នុង​ពន្ធនាគារ ​ខណៈ​វីរុស​កូវីដ១៩ ​កំពុង​រីក​រាល​ដាល។

លោក​ថា​៖«សេចក្តី​ព្រាង​ប្រកាស​នេះ ​វា​អាច​សម្រួល​ទៅ​ដល់​ការដោះលែង​អ្នក​ជាប់​ឃុំ​មួយចំនួន​ ដោយ​ភ្ជាប់​លក្ខ​ខណ្ឌ​នេះ ​ ហើយ​យើង​ចង់ឱ្យ​ការអនុវត្ត​បាន​ឆាប់​រហ័ស ​តាម​វិធី ​ ឬ​លក្ខខណ្ឌ​ណា​ក៏ដោយ​តែ​ធ្វើ​យ៉ាង​ណា​ម៉េច​ឱ្យ​មាន​តម្លាភាព»។

មន្ត្រី​សិទ្ធិ​មនុស្ស​រូបនេះ​បន្ថែមថា​៖«ជាពិសេស ​ឱ្យ​គាត់​វិលត្រឡប់​ទៅ​រក​គ្រួសារ ​និង​ជួយ​ជីវភាព​គ្រួសារ។ អ្វី​ដែល​ជា​រឿង​សំខាន់​នោះ ​ដើម្បី​គ្រប់គ្រង​ហានិភ័យ​ទាក់ទង​កូវីដ១៩។ បើសិនជា​មាន​ការបន្ថយ​មនុស្ស​ក្នុង​ពន្ធនាគារ​ វា​ងាយ​ស្រួល​ក្នុង​ការគ្រប់គ្រង​ផង​ដែរ»។

យ៉ាង​ណា​ក៏ដោយ ​លោក​ស្នើ​ដល់​មន្រ្តី​មាន​សមត្ថកិច្ច ​ត្រូវតែ​អនុវត្ត​សេចក្តី​ព្រាង​ប្រកាស​នេះ​ប្រកប​ដោយ​តម្លាភាព​ និង​យុត្តិធម៌។ ជាពិសេស​ផ្តល់​អាទិភាព​ដល់​ជន​ងាយ​រង​គ្រោះ។

លោក​ថា​៖«ក្នុង​នាម​យើង​ជាអង្គការ​សង្គម​ស៊ីវិល​មាន​ការព្រួយ​បារម្ភ​ខ្លាំង​ពី​ការរីក​រាលដាល​កូវីដ១៩ ​ពីព្រោះ​ក្នុង​ពន្ធនា​គារ​មាន​ភាពចង្អៀត។ អ៊ីចឹង​កន្លងមក ​ក្រុម​អង្គការ​សង្គមស៊ីវិល​ធ្វើការ​ផ្នែក​សិទ្ធិ​មនុស្ស​ ក៏​ធ្វើការ​ផ្តល់​ជាយោ​បល់ ​ទាក់ទង​ឱ្យ​មាន​ការដោះ​លែង​អ្នក​ជាប់ឃុំ​ដោយ​មាន​លក្ខខណ្ឌ​មួយ​ចំនួន»។

បើ​តាម​លោក​អំ សំអាត ​អ្នក​ជាប់ឃុំ​ដែល​ក្រុម​សង្គមស៊ីវិល​ផ្តល់​យោបល់​ឲ្យ​មាន​ការដោះលែង​នោះ​ មាន​ ដូចជា​ អ្នក​ជាប់​ឃុំ​បណ្តោះ​អាសន្ន ​អ្នក​អនុវត្ត​ទោស​ជិត​ផុត ​និង​ផ្តល់​អាទិភាព​ទៅលើ​ជនពិការ ​អនីតិជន​ អ្នកមាន​ជំងឺ​រ៉ាំរៃ​ មនុស្ស​វ័យ​ចំណាស់ ​ឬក៏​ស្រី្ត​មាន​ផ្ទៃពោះ ​និង​អ្នកទោស​មាន​កូន​រស់នៅ​តាម​ម្តាយ​ អ្នក​ការពារ​បរិស្ថាន ​និង​អ្នក​ការពារ​សិទ្ធិមនុស្ស​ជាដើម»។

សេចក្តី​ព្រាង​ប្រកាស​ស្តីពី​ការដោះលែង​ទណ្ឌិត​ដោយ​មាន​លក្ខខណ្ឌ ​មាន​ ៥ប្រការ ​ដោយ​ក្នុង​ប្រការ ២​ បានចែង​ថា ​ដោយ​អនុលោម​តាម​បទប្បញ្ញត្តិ ​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ​ត្រង់​ជំពូក​ទី២ ​“ការដោះ​លែង​ដោយ​មាន​លក្ខខណ្ឌ” ​ប្រធាន​សាលា​ដំបូង​មាន​សមត្ថកិច្ច ​ត្រូវ​សម្រេច​ការដោះលែង ​ដោយ​មាន​លក្ខខណ្ឌ​ ដោយ​ដីកា​សម្រេច ​និង​ត្រូវ​ភ្ជាប់​កាតព្វកិច្ច​មួយចំនួន​ជាអាទិ៍។

កាតព្វ​កិច្ច​ជាអាទិ៍​ទាំងនោះ​រួមមាន ​ទណ្ឌិត​ត្រូវ​បំពេញ​សកម្មភាព​ខាង​វិជ្ជាជីវៈ ​ទទួល​ការបង្ហាត់​បង្រៀន​ ឬ​ទទួល​ការបណ្តុះ​បណ្តាល​វិជ្ជាជីវៈ។ រស់​នៅ​ក្នុង​ទីកន្លែង​ណាមួយ​ជាកំណត់​ បញ្ជាក់​ថា​ខ្លួន​រួម​ចំណែក​ក្នុង​ការចិញ្ចឹម​បីបាច់​គ្រួសារ ​ឬ​ធ្វើការ​ជួសជុល​ការខូចខាត​ដែល​បណ្តាល​មក​ពី​បទល្មើស ​តាម​លទ្ធភាព​នៃ​ធនធាន​របស់​ខ្លួន។

សេចក្តី​ព្រាង​បន្តថា ​តុលាការ​បញ្ជាក់​អំពី​សកម្មភាព ​ដែល​ហាមឃាត់ ​ដូចជា ​មិនត្រូវ​សេព​គប់​ជា​មួយ​បុគ្គល​ខ្លះ​ ពិសេស ​ចារី​ សហចារី ​អ្នក​ផ្ដើម​គំនិត​ អ្នក​សមគំនិត ​ឬ ​ជន​រងគ្រោះ​នៃ​បទ​ល្មើស។ មិន​ត្រូវ​កាន់កាប់​ ឬ​យក​តាម​ខ្លួន​នូវ​អាវុធ ​គ្រឿង​ផ្ទុះ ​និង​គ្រាប់​រំសេវ​គ្រប់​ប្រភេទ។

សេចក្តី​ព្រាង​ប្រកាស​គូស​បញ្ជាក់ថា​៖«ក្នុង​ករណី​ទណ្ឌិត​មិនអនុវត្ត​តាម​ដីកា​សម្រេច​ស្តីពី​ការដោះលែង​ដោយ​មាន​លក្ខខណ្ឌ ​ប្រធាន​សាលា​ដំបូង​អាច​ដកហូត​ដីកា​សម្រេច​នោះ ​និង​អាច​បង្គាប់​ឱ្យ​ចាប់​ខ្លួន​ទណ្ឌិត​នោះ​មក​អនុវត្ត​ទោស​ដែល​នៅ​សេស​សល់៕