​​ភ្នំពេញៈ​ ​លោក​ ​ទៀ​បាញ់ ​ឧប​នាយក​រដ្ឋ​មន្ត្រី​ និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ ​បាន​បញ្ជា​ឱ្យ​ស្វែង​រក​មេខ្យល់​ដែល​យក​លុយ​ពី​ពលរដ្ឋ​ពេល​ទៅ​ចាក់​វ៉ាក់​សាំង​ការពារ​មេរោគ​កូ​វីដ​ ១៩​ មក​ផ្តន្ទា​ទោស​ទៅ​តាម​ច្បាប់​ឱ្យបាន​ ព្រោះ​ការ​ចាក់​វ៉ាក់​សាំង​នេះ ​គឺ​រាជ​រដ្ឋាភិ​បាល​មិន​តម្រូវ​ឲ្យ​យក​ថវិកា​ពី​ប្រ​ជា​ពល​រដ្ឋ​នោះ​ទេ​។​​

លោក​ ​ទៀ ​បាញ់​ ​បាន​ថ្លែង​ទៅ​កា​ន់​អ្នក​សារព័ត៌​មាន​បែប​នេះ​នៅ​ថ្ងៃទី​ ១៤ ​ខែ​មិថុនា ​នៅ​ទីស្ដី​ការ​គណៈ​រដ្ឋ​មន្ដ្រី​ ក្រោយ​ពេល​បញ្ចប់​ការ​ដឹក​នាំ​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​យុទ្ធនា​ការងារ​ចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​កូ​វីដ​១៩​ដល់​ប្រជា​ពលរដ្ឋ​កម្មករ​-​កម្មកា​រិនី​ និង​ជន​បទ​រទេស​ដែល​មាន​អាយុ​ចាប់​ពី​ ១៨​ ឆ្នាំ​ឡើង​ទៅ ​នៅ​ខណ្ឌ​ចំនួន​ ៦​ ក្នុង​ភូមិ​សាស្ត្រ​រាជ​ធានី​ភ្នំពេញ​ និង​ទី​ក្រុង​តា​ខ្មៅ​នៃ​ខេត្ត​កណ្ដាល​។​​

លោក​បាន​ថ្លែង​ថា​៖ «​​មិន​ត្រូវ​លើក​លែង​ឱ្យនោះ​ឡើយ​ចំពោះ​បុគ្គល​ដែល​មាន​ពាក្យ​ចរ​ចាម​អារាម​ថា​បាន​យក​លុយ​ពី​ប្រជា​ពល​រដ្ឋ​ពេល​ទៅ​ចាក់​ថ្នាំ​វ៉ាក់​សាំង​ការពារ​មេរោគ​កូ​វីដ ​១៩​ នេះ​»​។

លោក​ ​ទៀ​ បាញ់ ​បាន​ឲ្យ​ដឹង​ថា​រហូត​មក​ដល់​ពេល​នេះ​ក្រុម​ការងារ​ចាក់​វ៉ាក់​សាំង​ការ​ពារ​មេរោគ​កូ​វីដ ​១៩ បាន​ចាក់វ៉ាក់សាំង​ ​ដល់​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​ខណ្ឌ​ចំនួន​ ៦​ នៃ​រាជ​ធានី​ភ្នំពេញ​។

​ក្រោយ​ចាប់​ផ្តើម​នូវ​យុទ្ធនា​ការ​រហូត​មក​ដល់​បច្ចុប្បន្ន​ ​ការចាក់​វ៉ាក់​សាំង​ការពារ​ជំងឺ​កូ​វីដ​ ១៩​ លើក​ទី​១​ ជូន​ដល់​កង​ទ័ព​គ្រួសារ​កង​ទ័ព ​និង​ប្រជា​ពលរដ្ឋ​បាន​ជាង ​១,៣​ លាន​នាក់ ​ក្នុង​នោះ​ចាក់​វ៉ាក់​សាំង​ដល់​ពលរដ្ឋ​នៅ​តំបន់​ក្រហម​បាន​ជាង​ ​៩៩ ​ម៉ឺន​នាក់​។​

លោក​បន្ត​ថា​ ​ជំ​ហាន​បន្ទាប់​ក្រសួង​ការ​ពារ​ជាតិ​នឹង​ធ្វើ​ការ​ចាក់​វ៉ាក់​សាំង​ដល់​ប្រជា​ពលរដ្ឋ​នៅ​ខេត្ត​ចំនួន​ ៥​ បន្ត​ទៀត​ក្នុង​នោះ​មាន​ខេត្ត​កំពង់​ចាម ​កំពង់ស្ពឺ​ តាកែវ​ ស្វាយ​រៀង​ និង​ខេត្ត​ព្រះ​សីហនុ ​ដើម្បី​ធ្វើ​យ៉ាង​ណា​ព​ន្លឿ​ន​ការ​ចាក់​ជូន​ដល់​បង​ប្អូន​ប្រ​ជា​ពល​រដ្ឋ​ឱ្យ​បាន​ឆាប់​រហ័ស​បំផុត​ស្រប​ទៅតាម​ការ​ណែ​នាំ​រប​ស់រាជ​រដ្ឋាភិ​បាល​នោះ​។​

យុទ្ធនា​ការ​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​កូ​វីដ​ ១៩ ​ទ្រង់ទ្រាយ​ធំ​ដែល​ដឹកនាំ​ដោយ​ក្រសួង​ការពារ​ជាតិ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី ​៣០​ ខែ​ មេសា ​ឆ្នាំ​ ២០២១​ ​ក្រោម​អធិ​ប​តី​ភាព​លោក ​ទៀ ​បាញ់​។

លោក​ ​ទៀ​ បាញ់ ​បាន​បញ្ជាក់​ថា ​ក្រុម​យោធា​នឹង​ធ្វើ​ការ​ចាក់​វ៉ាក់​សាំង​ឲ្យ​បាន​លឿន​បំផុត​ដែល​អាចធ្វើ​ទៅបាន​ តាម​ពេល​ដែល​វ៉ាក់​សាំង​មាន​គ្រប់​គ្រាន់​ដូច​អ្វីដែល​ថ្នាក់​ដឹក​នាំ​បាន​លើក​ឡើង​ថា​ «​មិន​ឱ្យ​វ៉ាក់សាំង​ដេក​ក្នុង​ឃ្លាំង ​ដោយ​ត្រូវ​ឱ្យវ៉ាក់​សាំង​ជ្រាប​ចូល​ក្នុង​ខ្លួន​មនុស្ស​ ដើម្បី​បង្កើត​ភាព​ស៊ាំ​»​៕​

​​