ភ្នំពេញៈ​ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ស្នើ​ឯកអគ្គរ​ដ្ឋទូត​សាធារ​ណរដ្ឋ​ឆែក​ថ្មី​ប្រចាំ​កម្ពុជា​ឱ្យ​ជំរុញ​បន្ថែម​លើ​កិច្ច​សហ​ប្រតិ​បត្តិការ​វិស័យ​សេដ្ឋកិ​ច្ច​ ពាណិជ្ជ​កម្ម​ វិនិយោគ ​និង​ការ​អភិវឌ្ឍធនធាន​មនុស្ស​រវាង​ប្រទេស​ទាំង ២​។

ការស្នើ​របស់លោក​ ហ៊ុន ​សែន ធ្វើឡើង​ក្នុង​ជំនួប​រវាង​លោក​និង​លោក Martin Vávra ឯកអគ្គ​រដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃ​សាធារ​ណរដ្ឋ​ឆែក​ថ្មី​ប្រចាំ​កម្ពុជា​នៅឯ​វិមាន​សន្តិភាព​នៃ​ទីស្តីការ​នាយ​ករដ្ឋមន្ត្រី​នៅ​ថ្ងៃទី ១៤​ ខែមិថុនានេះ។

ហ្វេ​ស​ប៊ុ​កលោក​ ហ៊ុន​ សែន​ បញ្ជាក់​នៅ​ថ្ងៃនេះ​ថា៖«សម្ដេច​តេ​ជោ (ហ៊ុន​សែន) បានស្នើ​ឲ្យ​ឯកឧត្តម Martin Vávra​យកចិត្ត​ទុកដាក់​ទៅលើ​ការ​ជំរុញ​សហ​ប្រតិ​បត្តិការ​លើ​វិស័យសេ​ដ្ឋកិច្ច​ពាណិជ្ជក​ម្ម​វិនិយោគ​និង​ការអ​ភិវឌ្ឍធនធាន​មនុស្ស​»។

បើតាម​ហ្វេ​ស​ប៊ុ​ក​ដដែល​ នៅក្នុង​ជំនួប​នោះ​លោក Martin Vávra បាន​ប្រា​ប់លោក ហ៊ុន សែន​ ថា ​បេសក​កម្ម​របស់​លោក​មក​កាន់​កម្ពុជា​នាពេលនេះ​គឺ​ធ្វើយ៉ាង​ណា​ដើម្បី​ពង្រឹង​និង​ពង្រីក​ទំនាក់​ទំនង​ប្រទេស​ទាំង ២​ ឱ្យកាន់តែ​ធំធាត់​ឡើង​បន្ថែមទៀត។

ប្រភព​ដដែល​បញ្ជាក់​ថា៖ «ឯកឧត្តម (Martin Vávra)បាន​បន្ថែម​ទៀតថា​សា​ធារណរដ្ឋ​ឆែក​មាន​មនោស​ញ្ចេត​នា​ចំពោះ​កម្ពុជា។ឈរលើ​មូល​ដ្ឋាន​នេះ​ឯកឧត្តម​បាន​សន្យា​ចំពោះ​សម្តេច​តេ​ជោ​នាយករ​ដ្ឋមន្ត្រី (ហ៊ុន សែន)ថា​នឹង​ប្រឹង​ប្រែង ​ដើម្បី​ជំរុញ​កិច្ច​សហ​ប្រតិ​បត្តិការ​លើ​វិស័យ​នយោបាយ ​សេដ្ឋកិច្ច វិស័យ​ពាណិជ្ជកម្ម​ និង​វិស័យ​វិនិយោគ។ជាមួយ​គ្នា​នោះ​ផងដែរ​ឯកឧត្តម​ក៏បាន​គោរព​ជម្រាបជូន​សម្ដេច​តេ​ជោ​ថា​ សាធារ​ណរដ្ឋ​ឆែក​នឹង​ជួយ​ដល់​កម្ពុជា​ជា​ពិសេស​លើ​ការអភិវឌ្ឍ​ធនធាន​មនុស្ស»។

ហ្វេ​ស​ប៊ុ​ក​ដដែល​ប​ន្តថា ​លោក ​ហ៊ុន សែន​ បាន​ថ្លែងអំណរគុណ​​ដល់​ប្រជាជន​ និង​រដ្ឋាភិបាល​នៃ​សាធា​រណរដ្ឋ​ឆែក​ដែល​បាន​ជួយ​ដល់​កម្ពុជា​ពី​អតីតកាល​លើ​វិស័យ​នយោ​បាយ ​សេដ្ឋកិច្ច​ និង​សង្គមកិច្ច​។ លើស​ពីនេះ​ទៅទៀត​ក៏បាន​លុប​បំណុល​មួយ​ចំនួន​ធំ​ ហើយ​បំណុល​ដែល​នៅ​សេស​សល់​បាន​យកមក​ជួយ​កម្ពុជា​វិញ​ តាមរយៈ​ការសាង​សង់​សាលារៀន និង​វិស័យ​សង្គមកិច្ច​ជាដើម៕