The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ជំរឿន​សត្វ​ត្មាត​ឆ្នាំនេះ​ត្រូវធ្វើ​ ៥ ​ដង​ទៀត ខណៈ​លើក​ទី​១ ​រកឃើញ​ ៨២ ​ក្បាល




ជំរឿន​សត្វ​ត្មាត​ឆ្នាំនេះ​ត្រូវធ្វើ​ ៥ ​ដង​ទៀត ខណៈ​លើក​ទី​១ ​រកឃើញ​ ៨២ ​ក្បាល

Content image - Phnom Penh Post
សត្វត្មាត​នៅ​អាហារដ្ឋាន​ខេត្តព្រះវិហារ​ពីថ្ងៃ​ទី​ ១០ ​មិថុនា​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ជំរឿន​សត្វ​ត្មាត​ឆ្នាំនេះ​ត្រូវធ្វើ​ ៥ ​ដង​ទៀត ខណៈ​លើក​ទី​១ ​រកឃើញ​ ៨២ ​ក្បាល

ភ្នំពេញៈ ​តាម​លទ្ធផល​ជំរឿន​សត្វត្មាត​​ដែល​ធ្វើឡើង​ដោយ​ក្រសួងបរិស្ថាន និង​អង្គការ​ដៃគូ​កាលពី​ថ្ងៃទី​ ៩ ខែមិថុនា​ឆ្នាំនេះ នៅ​ទីតាំង​ចំនួន​ ៤ ក្នុង​តំបន់​ការពារ​ធម្មជាតិ​ខេត្តព្រះវិហារ មណ្ឌលគិរី ស្ទឹងត្រែង និង​ខេត្តក្រចេះ​បាន​កត់ត្រា​វត្តមាន​សត្វត្មាត​ចំនួន ៨២ ​ក្បាល​ ខណៈ​ជំរឿន​នេះ​នឹងធ្វើ​ ៥ ​ដង​ទៀត​ដើម្បី​សន្មត​ពី​ចំនួន​សត្វ​ត្មាត​ឆ្នាំនេះ​ថា តើ​ធ្លាក់ចុះ​​ ឬ​កើនឡើង​។ នេះ​បើតាម​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​។

លោក​ នេត្រ ភក្ត្រា បាន​ថ្លែង​កាលពី​​ថ្ងៃទី​ ១២ ខែមិថុនា ថា ក្រោយពី​បើក​ការជំរឿន​សត្វត្មាត​នៅ​ទីតាំង​ចំនួន​ ៤ ​កន្លែង​នេះ កាលពី​ថ្ងៃទី​ ៩ ខែមិថុនា​ កន្លងទៅ ក្រុមការងារ​បច្ចេកទេស​បាន​កត់ត្រា​វត្តមាន​សត្វត្មាត​ចំនួន​ ៨២ ​ក្បាល​។

ក្នុងនោះ មាន​ត្មាតភ្លើង​ ១៣ ​ក្បាល ត្មាតផេះ​ ៤២ ​ក្បាល និង​ត្មាតត្នោត​ ២៧ ​ក្បាល​។ វត្ដ​មាន​សត្វត្មាត​​ទាំងនេះ ត្រូវបាន​កត់ត្រា​ឃើញ​ចំនួន​ ២៣ ​ក្បាល នៅ​អាហារដ្ឋាន​ត្មាត​ខេត្តព្រះវិហារ​,​ចំនួន​ ៥២ ​ក្បាល នៅ​អាហារដ្ឋាន​ត្មាត​ខេត្តស្ទឹងត្រែង និង​ចំនួន​ ៧ ​ក្បាល​ នៅ​អាហារដ្ឋាន​ត្មាត​ខេត្តក្រចេះ តែ​មិនមាន​វត្តមាន​សត្វ​ត្មាត​នៅ​អាហារដ្ឋាន​ខេត្តមណ្ឌលគិរី​ទេ​។

លោក​បាន​ថ្លែងថា​៖ «​ដើម្បី​សន្និដ្ឋាន​ថា ចំនួន​ប្រជាសាស្ត្រ​នៃ​សត្វ​ត្មាត​ដែល​ជា​ប្រភេទ​សត្វ​កម្រ​ជិត​ផុតពូជ​លើ​ពិភពលោក​មាន​ការថយចុះ ឬ​កើនឡើង ក្រុម​ការងារ​បច្ចេកទេស​ក្រសួង​បរិស្ថាន និង​អង្គការ​ដៃគូ​នឹង​បន្តធ្វើ​ជំរឿន​ទូទាំងប្រទេស​ចំនួន ៥ ​ដង​ទៀត​គឺ​គ្រោង​នឹងធ្វើ​នៅ​ថ្ងៃទី​ ២០ ខែ មិថុនា ថ្ងៃទី​ ១០ ខែកញ្ញា ថ្ងៃទី​ ២០ ខែកញ្ញា ថ្ងៃទី​ ១០ ខែធ្នូ និង​ថ្ងៃទី​ ២០ ខែធ្នូ ឆ្នាំ​ ២០២១»​។

លោក​បានឱ្យដឹងថា ជំរឿន​សត្វត្មាត​ប្រចាំឆ្នាំ​នៅ​កម្ពុជា​នេះ​គឺជា​ការអង្កេត​តាមដាន​ជីវចម្រុះ​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​នៅ​កម្ពុជា​ដើម្បី​ដឹងថា តើ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​មាន​វត្តមាន​សត្វព្រៃ ជីវចម្រុះ​អ្វីខ្លះ ដើម្បី​ងាយស្រួល​រៀបចំ​ផែនការ​ការពារ និង​អភិរក្ស​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ សំដៅ​ថែរក្សា​ឱ្យបាន​នូវ​ជីវចម្រុះ​ដែល​កម្ពុជា​មាន​។

លោក​បាន​បន្តថា ការធ្វើ​ជំរឿន​សត្វត្មាត​នៅ​កម្ពុជា​គឺធ្វើឡើង​ដោយ​ការប្រមូល​ទិន្នន័យ​ពី​ ៤ ​ទីតាំង​ផ្សេងគ្នា ក្នុង​ពេល ឬ​ថ្ងៃ​តែ​ ១ ដើម្បី​ឱ្យ​ប្រាកដថា ចំនួន​សត្វ​ត្មាត​មិន​បាន​ចុះ​ស៊ី​ចំណី នៅ​កន្លែង​ផ្សេងគ្នា​។

បើតាម​លោក ភក្ត្រា លទ្ធផល​ជំរឿន​សត្វត្មាត​ទូទាំង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២០ ​គឺ​ចំនួន​សត្វត្មាត​ច្រើន​បំផុត​មានតែ​ ១២៩ ​ក្បាល​ប៉ុណ្ណោះ​។

ពួកវា​រស់នៅ​ជា​ហ្វូង ហើយ​ស៊ី​សាកសព​ជា​អាហារ​។ ​មូលហេតុ​ដែល​នាំឱ្យ​​សត្វត្មាត​នៅ​កម្ពុជា​ធ្លាក់ចុះ​ខ្លាំង ដោយសារ​មាន​ការគំរាមកំហែង​ខ្លាំង​បំផុត​ពី​ការបំពុល​របស់​មនុស្ស ការបាត់បង់​ជម្រក ការខ្វះខាត​ចំណី​អាហារ ការបរបាញ់ និង​ការដាក់អន្ទាក់​។

លោក​បាន​បញ្ជាក់ថា​៖ «​ប្រជាសហគមន៍​នៅតាម​តំបន់​មួយចំនួន​​បាន​ប្រើប្រាស់​ថ្នាំពុល​ដាក់​ទៅក្នុង ​ឬ​ជុំវិញ​ត្រពាំង​ ដើម្បី​ចាប់​សត្វ​ស្លាប និង​ថនិកសត្វ​ផ្សេងៗ ហើយ​ការបំពុល​នេះ​ក៏​ជា​មូលហេតុ​ចម្បង​ដែល​បណ្ដាល​ឱ្យ​សត្វត្មាត​ងាប់​ដែរ ដោយសារ​តែ​សត្វ​ត្មាត​ទាំងនោះ​ស៊ី​សាកសព​សត្វ​ងាប់​ ដោយសារ​តែ​ថ្នាំពុល​នោះ​»​។

លោក កែន សេរីរដ្ឋា នាយក​កម្មវិធី​នៃ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា​ (WCS) ​បាន​ឱ្យដឹងថា ចាប់ពី​ខែ​មករា ដល់​ខែ​ឧសភា ឆ្នាំ​ ២០២១ អង្គការ​ WCS បាន​រៀបចំ​ផ្តល់​ចំណី​បន្ថែម​តាមរយៈ​ការធ្វើ​អាហារដ្ឋាន​ត្មាត​ចំនួន​ ១០ ​ដង ដើម្បី​តាមដាន​ចំនួន​សត្វត្មាត​។ ​ប្រភេទ​សត្វត្មាត​ជិត​ផុត​ពូជ​បំផុត​ដែលមាន​វត្តមាន​នៅ​​កម្ពុជា​គឺ​ត្មាតផេះ​ (Gyps bengalensis) ​ត្មាតភ្លើង​ (Sarcogypscalvus) និង​ត្មាតត្នោត​ (Gyps tenuirostris)​។

លោក​ថ្លែងថា​៖ «​អង្គការ​ WCS សហការ​ជាមួយ​ក្រសួង​បរិស្ថាន​ធ្វើការ​អនុវត្ត​នូវ​សកម្មភាព​អភិរក្ស​នៅតាម​តំបន់​ការពារ​ធម្មជាតិ​តាមរយៈ​ការផ្តល់​ចំណី​បន្ថែម និង​ការការពារ​សម្បុក​ពង​កូន អភិវឌ្ឍ​នូវ​ការយល់ដឹង​ស៊ីជម្រៅ​នៃ​កត្តា​ប្រឈម​ដល់​សត្វ​ត្មាត​នៅក្នុង​ខេត្តព្រះវិហារ​»​។

លោក​បានឱ្យដឹង​ដែរ​ថា បច្ចុប្បន្ន​អង្គការ WCS កំពុង​អនុវត្ត​គម្រោង​អភិរក្ស​ជីវចម្រុះ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ចំនួន​ ៤ ​រួមមាន ដែន​ជម្រក​សត្វព្រៃ​គូលែន​ព្រហ្មទេព​ (KPWS) ​ដែនជម្រក​សត្វព្រៃ​ឆែប​ (CWS) ​ដែនជម្រក​សត្វព្រៃ​ព្រះរកា​ (PRWS) ​និង​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំត្បែង​ (PTNHP) ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះវិហារ​ដែលមាន​ផ្ទៃដី​សរុប​ជាង​កន្លះ​លាន​ហិកតា​។

តំបន់​ការពារ​ធម្មជាតិ​ទាំង​ ៤ ​នេះ​បាន​គាំទ្រ​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន​ជិត​ ១ ​ម៉ឺន​គ្រួសារ និង​សត្វព្រៃ​រង​ការគំរាមកំហែង​ជា​សកល​ជាង​ ៣០ ​ប្រភេទ ដូចជា ដំរី​អាស៊ី និង​សត្វ​ស្លាប​ជិត​ផុត​ពូជ​បំផុត​រួមមាន​ត្មាតផេះ ត្មាត​ត្នោត ត្មាតភ្លើង ត្រយង​យក្ស និង​ត្រយង​ចង្កំកស​។

ការធ្វើ​ជំរឿន​សត្វត្មាត​នៅ​ប្រទេស​កម្ពុជា​ត្រូវបាន​អនុវត្ត​ និង​ចូលរួម​ដោយ​ក្រុមការងារ​សត្វត្មាត​កម្ពុជា​ (CVWG) ​សហការ​ជាមួយ​ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ អង្គការ Birdlife International ​អង្គការ​ WWF មជ្ឈមណ្ឌល​អង្គរ​ ដើម្បី​អភិរក្ស​ជីវចម្រុះ​ (ACCB) ​និង​អង្គការ​ WCS៕

អត្ថបទគួរចាប់អារម្មណ៍