​ភ្នំ​ពេញៈ ​ម​ជ្ឈ​មណ្ឌល​សកម្ម​ភាព​កំចាត់​មីន​កម្ពុជា ​(​ស៊ី​ម៉ាក​)​ ​នៅ​ថ្ងៃ​ទី ​១៤​ ​ខែ​មិថុនា​នេះ​ ​បាន​ប្រគល់​ម៉ាស៊ីន​រាវ​មីន​ចំនួន​ ៥០ ​គ្រឿង​​ ដល់​កងទ័ព​ជើង​គោក នៃ​​កង​យោធ​ពល​ខេម​រ​ភូមិន្ទ​ ​ដើម្បី​អនុវត្ដ​សកម្ម​ភាព​ដោះ​មី​ន​លើ​ទីតាំង​ដែល​មាន​មីន​ក្នុង​ភូមិ​សាស្រ្ដ​របស់​កង​ទ័ព។​

លោក​ ហេង ​រតនា​ ​​អគ្គ​នាយក​ស៊ី​ម៉ាក​ ​(​CMAC​)​ បាន​ថ្លែង​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ នៅ​ថ្ងៃ​ទី ១៤ ខែមិថុនា​ថា ការប្រគល់ម៉ាស៊ីនរាវមីននេះ​ ធ្វើឡើងក្រោយពី​យោធាជំនាញ​ចំនួន ១០០ នាក់ នៅ​យោធ​ភូមិ​ភាគ​ទី៣ ​យោធ​ភូមិ​ភាគ​ទី៥ ​និង​កង​ពល​ធំ​អន្ត​រាគមន៍​លេខ​ ២​ ដែល​ល​បាន​បញ្ចប់​ការ​ហ្វឹក​ហ្វឺន​ជំនាញ​បោស​សម្អាត​មីន​រយៈ​ពេល ​៣ ខែ​កន្លង​មក​ ​នៅ​វិទ្យា​​ស្ថាន​បច្ចេក​ទេស​សកម្ម​ភាព​កំចាត់​មីន​ស៊ីម៉ា​ក់​កំ​ពង់​ឆ្នាំង។

លោក​បាន​ថ្លែង​ថា​៖​ «​គោល​ដៅ​របស់​យើង ​ក្រោយ​បញ្ចប់​ការ​ហ្វឹក​ហ្វឺន​លើ​ជំនាញ​ដោះមីន​ ​គឺ​យើង​ត្រូវ​បំពាក់​សម្ភារដើម្បី​រួម​​គ្នា​បោស​ម្អាត​មីន។​ ​តាម​ផែន​ការ​យុទ្ធា​ស្រ្ដ​រស​ប់​រាជ​រដ្ឋា​ភិបាល​ គឺ​បន្ត​ពង្រឹង​កង​កម្លាំង​​ស្ថាប័ន​ជាតិ​ មាន​កង​យោធ​ពល​ខេម​រភូ​មិន្ទ ​អង្គ​ភា​ព​ស៊ីម៉ាក់​ ​និង​កង​កម្លាំង​នគរ​បាល​ជាតិ​ ដើម្បី​ទ្រទ្រង់​ក្នុង​កិច្ច​ប្រតិ​បត្ដិការ​បោស​សម្អាត​មីន​នៅ​កម្ពុជា​ឱ្យ​ឈាន​​ទៅ​សម្រេច​បាន​គោល​ដៅ​កម្ពុជា​គ្មាន​មីន​ក្នុង​ឆ្នាំ​ ២០​២៥​»​​​។​

លោក​បាន​ឱ្យ​ដឹង​ថា​ តាម​រយៈ​សម្ភារបោស​សម្អាត​មីន​ដែល​ស៊ីម៉ាក​ផ្ដល់​ដល់​កង​ទ័ព​នេះ​ គឺ​នឹង​អាច​ឱ្យ​កង​កម្លាំង​កង​ទ័ព​ប្រើ​ប្រាស់​ជា​សំខាន់​ក្នុង​ការ​បោស​សំអាត​មីន​ក្នុង​ទីតាំង​កង​ទ័ព​ដែល​ត្រូវ​អភិ​វឌ្ឍ​នា​នា​​។​ ម៉ាស៊ីន​រាវ​មីន​ចំនួន ​៥០ ​គ្រឿង​នេះ​ នឹង​បែង​ចែក​ជូន​យោធ​ភូមិ​ភាគ​ទី​៣ ​យោធ​ភូមិ​ភាគ​ទី​៥​ និង​កង​ពល​ធំ​អន្ត​រាគមន៍​លេខ ​២។

លោក​បាន​ថ្លែង​ថា​៖​ «​​ឯក​ឧត្ដម ​ឧត្តម​សេនីយ៍​ ​ហ៊ុន​ ​​ម៉ា​ណែត​ ​អ​គ្គ​មេ​បញ្ជា​ការ​ង និង​ជា​មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​ដែល​តែង​តែ​ជំរុញ​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​សហ​ការ​គ្នា​ស្អិ​ត​រមួត​ក្នុង​ការ​បោស​សម្អាតគ្រាប់​មីន​ និង​សំណល់​យុទ្ធ​ភណ័្ឌ​ពី​សង្គ្រាម​ឱ្យ​បាន​ឆាប់​បំផុត។​

កិច្ច​សការ​នេះ​ គឺ​ជា​ប្រ​យោជន៍​ដើម្បី​ធានា​សុខ​សុ​វត្ថិ​ភាព​ការ​ប្រើប្រា​ស់​ដី​ធ្លី​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច​សង្គម​ជាតិ​ ​និ​ងព​ង្រឹង​សុខ​​សន្តិ​ភាព​ទាំង​ផ្លូវ​កាយ ​និង​ផ្លូវ​ចិត្ត ​ជូន​ប្រ​ជា​ពល​រដ្ឋ​ដែល​កំពុង​រង​ការ​គំរាម​កំហែង​ដោយ​សារ​គ្រាប់​មីន ​និង​សំ​ណល់​ពី​សង្គ្រាម​»​។​

យោង​តាម​ ​អង្គ​ភាព​ស៊ី​ម៉ាក​បាន​ឱ្យដឹង​ថា​ រយៈ​ពេល​ ៤ ​ខែ ​ឆ្នាំ​ ២​០២១​ នេះ​ អង្គ​ភាព​ស៊ីម៉ាក់​បាន​រំដោះ​ផ្ទៃដី​ចម្កា​រ​មីន ​និង​ចម្ការ​គ្រាប់​សរុប​ចំនួន​ជាង ​៣៥ ​លាន​ម៉ែត្រ​ការ៉េ​ ដោយ​រុក​រក​ឃើញ​និង​កម្ទេច​ចោល​គ្រាប់​មីន ​និង​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​គ្រប់​ប្រភេទ​សរុប​​បាន​ជាង ​១៥​ ០០០ ​គ្រាប់​ និង​ធ្វើការ​​អប់រំ​យល់​ដឹង​ពី​គ្រោះ​ថ្នាក់​ដោយ​សារ​គ្រាប់​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ដល់​ក្រុម​គោល​ដៅ​បាន​ជិត​ ៦ ០០០​ ​លើក​ស្មើ​នឹ​ង​ជិត ​២០​ ​ម៉ឺន​ខ្នង​ផ្ទះ​។​

លោក​​ថ្លែង​ថា​៖​ «​​ទោះ​បី​ជា​បញ្ហា​​កូវីដ​ ១៩ ​កំពុង​កើត​ឡើង​យ៉ាង​ខ្លាំងក្លា​ក្នុង​​ប្រទេស​យើង​ក៏​ដោយ​ ប៉ុន្តែ​កិច្ច​ប្រតិ​បត្តិ​ការ​របស់​ស៊ីម៉ាក់​ ​មិន​បាន​ខក​ខាន​ឬ​ផ្អាក​នោះទេ។​យើង​បាន​អនុវត្ត​ចំ​គោល​ដៅ​ផែន​ការ​របស់​យើង​មិន​ថយ​ក្រោយ​ទេ​»​​។

​លោក​ ម៉ៅ ​ផល្លា ​អ្នក​នាំ​ពាក្យ​កង​ទ័ព​ជើង​គោក​បាន​ថ្លែង​កាល​ម្សិល​មិញ​ថា ​កន្លង​មក​កង​កម្លាំង​កង​ទ័ពជើង​គោក​មាន​កិច្ច​​សហ​ការ​ល្អ​ជា​មួយ​អង្គ​ភាព​ស៊ីម៉ាក់​ ​ក្នុង​ការ​អនុវត្ដ​សកម្ម​ភាព​បោស​សម្អាត​មីន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ តាម​ផែន​ការ​យុទ្ធ​សាស្រ្ដ​ជាតិ​៕