ភ្នំពេញៈ តុលាការ​ខេត្ត​បាត់ដំបង​ កាលពី​ថ្ងៃទី ១២ មិថុនា​ បាន​សម្រេច​ឃុំខ្លួន​បុរស​ម្នាក់​ក្នុង​ពន្ធនាគារ​ខេត្ត​បន្ទាប់ពី​ចាប់​ខ្លួន​បាន ១ ថ្ងៃ​ ពាក់ព័ន្ធ​គ្រឿង​ញៀន​មេ​តំ​ហ្វេ​តា​មីន​ជាង ១ គីឡូក្រាម​ ដែល​ជនសង្ស័យ​បាន​ទៅយក​ពី​ក្រុមហ៊ុន​ផ្ញើ​ឥ​វ៉ាន់​មួយ ផ្ញើ​ពី​ប្រទេស​ថៃ​ មក​ខេត្ត​បាត់​ដំបង ​ដែល​ស្ថិត នៅ​ភូមិ​ដូង ឃុំ​បឹង​រាំង ស្រុក​កំរៀង។

លោក សូ ឌី ប្រធាន​មន្ទីរ​យុត្តិធម៌​ នៃ​បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​ខេត្តបាត់ដំបង ​ឱ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​នៅ​ថ្ងៃទី១៣មិថុនា​ថា បើតាម​លោក​ទទួល​ដីកា​បាន ​ពី​តុលាការខេត្ត​បាត់​ដំបង​បញ្ជាក់​ថា ជន​ត្រូវ​ចោទ​ឈ្មោះ យឿន ជឿន ភេទ ប្រុស អាយុ ៣៦​​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្ត​បាត់​ដំបង ​ត្រូវបាន​តុលាការ​ឃុំខ្លួន​ហើយ​កាលពី​រសៀល​ថ្ងៃទី ​១២ ​មិថុនា។

លោក​ថ្លែងថា៖«ជន​ត្រូវ​ចោទ​ម្នាក់នេះ​ ត្រូវ​ឃុំខ្លួន ​តាម​បទ​ចោទ​ជួញដូរ​គ្រឿង​ញៀន​ខុសច្បាប់​ តាម​មាត្រា៤០ច្បាប់​ស្តីពី​ការត្រួត​ពិនិត្យ​គ្រឿង​ញៀន»។

លោក សូ ឌី រំឭកថា​ មុន​មានការ​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​ម្នាក់នេះ​ គឺ​សមត្ថកិច្ច​របស់លោក ​បាន​ទទួល​សេចក្តីរាយការណ៍​ពី​ក្រុម​ហ៊ុន​ផ្ញើ​ទំនិញ​មួយកន្លែង​ ដែលមាន​ទីតាំងនៅ​ខេត្តបាត់ដំបង​ ព្រោះ​សង្ស័យ​លើ​កញ្ចប់​ទំនិញ​មួយ ​ដែល​ផ្ញើ​មកពី​ប្រទេស​ថៃ។​ ពេលនោះ​ លោក​បាន​រាយការណ៍​បន្ត​ទៅ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី មាស សុវណ្ណ មេ​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបាត់​ដំបង​ដើម្បី​ទទួលបញ្ជា​ចុះបង្ក្រាប​បទល្មើស​មួយ​នេះ។

លោក​បន្តថា​ បន្ទាប់ពី​ទទួលបាន​បញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី មាស សុវណ្ណ និង​ដោយ​មានការសម្រប​​​​សម្រួល​ផ្លូវច្បាប់​ពី​លោក ឈឿន សុ​ផុន ព្រះ​រាជ​អាជ្ញារង​អម​សាលា​ដំបូង​ខេត្តបាត់ដំបង​ផង​នោះ​​ ក៏​សមត្ថកិច្ច​របស់លោក ​ដឹកនាំ​កម្លាំង​ចុះទៅ​ទីតាំង​ក្រុមហ៊ុន​ផ្ញើ​ឥ​វ៉ាន់​ ហើយ​ចាំ​ឃ្លាំមើល​ជនល្មើស ​ដោយមាន​ការសហកា​រ​ជាមួយ​ក្រុមហ៊ុន​ផ្ញើ-ទទួល​ទំនិញ​​នោះ។​

បន្ទាប់មក​ខាង​ក្រុមហ៊ុន​ បាន​ទូរស័ព្ទ​ហៅ​តាម​លេខ​ទូរស័ព្ទ​ដែល​សរសេរ​លើ​កញ្ចប់​ទំ​និ​ញ​នោះ​ឱ្យ​ទៅយក។

លោក​បន្ត​ទៀត​ថា​ នៅពេល​នោះ ​វេលា​ម៉ោង​ប្រហែល​៣​កន្លះ​រសៀល ​ថ្ងៃទី​១១​មិថុនា ​ស្រាប់​តែ​មាន​បុរស​ម្នាក់​(ជន​សង្ស័យ)បាន​ទទួល​ទូរស័ព្ទ​ហើយ​បាន​មក​ទទួល​កញ្ចប់​ទំ​និ​ញ​នោះ ​ពី​កន្លែង​ក្រុមហ៊ុន​ផ្ញើ​ទំនិញ។

ប៉ុន្តែ​ពេលនោះ​ប្រហែល​ជនសង្ស័យ​ដឹងខ្លួន​ថា ​មាន​សមត្ថកិច្ច​ចាំ​ចាប់​ក៏​បោះចោល​កញ្ចប់​គ្រឿងញៀន​ ហើយ​ព្យាយាម​ជិះ​ម៉ូតូ​រត់​តែ​ត្រូវ​កម្លាំង​អាវុធ​ហត្ថ​ដេញ​ស្ទាក់​ចាប់​បាន។

លោក​សូ ឌី បញ្ជាក់ថា​ ក្រោយ​ឃាត់ខ្លួន​ជន​សង្ស័យ ​សមត្ថកិច្ច​បា​ន​ធ្វើការ​ពិនិត្យ​ទំនិញ​នោះ ​ឃើញ​មាន​គ្រឿងញៀនប្រភេទ​ម៉ា​ទឹក​កក (ICE)ចំនួន​៦​កញ្ចប់​ ស្មើ​ទម្ងន់១៣៧១,២៧​ក្រាម ជញ្ជីង​ថ្លឹង​គ្រឿង​ញៀន​១ ម៉ូតូ​១​គ្រឿង។

​ជន​សង្ស័យ​បាន​សារភាព​ប្រាប់​សមត្ថ​កិច្ច​ថា​ កញ្ចប់​គ្រឿងញៀន​នេះ​ ត្រូវបាន​ស្ត្រី​ម្នាក់​ឈ្មោះ​មុំ ប្រាប់​ឱ្យឈ្មោះ​ខឿន​បញ្ជា​មក​គាត់​(ជន​សង្ស័យ)ឱ្យ​ទៅយក​កញ្ចប់​គ្រឿង​ញៀន​នោះ។​

ករណី​នេះ​ជនសង្ស័យ​ធ្លាប់​ដឹកជញ្ជូន​ឲ្យ​គេ​ជាង​២០​លើក​មកហើយ ​ប៉ុន្តែ​លើក​ចុង​ក្រោយ​នេះ​ ក៏ត្រូវ​សមត្ថ​កិច្ច​ចាប់​បាន​តែ​ម្តង។

លោក ឌី បញ្ជាក់​ថា៖«ករណីនេះ​នៅមាន​បក្ខពួក​របស់​គេ​ទៀត ប៉ុន្តែ​ជន​ដែល​សមត្ថកិច្ច​ខ្ញុំ​ចាប់ខ្លួន​នេះ​គ្រាន់តែ​ជា​កូនដៃ​គេ​ទេ។ រឿង​នេះ​យើង​នឹង​បន្ត​ស្រាវ​ជ្រាវ​រក​បក្ខ​ពួកគេ​បន្តទៀត»៕