បន្ទាយ​មានជ័យៈតុលា​ការខេត្ត​បន្ទាយ​មានជ័យ​ឃុំខ្លួន​បុរស​វ័យចំ​ណាស់​ម្នាក់​ក្នុង​ពន្ធ​នាគារ​ខេត្ត​កាលពី​ថ្ងៃទី១២ ​មិថុនា ១ថ្ងៃ​បន្ទាប់​ពី​នគរបាល​ចាប់ខ្លួន​នៅ​ឃុំ​ច​ង្ហា ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មានជ័យ ​ពាក់​ព័ន្ធ​ករណី​ល្បួង​ក្មេងស្រី​ម្នាក់​អាយុ​ ១៤ ឆ្នាំ​ រំលោភ​សេពសន្ថវៈ​បាន​សម្រេច​៣ដង​ ខណៈ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ថា​ករណីនេះ​ភាគច្រើន​កើត​ឡើង​លើ​គ្រួសារ​ក្រីក្រ​ នៅក្នុង​​តំបន់​ដាច់​ស្រ​យាល​។

លោក​ស្រី​ឧ​ត្ត​ម​សេនីយ៍​ត្រី ឌី សុជាតិ ស្នង​ការ​រង​ទទួល​ផែន​ការងារ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្សនិង​ការពារ​អនីតិ​ជននៃ​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយ​មានជ័យ​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ១៣ មិថុនា​នេះថា លោកស្រី​បាន​ទទួល​ដីកា​ពី​តុលា​ការ​បញ្ជាក់ថា ​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ត. រ .អាយុ១៤ឆ្នាំ។ ​រី

ឯជន​ត្រូវ​ចោទ ឈ្មោះ ឆុត ឆាន់ ហៅ ពៅ អាយុ៧៨ឆ្នាំ រស់នៅ​ឃុំ ច​ង្ហា ស្រុក​អូរជ្រៅ ត្រូវបាន​ចៅក្រម​ស៊ើប​សួរ​សម្រេច​ចេញ​ដីកា​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ហើយ​កាលពី​ថ្ងៃទី១២ មិថុនា បន្ទាប់ពី​សមត្ថកិច្ចរ​បស់​លោក​ស្រី​បញ្ជូន​ដល់​តុលាការ​បានប៉ុន្មាន​ម៉ោង​រួចមក​។

លោកស្រី​ថ្លែង​ថា៖ «បុរស​ចំណាស់​ម្នាក់នេះ​ត្រូវបាន​លោក ព្រុំ ម៉ូ​នី​ន ជា​ចៅក្រម​ស៊ើបសួរ​សម្រេច​ចេញ​ដីកាឃុំខ្លួន​ដោយ​ចោទពី​បទ​រំលោភ​សេព​សន្ថវៈ​ទាក់ទង​នឹង​ជនរង​គ្រោះ​តាម​បញ្ញត្តិ​មាត្រា២៤១នៃ​ក្រម​ព្រហ្ម​ទណ្ឌ»។

យោង​បញ្ញត្តិ​មាត្រា២៤១នៃ​ក្រម​ព្រហ្ម​ទណ្ឌ​នេះ ប្រសិនបើ​តុលា​ការ​រកឃើញថា​ជន​ត្រូវ​ចោទ​ពិតជា​បាន​ប្រព្រឹត្ត​មែន​នោះ​នឹងត្រូវ​ប្រឈម​ការជាប់​ពន្ធ​នាគារ​ពី៧ ​ទៅ១៥​ឆ្នាំ។

ទាក់ទង​​នឹង​ករណី​នេះដែរ ​លោក ព្រឿង សុភាព នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ច​ង្ហា បាន​ឱ្យដឹង​នៅថ្ងៃទី១៣​ មិថុនានេះ​ថា បើតាម​ការរៀបរាប់​ប្រាប់​របស់​ក្មេងស្រី​រងគ្រោះ​គឺជន​សង្ស័យ​ជា​អ្នករស់​នៅ​ក្នុងភូមិ​ជាមួយ​នាង​ ហើយ​មានផ្ទះ​នៅជិត​គ្នា​ទៀត​ផង។មុន​កើត​ហេតុ​គឺជា​រៀង​រាល់​ថ្ងៃ​ នាង​តែង​តែ​ទៅ​លេង​ផ្ទះ​ឈ្មោះ ឆុត ឆាន់​ ហើយ​ជន​ម្នាក់នេះ​មិន​ទាន់​ហ៊ាន​ធ្វើ​អ្វី​ផ្តេសផ្តាស​ទៅលើ​នាង​ទេ​ ប៉ុន្តែ​ជន​នេះឧ​ស្សាហ៍​ឱ្យ​លុយ​ក្មេងរង​គ្រោះ​ចាយ​ម្តង​ម្កាល​។

លោក​បន្តថា ​ក្រោយៗ​មកទៀត​ ជននេះ​បានឱ្យ​លុយ​ក្មេងរងគ្រោះ​ចំនួន២ទៅ​៣ម៉ឺន​រៀល​ ហើយក៏​ចាប់​នាង​រំលោភ​នៅ​អំឡុង​ខែឧសភា​ ឆ្នាំ​២០២១​ បានសម្រេច​រហូត​៣លើក។ប៉ុន្តែ​នៅ​ថ្ងៃទី១១ មិថុនា ដោយ​សារ​ក្មេងស្រី​រងគ្រោះ​មាន​អា​ការមិន​ស្រួលខ្លួន​ ពេលនោះ​យាយ​របស់​នាង​ក៏ហៅ​សួរ​ទើប​ដឹង​រឿង​នេះ ហើយបាន​នាំ​ក្មេង​រងគ្រោះ​មកប្តឹង​នៅ​ប៉ុស្តិ៍​នគ​របាល​របស់​លោក​តែម្តង​។

លោក​បន្ថែមថា​ ក្រោយ​ទទួល​បាន​បណ្តឹង​និង​ទទួល​បាន​ចម្លើយ​ពី​ក្មេងរង​គ្រោះ​រួចមក សមត្ថ​កិច្ច​របស់​លោក​ក៏ហៅ​ឈ្មោះ ឆុត ឆាន់​ មក​សាកសួរ​នៅ​ប៉ុស្តិ៍ន​គរបាល​ឃុំ​ច​ង្ហា។ប៉ុន្តែ​ពីដំបូង​ជននេះ​ប្រកែក​ តែ​ក្រោយ​មក​ទើបបាន​សារ​ភាព​ថា​គាត់​បានឱ្យ​លុយ និង​ល្បួង​ក្មេង​រងគ្រោះ​រំលោភ​បាន​៣លើក​ ពិត​ប្រាកដ​មែន។

លោក​បាន​បញ្ជាក់​ថា៖​«មុននឹង​ឃាត់ខ្លួន​ជននេះ​ខ្ញុំ​បាន​ផ្ទៀងផ្ទាត់​ចម្លើយ​ទាំងសង​ខាង​ឃើញថា​ទាំង​ជនរង​គ្រោះនិង​ជន​ល្មើស​ឆ្លើយ​ស៊ី​ចង្វាក់​គ្នា​ទើប​យើង​សម្រេច​ឃាត់ខ្លួន​គាត់​តែម្តង»​។

ដោយឡែក​លោក ង៉ា​ប់ ងា​ម មេភូមិ​ដែល​ក្មេងរងគ្រោះ​រស់នៅ​បាន​រៀបរាប់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​តា​ចាស់​ម្នាក់​នោះ​ជា​អតីត​ទាហាន​ប៉ា​រ៉ា ហើយ​មាន​កូនស្រី២នាក់​ ប៉ុន្តែ​កូនៗ​របស់គាត់​មាន​ប្តី​អស់ហើយ។ចំណេ​កម្តាយ​ឪពុក​ក្មេងរង​គ្រោះ​ជា​គ្រួសារ​ក្រីក្រ​ហើយ​នាង​ជា​កូន​ច្បង​ក្នុងចំណោម​បងប្អូន​៣នាក់​។ប៉ុន្តែ​ឪពុក​ម្តាយ​របស់​នាង​បាន​ធ្វើចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ​ដោយ​ទុក​តែ​នាង​ម្នាក់​ឱ្យ​រស់នៅក្នុ​ង​ខ្ទម​ជាមួយ​ជីដូន​ចាស់​អាយុ​៧៤ឆ្នាំ​ តែ២នាក់​ជីដូន​ចៅ​ប៉ុណ្ណោះ​។

លោក​បន្តថា​៖«ប្រហែល​មកពី​ជីដូន​មាន​វ័យចាស់​គ្មាន​អ្នក​មើលថែ​ត្រឹម​ត្រូវ​ទើប​រងគ្រោះ​ជួប​បញ្ហា​បែប​នេះ ប៉ុន្តែ​កន្លង​មក​នៅ​ក្នុង​ភូមិរ​បស់​ខ្ញុំ​ក៏​មិន​ដែល​កើត​មាន​រឿង​បែប​នេះ​ដែរ​»។

​លោកស្រី ម៉ៅ ម៉ាប់ មន្ត្រី​សមា​គម​ការពារ​សិទ្ធិ​មនុស្សអាដ​ហុកដែល​ធ្វើការ​ផ្នែក​កុមារ​បានឱ្យ​ដឹង​នៅ​ថ្ងៃទី១៣ ​មិថុនានេះថា តាម​ការអ​ង្កេត​ឃើញ​ថា ករណី​រំលោភ​សេព​សន្ថវៈ​បែបនេះ​​គឺ​ភាគច្រើន​ដោយ​សារ​កត្តា​ជីវភាព​គ្រួសារ​របស់​ក្មេង​រងគ្រោះ​​ក្រីក្រ​ហើយ​ច្រើន​តែកើត​ឡើងនៅ​តំបន់​ដាច់​ស្រ​យាល​។រីឯក្មេង​ៗដែល​ជួបប្រទះ​បញ្ហា​នេះ​ដោយ​សារ​ឪ​ពុក​ម្តាយ​ធ្វើ​ចំណាកស្រុក​ទៅធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​។

លោកស្រី​បាន​បញ្ជា​ក់ថា៖​«ពួកគាត់​ទុកកូនៗឱ្យ​ជីដូន​ឬ​ជីតា​មើល​ថែរក្សា​ជំនួស។ដូច្នេះ​ក្មេង​ទាំងនោះ​មិនបាន​ទទួល​ការកា​រពារ​ខ្លួន​ឱ្យ​ពេញលេ​ញ​ទេ ក្មេងៗរងគ្រោះ​កម្រ​និយាយ​រឿងរ៉ាវ​នេះ​ប្រាប់​មនុស្ស​ចាស់​ណាស់​ ទាល់​តែ​ឈឺ​ ឬ​មាន​បញ្ហា​មិន​ស្រួល​ខ្លួន​ទើប​មនុស្ស​ចាស់​ដឹង»​៕