ភ្នំពេញៈ រថយន្ត​ចំនួន ៤០ គ្រឿង ​ដែល​បាន​ចត​ចោល​នៅលើ​ចិញ្ចើម​ផ្លូវ និង​ទ្រូងផ្លូវ​សាធារ​ណៈ​ធ្វើឱ្យ​បាត់​បង់​សណ្តាប់​ធ្នាប់ របៀប​រៀប​រយ​សាធា​រណ: បង្ក​ការកកស្ទះ​ចរាចរណ៍ និង​សោ​ភណ​ភាព​រាជធានី​ភ្នំពេញ ត្រូវបាន​ស្ទូច​យកមក​រក្សាទុ​ក​នៅ​រដ្ឋ​បាល​ខណ្ឌ​ដូន​ពេញ ខណៈ​ការ​អនុវត្ត​សេចក្ដី​ជូនដំណឹង​អំពី​បម្រាម​កំពុង​បន្ត​តឹង​រ៉ឹង​។

លោក សុខ ពេញ​វុ​ធ អភិបាល​ខណ្ឌ​ដូនពេញ​បានឱ្យ​ដឹង​នៅ​ថ្ងៃទី ១៣ ខែមិថុនា​ថា ការចុះ​ស្ទូច និង​ដក​ហូត​រថ​យន្ត​យក​មក​រក្សាទុក​នេះ បន្ទាប់​ពី​រដ្ឋបាល​ខណ្ឌ​បាន​ចេញ​សេចក្តីជូនដំណឹង​កាលពី​ថ្ងៃទី ៨ មិថុនា កន្លង​មក​នេះ ឱ្យ​បញ្ឈប់​ការ​ដាក់​តាំង​លក់​រថយន្ត និង​ចត​រថយន្ត​បែប​នេះ ព្រោះ​ធ្វើឱ្យប៉ះ​ពាល់​ដល់​សណ្តាប់​ធ្នាប់ និង​របៀប​រៀបរយ​សា​ធារណៈ ​និង​កកស្ទះ​ចរា​ចរណ៍​លើ​ដង​ផ្លូវ​។

លោក សុខ ពេញ​វុ​ធ បាន​បន្តថា ការចុះ​រៀបចំ​សណ្តាប់​ធ្នាប់ របៀប​រៀប​រយ សាធារណៈ​លើ​រថយន្ត​ដាក់​លក់ និង​រថយន្ត​ដែល​បាន​មក​ចត​ចោល​នៅ​លើ​ទ្រូង​ផ្លូវ​និង​ចិញ្ចើម​ផ្លូវ​សា​ធារណៈ​ដែល​ធ្វើឱ្យ​បាត់​បង់​សណ្តាប់​ធ្នាប់​របៀប​រៀប​រយ​សា​ធារ​ណ:បង្ក​ការកក​ស្ទះ​ចរាចរណ៍ និង​សោ​ភណ​ភាព​រាជ​ធានី​ភ្នំពេញ​នេះ គឺ​សមត្ថ​កិច្ច​បាន​ស្ទូច និង​ដកហូត​រថយន្ត​ចំនួន ៤០​គ្រឿង​។

លោក​បាន​បញ្ជាក់​ថា៖ «ក្នុងនោះ នៅ​ថ្ងៃទី ១២មិថុនា បាន​ដកហូត​ចំនួន ៣៧​ គ្រឿង និង​ព្រឹក​ថ្ងៃ​អាទិត្យ​បាន​ដកហូត​ចំនួន ៣​ គ្រឿង។ ៤០ គ្រឿង​នេះ គឺ​របស់​ប្រជា​ពលរដ្ឋ​ទូទៅ ចំនួន ៩ គ្រឿង និង​ក្រៅពី​នោះ គឺ​របស់​ក្រុម​អាជីវករ​ ដែល​ពួក​គាត់​យក​មក​ដាក់​នៅ​ទ្រូង​ផ្លូវ ដែល​ធ្វើ​ឱ្យបាត់​បង​សណ្តាប់​ធ្នាប់​សា​ធារណៈ»​។

ចំពោះ​​វិធាន​ការ​បន្ត លោក សុខ ពេញ​វុ​ធ បាន​អះអាង​ថា សមត្ថកិច្ច​នឹង​អនុវត្ត​ចាប់​ពីពេល​នេះ​តទៅ​មិន​មាន​ការលើក​លែង​នោះទេ ដោយ​មិន​អនុញ្ញាត​ឱ្យមាន​ការ​ចត លក់​រថយន្ត ឬ​ឈប់​អនាធិប​តេយ្យ​នៅលើ​ទ្រូងផ្លូវ ​ដែល​បង្ក​ការ​កក​ស្ទះ ជា​ពិសេស​គឺ​លើ​ផ្លូវ ដែលមាន​សញ្ញា​ហាម​ចត ឬ​ឈប់​។

លោក​ថ្លែងថា​ ជាមួយនឹង​ការអនុវត្ត​វិធាន​ការ​នេះ រដ្ឋបាល​ខណ្ឌនឹង​បន្ត​ពង្រឹង​មន្ត្រី​យុត្តិធ​ម៌ ជាពិសេស​​មន្ត្រី​នគរបាល​ចរា​ចរណ៍​ខណ្ឌ​ឱ្យអនុវត្ត​បាន​តឹង​រ៉ឹងដើម្បី​រក្សា​សណ្តាប់​ធ្នាប់​ទូទាំង​ខណ្ឌ​​ឱ្យមាន​ប្រសិទ្ធ​ភាពខណៈ​យាន​យន្ត​ទាំងនេះ ត្រូវបាន​រក្សាទុ​ក​នៅរ​ដ្ឋ​បាល​ខណ្ឌដើម្បី​​ដោះ​ស្រាយ​ជាមួយ​ម្ចាស់ ដោយ​មិន​មាន​ការផាក​ពិន័យ​នោះ​ទេ។

ប៉ុន្តែ​លោកថា ម្ចាស់​យាន​យន្តត្រូ​វ​ធ្វើកិច្ច​សន្យា​ដោយ​ហាម​ល្មើសប​ម្រាម​នេះ​តទៅទៀ​ត ហើយ​ចំពោះ​យាន​យន្ត​ដែល​ល្មើស​នឹង​បម្រាម​ជាថ្មី អាច​នឹង​ត្រូវ​បាន​ឃាត់ទុក​ក្នុង​រយៈ​ពេល​យូរ និង​មានការ​ផាក​ពិន័យ​អន្តរ​ការណ៍​ផង​ដែរ។​

លោក​​បញ្ជាក់​ថា៖ «មកទ​ល់​ម៉ោង​នេះ (ព្រឹក​ថ្ងៃ​ទៅ​ទី ១៣) មាន​ការធ្វើ​កិច្ច​សន្យា​ហាម​ចត និង​អប់រំ​ណែនាំ​គាត់ បាន​ចំនួន ៨ គ្រឿង ដែល​ពួក​គាត់ គឺជា​ប្រជា​ពលរដ្ឋ​ទូទៅ។ ដោយ​ឡែក​ចំពោះ​រថយន្ត​ដាក់តាំង​លក់ គឺ​យើង​អនុវត្ត​វិធាន​ការ​រដ្ឋបាល​រាង​តឹង​បន្តិច ដោយ​ត្រូវ​រក្សាទុក ៣ ទៅ ៥ ថ្ងៃ បាន​ប្រគល់​ជូន​ម្ចាស់​វិញ ដោយ​គ្រាន់​តែ​ធ្វើ​កិច្ច​សន្យា»​។

កន្លង​មក រដ្ឋបាល​ខណ្ឌដូ​នពេញ​ បាន​ចុះ​អនុវត្ត​ការរៀបចំ​សណ្តាប់​ធ្នាប់ និង​របៀ​បរៀបរ​យ​នៅលើ​ទ្រូងផ្លូវ និង​ចិ​ញ្ចើមផ្លូ​វ​សាធា​រណៈ​បាន​ស្អាត​ជាប្រចាំ។ ប៉ុន្តែ​ក្រោយពេ​ល​បញ្ចប់​ការបិទ​ខ្ទប់​រាជធានី​ភ្នំពេញ​មក រដ្ឋបាល​ខណ្ឌ​បាន​សង្កេត​ឃើញ​មាន​ពលរដ្ឋ​​មួយចំនួ​ន​តូច​បាន​យក​រថយន្ត​មក​ដាក់តាំង​លក់​នៅលើ​ទ្រូងផ្លូវនិង​ចិញ្ចើម​ផ្លូវ​សាធារណៈ ដែល​ធ្វើឱ្យ​បាត់បង់​សោភ​ណភាព សណ្តាប់​ធ្នាប់ របៀបរៀប​រយ​សាធារ​ណៈ និង​ធ្វើឱ្យ​កកស្ទះ​ចរាច​រណ៍​យ៉ាង​ខ្លាំង។​

ដោយ​មើល​ឃើញ​ដូច្នេះ រដ្ឋបាល​ខណ្ឌដូន​ពេញ កាលពី​ថ្ងៃទី ៨ ខែមិថុនា​ បាន​ចេញ​សេចក្តីជូន​ដំណឹង​មួយ​ដោយ​បាន​ដាក់​ចេញ​ជាគោល​ការណ៍​មួយ​ចំនួន ដោយ​មិន​អនុញ្ញាត​ឱ្យមាន​ការដាក់​តាំង​លក់ និង​ចត​រថយន្ត​គ្រប់​ប្រភេទ​នៅលើ​ទ្រូង​ផ្លូវ និង​ចិញ្ចើម​ផ្លូវ​សា​ធារណៈ​​ជាដាច់​ខាត​ចាប់ពី​ពេលនេះ​​តទៅ។ ​

សេចក្ដី​ជូនដំណឹ​ងនេះបា​ន​ទុក​ពេលត្រឹម​ថ្ងៃទី ១២ ខែ មិ​ថុនា​ ឆ្នាំ ២០២១​ ដើ​ម្បីឱ្យ​ម្ចាស់​យក​រថយន្ត​ចេញពី​ទីតាំង​ខាង​លើនេះ​​ជា​កំហិតហើយ​ក្នុងករណី​នៅតែ​មិន​អនុវត្ត​តាម​ នោះរដ្ឋបាល​ខណ្ឌដូ​នពេញ​​នឹង​ចុះ​អនុវត្ត​វិធាន​ការ​រដ្ឋ​បាល ហើយ​រាល់​ការខូច​ខាត​បាត់​បង់​ទ្រព្យ​សម្បត្តិ​គឺ​មិន​ទទួលខុ​សត្រូវ​​ឡើយ។​

ជាព​លរដ្ឋម្នា​ក់រស់នៅក្នុ​ងខណ្ឌដូ​នពេញ អ្នក​ស្រី ម៉ានី បានសា​ទរចំ​ពោះចំណាត់​ការរ​បស់អាជ្ញាធ​រខណ្ឌ​ក្នុងកា​រ​ចុះ​អនុវត្ត​វិធាន​ការ​នេះដោ​យលើក​ឡើងថា​ផ្លូវនៅតំ​បន់ខ្លួន​រស់​នៅ គឺរាង​តូច​ចង្អៀត​ហើយបើ​ចតយា​នយន្ត​ច្រីន ឬច​តទាំងស​ង្ខាងផ្លូវ​ នឹងធ្វើឱ្យ​អ្នកធ្វើ​ដំណើរពិ​បាក និង​មាន​ការស្ទះ​ចរាច​រណ៍។​

ប៉ុន្តែយ៉ាង​ណា អ្នកស្រី ម៉ានី បាន​ទទូច​ឱ្យអា​ជ្ញាធរ ​គួរប​ង្កើតកន្លែង​ចត​សា​ធារណៈ​ឱ្យបានច្រើ​ននៅក្នុង​ខណ្ឌ ដើម្បីប​ង្ក​លក្ខណៈ​ងា​យស្រួល​ដ​ល់ព​លរដ្ឋ​ក្នុងកា​រទុក​ដាក់​យាន​យន្ត​របស់ពួ​កគេឱ្យបា​នត្រឹម​ត្រូវចៀ​សវា​ងចត​នៅលើ​ផ្លូវបែ​ប​នេះ។

អ្នក​​ស្រី​បញ្ជាក់​ថា៖​ «វាក៏អាច​ពិបាក​ដែរ​សម្រាប់​ម្ចាស់ផ្ទះ​ដែល​មាន​រថយន្ត ​ព្រោះមិន​ដឹង​យក​យាន​យន្តទៅ​ចតនៅ​កន្លែង​​ណា​ក្រៅពីមុខ​ផ្ទះ​របស់​ខ្លួន។​តំបន់​របស់​យើង​មិនទាន់​មាន​ចំណត​សាធា​រណៈ​សម្រាប់​ចតនោះ​ទេដែល​ធ្វើឱ្យ​ពិបាក​ដល់​អ្នក​មាន​យាន​យន្ត»​។

លោក គង់ សុវណ្ណ អ្នក​ជំនាញ​សុខភាព​សា​ធារណៈ និង​ជា​នាយក​កម្មវិធី​មូលនិធិ​សុវត្ថិ​ភាព​អន្តរ​ជាតិ បានថ្លែង​ថា ជា​ការ​ពិត ការដាក់​តាំង​លក់​រថយន្ត​លើ​ចិញ្ចើមឬ​ទ្រូងផ្លូវ​សា​ធារណៈ គឺ​ពិតជា​បង្ក​ឱ្យ​ផ្លូវ​រួម​តូច​ចង្អៀត និង​ឈាន​ទៅដល់​ភាព​កកស្ទះ​ចរាច​រណ៍​ហើយ​នឹង​បង្ក​ផល​ប៉ះ​ពាល់​ជាច្រើន​ទៀត។ ដូច្នេះ​លោក​រំពឹងថា​អាជ្ញាធ​រ​មាន​សមត្ថ​កិច្ច​គួរតែ​អនុវ​ត្តវិធាន​ការ​នេះឱ្យ​បាន​គ្រប់​គ្នា​៕

វីដេអូ៖