
សមត្ថកិច្ចបង្ក្រាបការនេសាទខុសច្បាប់ នៅខេត្តបាត់ដំបង កាលពីខែវិច្ឆិកា ឆ្នាំ ២០២០។ រូបថត នគរបាល ខេត្តបាត់ដំបង
បាត់ដំបងៈ រដ្ឋបាលខេត្តបាត់ដំបង បានប្រកាសរដូវបិទនេសាទ ដោយហាមការនេសាទនៅក្នុងដែននេសាទទឹកសាប ចាប់ពីថ្ងៃទី ១ ខែមិថុនា រហូតដល់ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២១ ទើបបើកឲ្យមានការនេសាទឡើងវិញ ដោយទុកឱកាសឲ្យត្រីពងកូន ប៉ុន្តែក៏មិនអាចនេសាទដោយសេរីក្នុងតំបន់ហាមឃាត់ ឬតំបន់ ដែលរដ្ឋបានធ្វើការអភិរក្សជីវៈចម្រុះនោះទេ ។
លោក សឿម ប៊ុនរិទ្ធិ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៣ ខែមិថុនាថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីកន្លងមកនេះ បានប្រាប់ឱ្យខេត្តមួយចំនួន ប្រកាសពីការបិទនេសាទ នៅតាមដែនទឹកសាប រួមមាន នៅខេត្តកំពង់ឆ្នាំ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប រតនគិរី មណ្ឌលគរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ និងមួយផ្នែកនៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុមុខ។
លោក សឿម ប៊ុនរិទ្ធិ បន្តថា បន្ទាប់ពីបានប្រកាសបិទនេសាទ ឆ្នាំ ២០២១ នេះ អាជ្ញាធរខេត្ត បានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនិងប្រជានេសាទ មិនឱ្យបន្តនេសាទនៅក្នុងរដូវបិទនេះនោះទេ។ បើនៅតែបន្តនេសាទទៀត វានឹងខុសច្បាប់។ នៅពេលនោះ អាជ្ញាធរនឹងចាត់វិធានការច្បាប់ហើយ។ ដូច្នេះ នៅក្នុងអំឡុងពេលនៃការបិទនេសាទនេះ រាល់អ្នកនេសាទទាំងអស់ ដែលធ្លាប់ប្រើឧបករណ៍ផ្សេងៗ ត្រូវបានហាមឃាត់ ។
លោក ប៊ុនរិទ្ធិ ថ្លែងថា៖«ចំពោះមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ហាមដាច់ខាតមិនត្រូវយកលុយពីប្រជានេសាទ ជាថ្នូរនឹងការបើកដៃឱ្យមានការប្រព្រឹត្តបទល្មើសនេសាទនោះទេ ហើយសូមឱ្យអ្នកមានការពាក់ព័ន្ធជាមួយជនល្មើស និងបទល្មើសនេសាទ និងបទល្មើសការកាប់ព្រៃលិចទឹក ត្រូវដកខ្លួនជាបន្ទាន់។ បើនៅតែមានការឃុបឃិតគ្នា អ្នកប្រព្រឹត្តត្រូវទទួលខុសត្រូវដោយខ្លួនឯងចំពោះមុខច្បាប់ ដោយគ្មានករណីលើកលែងឡើយ»។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង លោក ឈឹម វជិរា ថ្លែងថា នៅក្នុងតំបន់ទឹកសាប ក្នុងដែនអភិរក្ស និងនិងគ្រប់គ្រងរបស់ខេត្តបាត់ដំបង មានតំបន់ទឹកសាបជិត ២០ ម៉ឺនហិកតា។ ការបិទរដូវនេសាទនេះ គឺទុកឱកាសឱ្យត្រីពង និងកូន។ បន្ទាប់មកអាជ្ញាធរនឹងបើកឱ្យនេសាទវិញហើយ។
លោក ហោ សំអាត អនុប្រធានសហគមន៍ នេសាទ ស្តីក្រោម មហាសួង ឃុំព្រែកហ្លួង ស្រុក ឯកភ្នំពេញខេត្តបាត់ដំបងបានឱ្យដឹងថា ចំពោះការបិទរដូវនេសាទនេះ ប្រពលរដ្ឋមួយចំនួនអាចនឹងមានការភាន់ច្រឡំ ថា មិនឱ្យនេសាទនោះទេ ប៉ុន្តែ គ្រាន់តែបន្ថយការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់។
លោក ហោ សំអាត បានសម្តែងការគាំទ្រចំពោះអាជ្ញាធរប្រកាសពីការបិទរដូវនេសាទនេះ ដើម្បីបន្ថយនៃការនេសាទ ប៉ុន្តែត្រូវមានវិធានការទប់ស្កាត់ ពិសេសចំពោះការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ និងការនេសាទនៅក្នុងទីតាំងអភិរក្ស ទើបមានប្រសិទ្ធភាព៕
វីដេអូ៖