ព្រះវិហារៈ ប្រជាសហគមន៍​ក្នុង​តំបន់​ការពារ​ធនធាន​ធម្មជាតិ​ក្នុង​ខេត្ដ​ព្រះវិហារ​ បាន​ប្ដេជ្ញាចិត្ដ​ចូលរួម​អភិរក្ស​ព្រៃឈើ​ជាមួយ​មន្ដ្រី​ឧទ្យានុរក្ស និង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា​ (WCS) ​ដើម្បី​សម្រេចបាន​នូវ​ការលក់​ឥណទាន​កាបូន​ពី​ព្រៃឈើ​ក្នុង​​ខេត្ដ​នេះ ខណៈ​គម្រោង​នេះ​នឹង​ផ្ដល់​ប្រយោជន៍​ទាំង​ថវិកា និង​រក្សាបាន​ទាំង​ធនធាន​ធម្មជាតិ​។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ថ្លែង​ពេល​ចុះ​ធ្វើ​ទស្សនកិច្ច​ក្នុង​ដែនជម្រក​សត្វព្រៃ​ឆែប​ខេត្ដ​ព្រះវិហារ​កាលពី​ថ្ងៃទី​ ១០ ខែ​​មិថុនា​ថា ក្រសួង​បរិស្ថាន និង​អង្គការ​ WCS បាននិង​កំពុង​សិក្សា​ពី​លទ្ធភាព​ដើម្បី​លក់​ឥណទាន​កាបូន​នៅ​ភូមិ​​ភាគ​ខាងជើង​ដែល​គ្របដណ្តប់​លើ​តំបន់​ការពារ​ធនធាន​ធម្មជាតិ​មួយចំនួន​ក្នុង​ខេត្តព្រះវិហារ​។

លោក​ថ្លែងថា ក្រសួង​បរិស្ថាន​បាន​​អនុញ្ញាត​ឱ្យ​អង្គការ​ WCS ​អនុវត្ត​​នូវ​គម្រោង​រេដបូក​ (REDD+) ​នៅក្នុង​​តំបន់​ការពារ​ធម្មជាតិ​ចំនួន​ ៤ ​នៃ​ខេត្តព្រះវិហារ​រួមមាន ដែនជម្រក​សត្វព្រៃ​គូលែន​ព្រហ្មទេព ដែនជម្រក​សត្វព្រៃ​​ឆែប ដែនជម្រក​សត្វព្រៃ​ព្រះរកា និង​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ភ្នំ​ត្បែង​។

លោក​ថា​៖ «​តំបន់​ទាំង​ ៤ ​ដែល​ត្រូវ​សិក្សា​នេះ​ត្រូវបាន​យក​គំរូ​ (sample) ​ចំនួន​ ៤៣ ​ទីតាំង​ ដើម្បី​សិក្សា​វាយតម្លៃ​ ដើម្បី​ឱ្យ​មន្ត្រី​ជំនាញ​ផ្សេងទៀត​វាយតម្លៃ​មុននឹង​ដាក់លក់​លើ​ទីផ្សារ​អន្តរជាតិ​ដែលជា​ទីផ្សារ​ស្ម័គ្រចិត្ត​»​។

លោក ឡាច វិន ប្រធាន​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ព្រៃ​អណ្ដូង​ដងផ្លិត​នៃ​ដែនជម្រក​សត្វព្រៃ​ឆែប​បាន​លើកឡើង​ថា ពលរដ្ឋ​ក្នុង​សហគមន៍​បាន​សាទរ​ចំពោះ​គម្រោង​លក់​កាបូន​ពី​ព្រៃឈើ​ក្នុង​តំបន់​របស់​ពួកគេ​​ ព្រោះ​តាមរយៈ​គម្រោង​នេះ​នឹង​ជួយ​​ឱ្យ​ជីវភាព​ពលរដ្ឋ​រឹតតែ​មាន​ភាពប្រសើរ​មួយកម្រិត​ទៀត ក្រៅពី​ការទទួល​បាន​អនុផល​ពី​ព្រៃឈើ និង​ភ្ញៀវទេសចរ​។

លោក​បាន​បន្តថា​៖ «​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​នៅក្នុង​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ព្រៃ​អណ្ដូង​ដង​ផ្លិត​បាន​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ ព្រៃឈើ សត្វព្រៃ​ជាមួយ​មន្ដ្រី​ឧទ្យានុរក្ស និង​អង្គការ WCS ដូចជា ការការពារ​សត្វ ជម្រក​សត្វ​ត្មាត ទាព្រៃ​ស្លាបស និង​សត្វ​ត្រយង​ជាដើម​។ ពលរដ្ឋ​យើង​មាន​ជីវភាព​សមរម្យ ដោយ​ទទួលផល​ពី​ការអនុវត្ដ​គម្រោង​ការពារ​ធនធាន​ធម្មជាតិ​ផ្សេងៗ​នៅក្នុង​តំបន់​របស់​ពួកយើង​»​។

លោក ឡាច វិន បានឱ្យដឹងថា ក្រៅពី​ការប្រមូលផល​អនុផល​ធនធាន​ធម្មជាតិ​ពី​ព្រៃឈើ និង​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែល​មក​កម្សាន្ត​នៅ​​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ប្រជាសហគមន៍​ពួកគាត់​ក៏​បន្ត​ប្រកបរបរ​ធ្វើស្រែ​ចម្ការ​បន្ថែម​ផងដែរ​។

លោក​បាន​បន្តថា​៖ «​ពលរដ្ឋ​នៅក្នុង​សហគមន៍​យើង​យល់ដឹង​ច្រើន​ពី​តម្លៃ​នៃ​ធនធាន​ធម្មជាតិ និង​ព្រៃឈើ ទើប​​ប្ដេជ្ញា​ចូលរួម​ជាមួយ​មន្ដ្រី​ឧទ្យានុរក្ស​ក្នុង​ការថែរក្សា​ធនធាន​ធម្មជាតិ ព្រៃឈើ​។ បើ​យើង​ថែរក្សា​ព្រៃឈើ​ឱ្យ​គង់វង្ស​វា​នឹង​បន្សល់​កេរដំណែល​ដល់​កូនចៅ​យើង​ជំនាន់​ក្រោយៗ​ទៀត​»​។

រីឯ​លោក នង ដេង ប្រធាន​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ព្រៃឆែប​នៃ​ដែនជម្រក​សត្វព្រៃ​ឆែប​បាន​ឱ្យ​ដឹងថា បច្ចុប្បន្ន​ពលរដ្ឋ​ក្នុង​សហគមន៍​របស់លោក នៅតែ​បន្ត​ប្រមូលផល​អនុផល​ព្រៃឈើ ដូចជា ការដក​ផ្សិត បេះ​ផ្លែឈើ​ព្រៃលក់ និង​ការចៀរ​ជ័រទឹក​លក់​ជាដើម​។

លោក​បន្តថា​៖ «​ប្រជាពលរដ្ឋ​នៅក្នុង​សហគមន៍​យើង​បាន​ចែកវេន​គ្នា​ចូលរួម​ល្បាត​ព្រៃឈើ​ជាមួយ​មន្ដ្រី​ឧទ្យានុរក្ស​​ក្នុង​ ១ ​ខែ ៣ ​ដង​។ កាលពីមុន មាន​សកម្មភាព​កាប់​ឈើ និង​ការរុករាន​ទន្ទ្រាន​ព្រៃឈើ​យក​ដី​ធ្វើជា​កម្មសិទ្ធិ ប៉ុន្ដែ​តាំងពី​ព្រៃឈើ​នៅ​តំបន់​យើង​បាន​ដាក់​ជា​​តំបន់​ការពារ និង​អភិរក្ស​មក​គឺ​មិនសូវ​មាន​​ការកាប់​ទន្ទ្រាន​ព្រៃឈើ​ទៀត​ទេ​»​។

បើតាម​លោក ដេង ពលរដ្ឋ​ក្នុង​សហគមន៍​រាប់រយ​គ្រួសារ​កំពុង​បន្ត​របរ​​ចៀរ​ជ័រទឹក​លក់​ដោយ​ក្នុង​ ១ ​ខែ អាច​រក​ចំណូល​មធ្យម​ជិត​ ៥០០ ​ដុល្លារ​ពី​របរ​នេះ​។

លោក កែន សេរីរដ្ឋា នាយក​កម្មវិធី​នៃ​អង្គការ​ WCS ​បាន​ឱ្យដឹង​ដែរ​ថា បច្ចុប្បន្ន អង្គការ​ WCS ​កំពុង​អនុវត្ត​គម្រោង​អភិរក្ស​ជីវចម្រុះ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​​ទាំង​ ៤ ខាងលើ​ក្នុង​ខេត្តព្រះវិហារ​លើ​ផ្ទៃដី​សរុប​ចំនួន​ជាង​កន្លះ​លាន​ហិកតា​ (៥៤៦ ១២៩,៤១ ​ហិកតា​)​។​ តំបន់​ទាំង​ ៤ ​នេះ​គាំទ្រ​ដល់​ការរស់នៅ​របស់​ពលរដ្ឋ​នៅ​មូលដ្ឋាន​ជិត​ ១ ​ម៉ឺន​គ្រួសារ​ និង​សត្វព្រៃ​ដែល​រង​ការគំរាម​កំហែង​​ជា​សកល​ជាង ​៣០ ​ប្រភេទ​។

បើតាម​លោក សេរីរដ្ឋា ការរៀបចំ​​គម្រោង​លក់​ឥណទាន​កាបូន​នេះ​គឺ​អង្គការ​របស់​លោក​បាន​ដកស្រង់​នូវ​បទពិសោធ​ដែល​អនុវត្តបាន​ដោយ​ជោគជ័យ​នៃ​ការងារ​រៀបចំ​គម្រោង​រេដ​បូក​នេះ​នៅ​ភាគ​ខាងកើត​ប្រទេស​កម្ពុជា​គឺ​ក្នុង​ដែនជម្រក​សត្វព្រៃ​កែវសីមា​។

លោក​បាន​ថ្លែងថា​៖ «​ការលក់​ឥណទាន​កាបូន​លើ​ទីផ្សារ​ស្ម័គ្រចិត្ត​កម្ពុជា​ដែល​ទទួល​បាន​ជោគជ័យ​កន្លងមក និង​ជា​មោទនភាព​មួយ​ដែល​យើង​បាន​ចូលរួម​ជាពិសេស​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ គឺ​កម្ពុជា​ជា​ប្រទេសមួយ​ដែល​បាន​ឈាន​មុនគេ​ក្នុង​ការលក់​ឥណទាន​កាបូន​»​។

លោក នេត្រ ភក្ត្រា បាន​បញ្ជាក់​បន្ថែមថា​៖ «​ទីផ្សារ​កាបូន​នេះ គឺ​ពិតជា​មាន​សារៈសំខាន់​សម្រាប់​ប្រទេស​កម្ពុជា​របស់​យើង​ដែល​ការបោះ​ជំហាន​ទៅក្នុង​ទីផ្សារ​ឥណទាន​កាបូន គឺ​បញ្ជាក់​ពី​ភាពប្រសើរ​ឡើង​នៃ​កិច្ចការពារ​តំបន់​ធម្មជាតិ​របស់​យើង​»​។

លោក​បានឱ្យ​ដឹងថា ចាប់តាំងពី​ឆ្នាំ​ ២០១៦ មកទល់​បច្ចុប្បន្ននេះ កម្ពុជា​បាន​ទទួល​ថវិកា​ចំនួន​ ១១,៦ ​លាន​ដុល្លារ​ ពី​ការលក់​ឥណទាន​កាបូន​ឱ្យទៅ​ក្រុមហ៊ុន​អន្តរជាតិ​ធំៗ​មានដូចជា Disney Kering Intuit និង​ Shell និង​ក្រុមហ៊ុន​ Gucci​។ ទន្ទឹមនឹងនេះ កម្ពុជា​​ក៏​កំពុង​សិក្សា និង​អនុវត្ត​គម្រោង​ឥណទាន​កាបូន​សាកល្បង​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់​ក្នុង​ខេត្តស្ទឹងត្រែង​បន្ថែមទៀត​ជាមួយ​ក្រុមហ៊ុន​ជប៉ុន​ «Mitsui» ​ផងដែរ​៕

វីដេអូ៖