ភ្នំពេញៈ ប្រទេស​កម្ពុជា​ នឹង​សម្រេច​បាន​លទ្ធផល​នៃ​ការចាក់​វ៉ាក់​សាំង​បាន​រហូត​ដល់ ​៣០% ​នៃ​ចំនួន​ចាក់​វ៉ាក់​សាំង​ធៀប​នឹង​គោល​ដៅ​មនុស្ស​ចំនួន​ ១០​ លាន​នាក់ ​នៅ​ទូទាំង​ប្រទេស ​នៅ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​។​​

លោក​ស្រី ​ឱ​ ​វណ្ណឌី​ន​ អ្នក​នាំពាក្យ​ក្រសួង​សុខាភិ​បាល ​និង​ជា​ប្រធាន​គណៈ​កម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំ​ង​បង្ការ​ជំងឺ​កូ​វីដ​ ១៩ ​ក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រ​ទេស​ បាន​លើក​ឡើង​នៅ​ថ្ងៃទី​ ១២ ​ខែ​មិថុនាថា​ នៅ​ប្រមាណ​ជា ​២ ​ទៅ​ ៣ ​ថ្ងៃ​ទៀត​ ​កម្ពុជា​នឹង​សម្រេច​បាន​ការចាក់​វ៉ាក់សាំង​រហូត​ដល់​ ៣ ​លាន​នាក់​។​

លោក​ស្រី​បាន​សរសេរ​លើ​បណ្តាញ​ Twitter​ ថា៖ «​​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ខាង​មុខ​នេះ​ យើង​នឹង​ឈាន​ដល់​ការ​សម្រេច​បាន​នូវ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​ ១៩​ របស់​យើង ​បាន​រហូត​ដល់​ចំនួន ៣​ លាន​នាក់​»​។​

លោក​ស្រី ​ឱ វណ្ណ​ឌី​ន ​បាន​បន្ថែម​ថា​៖​ «​ប្រទេស​កម្ពុជា ​ជា​ប្រទេស​តូច​មួយ ដែល​មាន​បេះដូង​ធំ​ហើយ​មាន​សំណាង​ណាស់​ដែល​មាន​សម្តេច​តេ​ជោ​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ ​សែន​ ​ជួយ​ប្រជាជន​ឱ្យ​ចាក់​វ៉ាក់​សាំង​បាន​លឿន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​»​។​

យោង​តាម​របាយ​ការណ៍​របស់​ក្រសួង​សុខាភិ​បាល​បាន​ឱ្យ​ដឹង​ថា​ គិត​ត្រឹម​ថ្ងៃ​ទី ​១៣ ​ខែ​មិថុនា ​កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ជូន​ប្រជា​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​បាន​ចំនួន​ ​២ ៩៣៩ ៥៤៣ ​នាក់​ ដែល​ស្មើ​នឹង ​២៩.​៤០%​ នៃ​ចំនួន​គោល​ដៅ​ប្រជា​ជន​ចំនួន ​១០ ​លាន​នាក់​។​

ជា​មួយ​គ្នា​នេះ​ដែរ​ ​លោក​ ទៀ​ បាញ់ ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ​បាន​បើក​កិច្ច​ប្រជុំ​នៅ​ព្រឹក​ថ្ងៃទី​ ១៤ ​ខែ​មិថុនា​នេះ ​ដើម្បី​បូក​សរុប​លទ្ធផល​យុទ្ធនា​ការងារ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​ ១៩ ជូន​ប្រ​ជា​ពលរដ្ឋ​កម្មករ​-​កម្មកា​រិនី និង​ជនបទ​រ​ទេស​ នៅ​ខណ្ឌ​ចំនួន​ ០៦ ​ក្នុង​ភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​៕