ព្រះសីហនុៈ អនុព័ន្ធយោធា ប្រចាំ​ស្ថានទូត​សហរដ្ឋអាមេរិក លោក Marcus M. Ferrara បាន​ចុះ​ធ្វើ​ទស្សនកិច្ច​មួយ​ទៅកាន់​មូលដ្ឋានទ័ព​រាម ដែល​មន្ត្រី​សហរដ្ឋអាមេរិក​តែង​សង្ស័យថា មាន​វត្តមាន​យោធា​ចិន និង​សង្ស័យ​អំពី​ការសាងសង់​ជា​មូលដ្ឋានទ័ព​ចិន​នៅ​ទីនោះ​។

ការអនុញ្ញាត​ឱ្យ​មាន​ដំណើរ​ទស្សនកិច្ច​នៅ​ថ្ងៃទី​ ១១ មិថុនា​នេះ ធ្វើឡើង​ បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ១ មិថុនា បាន​ជួបពិភាក្សា​ជាមួយ​លោកស្រី​អនុរដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក Wendy Sherman ដែល​ពេលនោះ​លោក ហ៊ុន សែន អនុញ្ញាត​ឱ្យ​អនុព័ន្ធយោធា ប្រចាំ​ស្ថានទូត​អាមេរិក ចុះ​ធ្វើ​ទស្សនកិច្ច​ទៅ​មូលដ្ឋានទ័ព​រាម​។

ប៉ុន្តែ​ដំណើរ​ទស្សនកិច្ច​កាលពី​ថ្ងៃទី ១១ ​មិថុនា​ត្រូវបាន​បញ្ចប់​តែ​ក្នុង​ពេល​ ១ ​ព្រឹក ហើយ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ក៏​បានចេញ​សេចក្ដី​ថ្លែងការណ៍​ថា​៖ «​នៅក្នុង​ពេល​ទស្សនកិច្ច​ដ៏ខ្លី​នោះ មន្ត្រី​យោធា​កម្ពុជា​មិន​បាន​អនុញ្ញាត​ឱ្យ​លោក​អនុព័ន្ធយោធា [Ferrara] ចេញចូល​គ្រប់​ច្រកល្ហក​នៅក្នុង​មូលដ្ឋាន​កងទ័ព​ជើងទឹក​នោះទេ​»​។

ដើម្បី​បញ្ជាក់បន្ថែម​អំពី​ដំណើរ​ទស្សនកិច្ច​របស់លោក Ferrara ភ្នំពេញ ​ប៉ុស្តិ៍ បាន​សាកសួរ​ទៅ​ស្ថានទូត​សហរដ្ឋអាមេរិក​ថា តើ​ពាក្យ​ «​ចេញចូល​គ្រប់​ច្រកល្ហក​» full access មាន​ន័យ​ដូចម្ដេច ហើយ​ថា តើ​សហរដ្ឋអាមេរិក ធ្លាប់​បានធ្វើ​ដូច្នេះ​នៅក្នុង​មូលដ្ឋានទ័ព​នៃ​ប្រទេស​ដទៃ​ដែល​មិនមែន​ជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន​នោះ​ឬ​ទេ​? អ្នកនាំពាក្យ​ស្ថានទូត​លោក Chad Roedemeier ឆ្លើយ​ដោយ​ត្រឹម​ថា​៖ «​យើង​បានបញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​រួចហើយ​»​។

ភ្នំពេញ ប៉ុស្តិ៍ បាន​ដាក់​សំណួរ​បន្ថែមថា តើ​លោក Ferrara បានឃើញ និង​មិន​បានឃើញ​អ្វីដែល​លោក​សង្ស័យ​ទេ នៅ​មូលដ្ឋាន​ទ័ព​រាម ប៉ុន្តែ​អ្នក​នាំពាក្យ​ថ្លែងថា លោក​មិន​នៅ​ការិយាល័យ​រហូត​ដល់​ថ្ងៃទី​ ១៥ កក្កដា​។

នៅ​ថ្ងៃអាទិត្យ ទី​ ១២ មិថុនា ភ្នំពេញ ​ប៉ុស្តិ៍ បាន​ព្យាយាម​សួរ​បន្ថែម ទាំង​តាម​អ៊ីមែល និង​តាម​ហ្វេសប៊ុក​ជាពិសេស ថា​តើ​លោក Ferrara បាន​ស្នើសុំ​ទៅ​មើល​កន្លែង​ណា ដែល​ភាគី​កម្ពុជា​បាន​បដិសេធ ហើយ​ថា តើ​សហរដ្ឋអាមេរិក​នឹងធ្វើ​ទស្សនកិច្ច​បែបនេះ ទៅ​មូលដ្ឋាន​យោធា​នៃ​ប្រទេស​ផ្សេងទៀត​ដោយ​សង្ស័យថា មាន​វត្តមាន​ចិន​ដែរ​ឬ​ទេ​?​។ ប៉ុន្តែ​អ្នកនាំពាក្យ​ស្ថានទូត​បាន​ប្រាប់ថា លោក​មិនមាន​ចម្លើយ​លើ​សំណួរ​ទាំងអស់​នោះទេ​។

ភ្នំពេញ​ប៉ុស្តិ៍ ក៏បាន​សុំ​ការបញ្ជាក់​ពី​ភាគី​កម្ពុជា​ថា តើ​លោក Ferrara ត្រូវបាន​អនុញ្ញាត​ឱ្យ​ទៅ​មើល​កន្លែង​ណាខ្លះ ហើយ​កន្លែង​ណា​ដែល​លោក​មិនបាន​មើល​។

លោក​ឧត្តមសេនីយ៍ឯក សួន សំណាង អគ្គនាយករង អគ្គនាយកដ្ឋាន​នយោបាយ និង​កិច្ចការបរទេស​ក្រសួង​ការពារជាតិ តំណាង​ក្រសួង​ការពារជាតិ​ដែល​ទទួល​ស្វាគមន៍ លោក Ferrara បានបញ្ជាក់​ប្រាប់ថា លោក Ferrara បាន​ទៅ​មើល​កន្លែង​ជាច្រើន ដែល​គាត់​សង្ស័យថា មាន​វត្តមាន​យោធា​ចិន ជាពិសេស​កន្លែង​ដែលមាន​ការរុះរើ​ទីបញ្ជាការដ្ឋាន​ជួរមុខ​របស់​គណៈកម្មការ​ជាតិ​លម្ហ​សមុទ្រ​។

លោក​ថា លោក Ferrara បាន​ទៅ​មើល​កំពង់ផែរាម មើល​នាវា មើល​រោង​ជាង​ដែល​ជា​ជំនួយ​របស់​អូស្ត្រាលី ដែល​នៅ​ក្បែរ​នោះ មន្ទីរពេទ្យ និង​ទីបញ្ជាការដ្ឋាន​ជួរមុខ​របស់​គណៈកម្មការ​ជាតិ​លម្ហ​សមុទ្រ​នៅ​កោះព្រាប​។

លោក​ថ្លែង​ដូច្នេះ​ថា​៖ «​យើង​បាន​រៀបចំ​កន្លែង​សំខាន់ៗ​ដែល​គាត់​ចង់ទៅ​ ដើម្បី​ជម្រះ​ការមន្ទិល​សង្ស័យ​របស់គាត់ ដូចជា​ការចោទប្រកាន់ថា មាន​មូលដ្ឋាន​យោធា​ចិន​ជាដើម​»​។

ស្រដៀង​គ្នា​នេះ លោក ណឹម សុវត្ថិ ទីប្រឹក្សា​រដ្ឋមន្ត្រី​ការពារជាតិ លោក​ ទៀ បាញ់ និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​នយោបាយ និង​កិច្ចការបរទេស​នៃ​ក្រសួង​ការពារជាតិ បាន​បង្ហាញ​ការភ្ញាក់ផ្អើល និង​ប្រតិកម្ម​ទៅនឹង​សេចក្ដី​ថ្លែងការណ៍​របស់​ស្ថានទូត​សហរដ្ឋអាមេរិក​។

លោក​ថ្លែង​ដូច្នេះ​ថា​៖ «​អ្វីដែល​យើង​ឃើញ​ព័ត៌មាន​ចេញពី​ស្ថានទូត​គឺ​ប្រាសចាក​ពី​ភាពជាក់ស្តែង និង​ការពិត​។ វា​ជា​ការយល់​ខុស​មួយ​យ៉ាង​ធំ​ដែលថា​យើង​មិន​សហការ​នោះ គឺ​យើង​បានធ្វើ​យ៉ាង​ល្អ តាម​ក្បួនខ្នាត​ដែល​មាន​ហើយ​ដែល​លើកឡើង​ដោយ​ថ្នាក់ដឹកនាំ​»​។

ក្រសួង​ការពារជាតិ​កាលពី​ថ្ងៃទី​ ១២ មិថុនា ក៏​បានចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​បញ្ជាក់បន្ថែម​អំពី​ដំណើរ​ទស្សនកិច្ច​នេះ ដោយ​ក្រសួង​បញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​ទៅ​ទីតាំង​ដូច​រៀបរាប់​ខាងលើ ចំណាយពេល​ប្រមាណ ៣ ​ម៉ោង ដោយ​ចាប់ផ្ដើម​ដំណើរការ​ពី​ម៉ោង​ ៩ ​ព្រឹក​ទៅ​។ ប៉ុន្តែ​បន្ទាប់ពី​បានបញ្ចប់​ការធ្វើ​ទស្សនកិច្ច ទៅ​ទីកន្លែង​ខាងលើ អនុព័ន្ធយោធា​បាន​បង្កើត​សេណារីយ៉ូ​ថ្មី​ភ្លាម ដោយ​ស្នើ​ទៅ​ទស្សនា​កន្លែង​ផ្សេងទៀត ដែល​មិនបាន​ស្នើសុំ​ពីមុន ប៉ុន្តែ​ក្រុមការងារ​បាន​បដិសេធ​ការស្នើសុំ​នេះ​។

ក្រសួង​ការពារជាតិ​សន្និដ្ឋាន​ដូច្នេះ​ថា​៖ «​ផ្អែកលើ​កត្តា​ទាំងអស់​ខាងលើ ក្រសួង​ការពារជាតិ ចាត់ទុក​ប្រតិកម្ម​របស់​ស្ថានទូត​សហរដ្ឋអាមេរិក ជា​ការព្យាយាម​បង្កើត​បញ្ហា​ថ្មី និង​បំភ្លៃ​ការពិត ដែល​នាំឱ្យ​មាន​ភាពល្អក់កករ​កាន់តែ​ខ្លាំង​ឡើងដល់​ទំនាក់ទំនង​យោធា​រវាង​ប្រទេស​ទាំង​ ២»​។

ក្រសួង​ការពារជាតិ ស្នើសុំ​ដោយ​ទទូច​ដល់​សហរដ្ឋ​អាមេរិក​ឱ្យ​បញ្ឈប់​ការបង្កើត​សេណារីយ៉ូ​ថ្មី​ដែល​នាំមក​នូវ​ភាពអវិជ្ជមាន និង​សូមឱ្យ​គោរព​ដល់​អធិបតេយ្យ និង​លក្ខការណ៍​កងទ័ព​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។ ចំពោះ​សំណើសុំ​ធ្វើ​ទស្សនកិច្ច​នាពេល​អនាគត​ក្រសួង​នឹង​ពិចារណា​យ៉ាង​ហ្មត់ចត់​តាម​ករណី​នីមួយៗ​។

ក្រសួង​បន្តថា​៖ «​សកម្មភាព​ទាំងឡាយណា នៅក្នុង​បរិវេណ​មូលដ្ឋាន​កងទ័ព​ដែល​បាន​ទទួល​ការអនុញ្ញាត គឺជា​ការធ្វើ​ទស្សនកិច្ច​ពុំមែន​ជា​ការទៅ​ធ្វើការ​ត្រួតពិនិត្យ​ ឬ​ឆែកឆេរ​នោះឡើយ​»​។

ទាំង​ក្រសួង និង​មន្ត្រី​នៃ​ក្រសួង​ការពារជាតិ មិន​បាន​បញ្ជាក់​ច្បាស់​ថា តើ​អនុព័ន្ធយោធា​នៃ​ស្ថានទូត​អាមេរិក​បាន​ស្នើសុំ​ទៅ​កន្លែង​ណា​ដែល​ត្រូវបាន​បដិសេធ​នោះទេ​។

លោក គិន ភា ប្រធាន​វិទ្យាសា្ថន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​ជឿជាក់ថា គ្មាន​ប្រទេស​ណាមួយ​ដែល​អនុញ្ញាត​ឱ្យ​មាន​ការដើរ​មើល​គ្រប់កន្លែង ដោយ​គ្មាន​លក្ខខណ្ឌ​សម្រាប់​អនុព័ន្ធយោធា​បរទេស ប្រៀប​ដូច​ព្រះរាជអាជ្ញា​ចុះ​ឆែកឆេរ​តាម​ដីកា​នោះទេ​។

លោក​ថ្លែងថា ការជម្រះ​មន្ទិលសង្ស័យ រឿង​វត្តមាន​មូលដ្ឋាន​យោធា​ចិន គួរ​ត្រូវបាន​ធ្វើឡើង ដោយ​មាន​បែបបទ​ច្បាស់លាស់​មួយ ដើម្បី​ធានា​មិន​ឱ្យ​មាន​ការរំលោភ លើ​ការសម្ងាត់​ដែល​មិន​ពាក់ព័ន្ធ​នឹង​បញ្ហា​វត្តមាន​កងទ័ព​ចិន​។

លោក​បញ្ជាក់ថា​៖ «​កុំថាឡើយ​អនុព័ន្ធ​យោធា​បរទេស សូម្បី​ពលរដ្ឋ​សាមញ្ញ​ធម្មតា ក៏​គេ​មិន​ឱ្យ​ចូលទៅ​គ្រប់​ទីកន្លែង​ក្នុង​មូលដ្ឋាន​យោធា​ដែរ​។ សំណួរ​ដែល​យើង​គួរ​សួរ​ទៅ​សហរដ្ឋអាមេរិក​វិញ​គឺថា តើ​ពលរដ្ឋ​សាមញ្ញ​អាច​ចូលទៅ​មូលដ្ឋាន​យោធា​របស់​អាមេរិក​នៅ​បរទេស​ប្រមាណ​ ៨០០ ​កន្លែង​ទេ​? យើង​មិនចាំបាច់​និយាយ​ពី​មូលដ្ឋានទ័ព​នៅក្នុង​ប្រទេស​អាមេរិក​ទេ​»​។

លោក​បន្តថា​៖ «​ការដែល​អនុញ្ញាត​ឱ្យ​អនុព័ន្ធ​យោធា​ប្រចាំ​ស្ថានទូត​ចូលទៅ​មើល​មូលដ្ឋាន​ទ័ពជើងទឹក​នេះ ជា​កាយវិការ​ទន់ភ្លន់​ណាស់​ទៅហើយ​។ ប៉ុន្តែ​ដូច​គេ​បាន​ដឹង​ហើយ យោធា គឺជា​បេះដូង និង​ព្រលឹង​របស់​សន្តិសុខ​ជាតិ ដែល​ត្រូវមាន​ការសម្ងាត់​»​។

លោក ហ្សង់ហ្វ្រង់ស័រ តាន់ អ្នកវិភាគ​ព្រឹត្តិការណ៍​អន្ដរជាតិ និង​ជា​អ្នកជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ​ថ្លែងថា​៖ «​ពាក្យ អនុញ្ញាត​មានន័យ​ច្បាស់​ហើយ​។ អនុញ្ញាត​ ឬ​មិន​អនុញ្ញាត មើល​ទីតាំង​ណា ឬ​មិន​ឱ្យមើល​ទីតាំង​ណា វា​ត្រូវតែ​ចេញពី​ការត្រូវរ៉ូវ​គ្នា​រវាង​ប្រទេស​ទាំង​ ២ និង​ពិសេស វា​ជា​សិទ្ធិ​របស់​ប្រទេស​អធិបតេយ្យ​»​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋមន្ត្រី​ការពារជាតិ​លោក ទៀ បាញ់ ធ្លាប់បាន​ច្រាន​ចោល​ការសង្ស័យ​ពី​មូលដ្ឋានទ័ព​ចិន​នេះ ជាច្រើន​លើក​រួចមកហើយ​ដោយ​លោក​បញ្ជាក់ថា រដ្ឋធម្មនុញ្ញ​កម្ពុជា មិន​អនុញ្ញាត​ឱ្យមាន​មូលដ្ឋានទ័ព​បរទេស​នៅលើ​​ទឹកដី​របស់​កម្ពុជា​ឡើយ​៕