ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ពិភាក្សា និង​ពិនិត្យ​កែសម្រួល ​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង​លើ​ការប្រើ​ប្រាស់​​ដី​ចំណីផ្លូវ​ នៅតាម​បណ្តាញ​ផ្លូវថ្នល់ និង​ផ្លូវ​រថភ្លើង ដោយ​ដាក់​បន្ថែម​ការគ្រប់គ្រង​ដី​ចំណីផ្លូវ​នៅ​ទីជនបទ ដោយ​បាន​បង្កើត​គណៈកម្មកា​រ​អន្តរក្រសួង ដើម្បី​ដាក់​ស្នើ​ទៅ​ថ្នាក់ដឹកនាំ ពិនិត្យ​សម្រេច និង​ព​ន្លឿ​ន​សេចក្តីព្រាង​អនុ​ក្រឹត្យ​នេះ​ឱ្យ​បាន​​ឆាប់រហ័ស។

កាលពី​ថ្ងៃទី ១១ ខែមិថុនា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បើក​កិច្ចប្រជុំ​មួយ ដើម្បី​ពិនិត្យមើល​វឌ្ឍនភាព​នៃ​ការកែសម្រួល​សេចក្តីព្រាង​អនុក្រឹត្យ​ ស្តីពី​ការគ្រប់គ្រង​លើ​ការប្រើប្រាស់​ដី​ចំណីផ្លូវ​ នៅតាម​បណ្តាញ​ផ្លូវថ្នល់ និង​ផ្លូវ​រថ​ភ្លើង ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង មន្ត្រី​ជំនាញ​បច្ចេកទេស តាមរយៈ​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ។

ទំព័រ​ហ្វេ​ស​ប៊ុក​របស់​ក្រសួង​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន បាន​ឲ្យ​ដឹងថា កិច្ចប្រជុំ​នេះ បាន​ពិភាក្សា​អំពី​វឌ្ឍនភាព​នៃ​ការ​កែសម្រួល​សេចក្តីព្រាង​អនុក្រឹត្យ​នេះ ដោយ​ការរៀបចំ​សមាសភាព​ គណៈកម្មការ​អន្តរក្រសួង ដើម្បី​ដាក់​ស្នើ​ទៅ​ថ្នាក់​ដឹក​​នាំ ពិនិត្យ​សម្រេចការ​រៀបចំសេចក្តី​ព្រាង​ អនុក្រឹត្យ​នេះ​ ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​ ។

ក្រសួង បាន​បញ្ជាក់ថា៖«អនុក្រឹត្យ​នេះ​ មាន​គោលបំណង​ធ្វើឱ្យ​ប្រសើរ​ឡើង ដល់​ការគ្រប់គ្រង​លើ​ការប្រើប្រាស់​ដី​ចំណី​ផ្លូវ​នៅតាម​បណ្ដាញ​ផ្លូវ​ល្បឿន​លឿន ផ្លូវជាតិ ផ្លូវ​ខេត្ត ផ្លូវ​ជនបទ និង​ផ្លូវ​រថភ្លើង ប្រកបដោយ​សុវត្ថិភាព ប្រសិទ្ធភាព​សម្រាប់​បម្រើ​ឱ្យ​ការអភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត សំដៅ​ធានា​នូវ​និរន្តរភាព និង​ជីវភាព​របស់​ប្រជាពលរដ្ឋ ស្របតាម​ការអភិវឌ្ឍ និង​ការរីកចម្រើន​របស់​ក​ម្ពុ​ជា»។

យោងតាម​ច្បាប់​ស្តីពី​ផ្លូវថ្នល់ ដែល​ព្រះមហាក្សត្រ​ប្រកាស​ឲ្យ​ប្រើ​កាលពី​ឆ្នាំ ២០១៤ បាន​ចែងថា រាល់​ការសាងសង់​លើដី​សម្រាប់​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ជាពិសេស​លើដី​ចំណីផ្លូវ​ជា​លក្ខណៈ​អចិន្ត្រៃយ៍ ​ត្រូវបាន​ហាមឃាត់ លើកលែងតែ​ការសាងសង់​ក្នុង​គម្រោង​ចាំបាច់​មួយចំនួន​ដូចជា បរិក្ខារ​បម្រើ​ឲ្យ​វិស័យ​ការពារជាតិ សន្តិសុខ​ជាតិ បរិក្ខារ​បម្រើ​ឲ្យ​ការគ្រប់គ្រង ឬ​ការសាងសង់​ផ្លូវ​និង​បរិក្ខារ សំណង់​សេវាសាធារណៈផ្សេងៗទៀត ដែល​ត្រូវ​ស្នើសុំ​ការឯកភាព​ជាគោលការណ៍​ ពី​រាជរដ្ឋាភិបាល តាម​សំណើ​របស់​សមត្ថកិច្ច​គ្រ​ប់​គ្រង​ផ្លូវថ្នល់។

ជាមួយនឹង​ការហាម​ប្រាម​នេះ ច្បាប់​នេះ ក៏បាន​ចែង​ទៀតថា ដី​ចំណីផ្លូវ អាច​ប្រើប្រាស់​បាន​សម្រាប់​គោលបំណងផ្សេងៗ ជា​លក្ខណៈ​បណ្តោះអាសន្ន ដោយ មិនត្រូវ​ធ្វើ​ប៉ះពាល់​ដល់​បរិក្ខារ និង​សំណង់ផ្សេងៗសម្រាប់​សុវត្ថិភាព​ចរាចរណ៍​ផ្លូវថ្នល់​ឡើយ។ ការគ្រប់គ្រង​លើ​ការប្រើប្រាស់​ដី​ចំណីផ្លូវ​ នៅតាម​បណ្ដាញ​ផ្លូវថ្នល់​ត្រូវ​កំណត់ដោយ​អនុក្រឹត្យ ។

លោក លឹម ស៊ី​ដេ​នី​ន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​បាន​ដឹកនាំ​ការប្រជុំ​ពិភាក្សា​កែសម្រួល​អនុក្រឹត្យ​នេះ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ១៣ មិថុនា​ថា អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង​លើ​ការប្រើប្រាស់​ដី​ចំណីផ្លូវ​នៅតាម​បណ្តាញ​ផ្លូវថ្នល់ និង​ផ្លូវ​រថភ្លើង ត្រូវបាន​ប្រកាស​ឲ្យ​ប្រើប្រាស់​កាលពី​ឆ្នាំ ២០០៩ ។

លោក​បន្តថា កិច្ចប្រជុំ​នេះ គឺ​ការចាប់ផ្តើម​ការប្រមូល​ធាតុ​ចូល​នានា ដើម្បី​ធ្វើការ​កែប្រែ​អនុក្រឹត្យ​នេះ ឲ្យ​អាច​អនុវត្តបាន​ទូលំទូលាយ និង​គ្រប់គ្រង​លើ​ការប្រើប្រាស់​ដី​ចំណីផ្លូវ​ទាំងអស់។

លោក បញ្ជាក់ថា៖«យើង​ប្រជុំគ្នា ដើម្បី​បានជា​មូលដ្ឋាន ដោយ​ឲ្យ​គ្រប់គ្នា ផ្តល់​មតិយោបល់ សម្រាប់​ធ្វើការ​បូកសរុប​ជា​ក្រោយ ក្នុងការ​កែសម្រួល​អនុ​ក្រឹត្យ​នេះ។ កន្លងទៅ យើង​មាន​អនុក្រឹត្យ​នេះហើយ ប៉ុន្តែ​យើង​ត្រូវ​កែសម្រួល​វា​ខ្លះ ដោយ​រាប់បញ្ចូល​ទាំង​ចំណីផ្លូវ​នៅ​ទីជនបទ​អី​ទាំងអស់ ដែល​ពីមុន​អនុក្រឹត្យ​នេះ មិនមាន​បញ្ជា​ក‍់​‍​‍​នោះទេ»។

ស្ថិតក្នុង​ដំណាក់កាល​នេះ លោក លឹម ស៊ី​ដេ​នី​ន ក៏បាន​ជំរុញ​លើកទឹកចិត្ត​ ឱ្យ​ភាគី​ពាក់ព័ន្ធ​ទូទាំង​រាជធានី -ខេត្ត ប​ញ្ចូ​ន​ធាតុ​ចូល​បន្ថែម​ឱ្យបាន​ល្អិតល្អន់ ដើម្បី​ជំរុញ​ឱ្យ​ការរៀបចំ​កែសម្រួល​សេចក្ដីព្រាង​អនុក្រឹត្យ​នេះ មាន​លក្ខណៈ​គ្រប់​ជ្រុង​ជ្រោយ និង​អាច​បញ្ចប់​តាម​ការគ្រោងទុក។

លោក គង់ សុវណ្ណ អ្នកជំនាញ​សុខភាព​សាធារណៈ និង​ជា​នាយក​កម្មវិធី​មូលនិធិ​ សុវត្ថិភាព​អន្តរជាតិ​ បាន​ថ្លែង​​នៅ​ថ្ងៃទី ១៣ មិថុនា​ថា នៅពេលដែល​មានច្បាប់ នោះ​ជាការ​ពិតណាស់ បទដ្ឋាន​គតិយុត្ត​ ក្រោម​ច្បាប់​ត្រូវ​រៀបចំ​គាំទ្រ​ដល់​ការ​អនុវត្ត​​ច្បាប់​ឱ្យមាន​ប្រសិទ្ធភាព និង​តម្លាភាព​បំផុត។

លោក យល់ថា មុន​ការអនុវត្ត​រឹតបន្តឹង​ច្បាប់ ចាំបាច់​ត្រូវមាន​ការអប់រំ​ផ្សព្វផ្សាយ​ ឱ្យបាន​ទូលំទូលាយ ឧទាហរណ៍ អប់រំ​ផ្សព្វផ្សាយ​ចន្លោះ​ពី ៣ ឬ ៦ខែ ដល់​មន្ត្រី​អនុវត្ត​ច្បាប់ និង​អ្នក​ដែល​កំពុង​ប្រើប្រាស់​ចំណីផ្លូវ ដែល​លោក​យល់ថា ការ​កែប្រែ​នៃ​អនុក្រឹត្យ​នេះ គឺ​ចាំបាច់​សិក្សា​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ។

លោក បញ្ជាក់ថា៖«ក្នុងស្ថានភាព​ជាក់ស្តែង​ខ្លះ​ យន្តការ​ដំណោះស្រាយ​សមស្រប​ត្រូវ​យកមកអនុវត្ត​ឱ្យដល់​ទីបំផុត មុន​ឈានដល់​យន្តការ​ដាក់ពិន័យ ឬ​ទោស​ទ័​ណ្ឌ។ អ្វីដែល​សំខាន់​ត្រូវ​ឈរលើ​ឆន្ទ: និង​បណ្តុះ​គោលជំហរ​ប្រយោជន៍​សា​ធា​រណ​ជា​ចម្បង»៕

វីដេអូ៖