កំពង់ស្ពឺៈ រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ ​បន្ត​ដាក់ចេញ​វិធានការ​រដ្ឋបាល​ជា​បណ្តោះអាសន្ន ​ដើម្បី​ទប់ស្កាត់​កា​រឆ្លង​រាលដាល​ជំងឺ​កូ​វីដ ១៩ ក្នុងភូមិ​សាស្ត្រ​របស់​ខ្លួន ​រយៈពេល​ ១ សប្តាហ៍​បន្ត​ទៀត ​រហូតដល់​ថ្ងៃទី ២០ ​ខែមិថុនា ​ដោយ​ក្នុង​នោះ ​ការ​ធ្វើ​អាជីវកម្ម​ ឬ​ការទទួលទាន​គ្រឿង​ស្រវឹង គឺ​ត្រូវបាន​ហាម​ឃាត់។

សេចក្តី​សម្រេច​របស់រ​ដ្ឋ​បាល​ខេត្ត​កំពង់ស្ពឺ ​ចុះ​ថ្ងៃទី ១៤ ​មិថុនា ​បាន​ឲ្យ​ដឹងថា​ក្នុង​អំឡុងពេល​អនុវត្ត​វិធានការ​រដ្ឋបាល​នេះ​ តាម​បណ្តា​ភោជនីយដ្ឋាន ​អាហារដ្ឋាន​ តូប​អាហារ​ចល័ត ​ដែល​បើក​ទទួល​អតិថិ​ជន​ចូល​ទទួលទាន​ ភេសជ្ជៈ ​ត្រូវបាន​ផ្អាក​ជា​បណ្ដោះអាសន្ន​នៅ​ចន្លោះ​ម៉ោង​ ២០ ​ដល់​ម៉ោង​៣ព្រឹក។ ប៉ុន្តែ​ទីតាំង​អាជីវកម្ម​ទាំងនោះ​អាច​លក់ ​អាហារ ​ជា​លក្ខណៈ ​វេច​ខ្ចប់​បាន។

ចំពោះ​ភោជនីយដ្ឋាន ​អាហារដ្ឋា​ន តូប​អាហារ​ដែល​បើក​ទទួល​អ​តិ​ថិ​ជន​ចូល​ទទួលទាន​អាហារ​មិនត្រូវ​លក់​គ្រឿង​ស្រ​វឹង​ជាដាច់ខាត ​ហើយ​គ្រប់​ផ្សារ​រដ្ឋ ​ផ្សារ​ឯកជន ​ផ្សារ​ម៉ាត​ ហាង​លក់​ភេសជ្ជៈ ​ក៏ត្រូវ​ផ្អាក​ការលក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ផង​ដែរ។ នេះ​បើតាម​ការសម្រេច​របស់​រដ្ឋ​បាល​ខេត្ត។

រដ្ឋបាល​ខេត្ត​បញ្ជាក់ថា​៖ «ត្រូវ​ផ្អាក​ការជួបជុំ​ជា​លក្ខណៈ​គ្រួសារ​ដែលមាន​ការទទួល​ទាន​គ្រឿង​ស្រវឹង។ រាល់​ការធ្វើ​សកម្ម​ភាព​កីឡា ​ដែលមាន​លក្ខណៈ​ជួបជុំ ​ឬ ​ការប្រមូល​ផ្តុំ​មនុស្ស​លើស​ពី​២នាក់​ ត្រូវបាន​ផ្អាក​ជា​បណ្ដោះ​អាសន្ន។ ការប្រមូល​ផ្តុំ ​ឬ​ការជួប​ជុំគ្នា​ទទួលទាន​អាហារ ​ភេសជ្ជៈ​ ឬ​ទទួលទាន​គ្រឿង​ស្រវឹង ​នៅ​ចន្លោះ​ម៉ោង​ ២០ ​(ម្ភៃ)​ ដល់​ម៉ោង​ ០៣ (បី)​ ព្រឹក​ គឺ​ត្រូវបាន​ផ្អាក​ជា​បណ្ដោះ​អាសន្ន»។

នៅ​ចន្លោះ​ម៉ោង​ ២០ ​ដល់​ ម៉ោង ​៣ ព្រឹក ​រដ្ឋបាល​ខេត្ត ​អះអាងថា​ វា​អាច​ចាត់ទុក​ជា​ករណី​ដែល​អាច​លើកលែង​ចំពោះ​ករណី​មួយចំនួន ​ដូចជា ​ការជួបជុំ​លក្ខណៈ​សមាជិក​គ្រួសារ​ដែល​រស់នៅ​ក្នុង​លំនៅឋាន ​ឬ​ទី​សំណាក់​ជាមួយគ្នា​ ការរៀប​ចំ​ពិធី​បុណ្យសព ​ដោយ​គោរព​តាម​វិធានការ​សុខាភិបាល ​និង​តាម​ការកំណត់​របស់​អា​ជ្ញាធរ​មាន​សមត្ថកិច្ច។

ក្នុង​នោះ​ការជួបជុំ​របស់​បុគ្គលិក​សុខាភិបាល​ ដែល​បំពេញ​ការងារ​ថែរក្សា​សង្គ្រោះ​បន្ទាន់​ផ្សេង​ទៀត ​និង​ការជួបជុំ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត ​ក្រុង ​ស្រុក ​ឃុំ ​សង្កាត់ ​ក្នុងការ​បំពេញ​ភារកិច្ច​ថែរក្សា​សន្តិសុខ ​សណ្ដាប់ធ្នាប់ ​និង​របៀប​រៀបរយ​សាធារណៈ ​ក៏ត្រូវ​បាន​លើកលែង​ផង​ដែរ។

លោក ​វ៉ី សំណាង ​អភិបាលខេត្ត​កំពង់ស្ពឺ ​បាន​អះអាង​ក្នុង​សេចក្តី​សម្រេច​ថា ​ចំពោះ​បុគ្គល ​ឬនីតិបុគ្គល​ទាំងឡាយ​ណា​ ដែល​មិន​ចូលរួម​អនុវត្ត​តាម​ខ្លឹមសារ​ដូច​មានចែង​ក្នុង​សេចក្តី​សម្រេច​នេះ ​រដ្ឋបាលខេត្ត​នឹង​អនុវត្ត​វិធានការ​រដ្ឋបាល​តាម​ផ្លូវ​ច្បាប់។

លោក​បញ្ជាក់ថា​៖«វិធានការ​រដ្ឋបាល ​ដូច​បានកំណត់​ក្នុង​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩​ និង​ជំងឺឆ្លង​កាច​សាហាវ ​និង​ប្រកប​ដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត ​ព្រមទាំង​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ជា​ធរមាន»៕