ពោធិ៍សាត់ៈ​ គ្រូទាយ​បៀរនិង​គ្រូមន្ត​អាគម​​ចំនួន​ ៣​ នាក់(ស្រី ២ នាក់) ត្រូវបាន​នគរបាល​បញ្ជូន​ខ្លួន​ទៅ​ស្នង​ការដ្ឋាន​នគរ​បាល​ខេត្ត​ពោធិ៍​សាត់​នៅ​ថ្ងៃទី ១៤ មិថុនានេះ

១ ថ្ងៃ​ បន្ទាប់ពី​ចាប់​ខ្លួន​តាម​បណ្តឹង​របស់​ស្ត្រី​រងគ្រោះ​ ២ នាក់​ ពាក់ព័ន្ធ​ករណី​បោក​លុយ​ចំនួន​ ៦៧ លាន​រៀល ប្រព្រឹត្ត​នៅ​ភូមិ​បោះ​ពួយ ឃុំ​លាច ស្រុក​ភ្នំ​ក្រវាញ​ ខេត្តពោធិ៍​សាត់​ តាំងពីថ្ងៃ ២០ ខែតុលា ឆ្នាំ​មុន រហូត​ដល់​ខែ មិថុនា ឆ្នាំនេះ​។

លោក​ នង​ សម្បត្តិ​ អធិកា​ររង​ទទួល​ផែន​ការងារ​ព្រហ្មទ​ណ្ឌនៃអធិកា​រដ្ឋាន​នគរបាល​ស្រុក​ភ្នំ​ក្រវាញ​ប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍ នៅ​ថ្ងៃទី ១៤ មិថុនា​នេះថា ​ជន​សង្ស័យ​ទី១- ឈ្មោះ សោម សារ៉ុន ភេទ​ស្រី អាយុ ៧២ ឆ្នាំ (ត្រូវជា​ម្ដាយ) ជា​អ្នក​ទាយ​សន្លឹក​បៀរ,ទី២- ឈ្មោះ វ៉េ​ត សា​រ៉ុ​ម ភេទ​ស្រី (ត្រូវជា​កូនស្រី​បង្កើត) ជា​អ្នក​ទា​រទ្រនឹ​បរៀប​ឱ្យ​គ្រូ និង​ទី៣- ឈ្មោះ វង់ បឿ ហៅ បឿ​ក ភេទ​ប្រុស អាយុ ៣១ ឆ្នាំ (ត្រូវជា​ប្តី វ៉េ​ត សា​រ៉ុ​ម) ជា​គ្រូមន្តអាគម​ដោះ​អំពើ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ឈន ស្រី​ពេជ្រ ភេទ​ស្រី​ អាយុ ២៩ ឆ្នាំ រស់នៅ​ភូមិ​ក្រូច​ឆ្មារ ឃុំ​លាច ស្រុក​ភ្នំ​ក្រវាញ ខេត្ត​ពោធិ៍​សាត់, ទី២- ឈ្មោះ ណា​ម ស្រីមុំ អាយុ ២៩ ឆ្នាំ រស់នៅ​ភូមិ​ប៉ែន ឃុំ​លាច ស្រុ​កក្រវាញ ខេត្ត​ពោធិ៍​សាត់។

លោក​បន្ត​ថា៖ «ឥឡូវនេះ​ជនសង្ស័យ​ទាំង ៣ នាក់ ​សមត្ថ​កិច្ច​ខ្ញុំ​បាន​បញ្ជូន​ពួកគេ​បន្តទៅ​ស្នង​ការដ្ឋាននគរ​បាលខេត្ត​ហើយ​ ដើម្បី​ចាត់​ការ​តាម​នីតិវិធី​ច្បាប់។ ពួកគេ​ជា​គ្រូទាយ​បៀរ​តែប្រើ​រូបភាព​បោក​ជនរង​គ្រោះ»។

លោក​រៀបរាប់​តាម​សម្តី​ របស់​ជនរងគ្រោះ​ថា ស្ត្រី​រងគ្រោះ​ម្នាក់ៗ​មាន​បញ្ហា​ក្នុង​ក្រុម​គ្រួសារ​ ហើយ​បានដឹង​ថា នៅក្នុង​ភូមិ​ភូមិ​ប៉ែន ឃុំ​លាច មាន​គ្រូទាយ​បៀរ និង​ចេះ​ដោះ​អំពើ​អាប​ធ្មប់​ផង។ដូច្នេះ​គាប់​ជួន​ក្រុមគ្រួសារ​ពួកគេ (ជនរងគ្រោះ) មាន​បញ្ហា​ផង​នោះ​ក៏បាន​ទៅរក​ជនសង្ស័យ​ ដើម្បី​មើល​ពី​ជោគជតារាសី​បំណង​ធ្វើយ៉ាងណា​ឱ្យ​ក្នុង​គ្រួសារ​ពួកគេ​មាន​សេចក្តីសុខ​មិន​ទាស់​ទែង​ប្តី​ប្រពន្ធ។

លោក​បាន​បន្ត លុះ​ដល់នៅ​ថ្ងៃទី ២០ ខែ តុលា ​ឆ្នាំ ២០២០ ស្ត្រី​ទាំង ២​ នាក់ ​ដែលមាន​បញ្ហា​ក្នុង​គ្រួសារ​ដូចគ្នា​នោះបាន​ទៅរក​ពឹងពាក់​ក្រុម​ជនសង្ស័យ។ពេល​ជួប​ក្រុម​ជនសង្ស័យ​លើកដំបូង​ឈ្មោះ សោម សារ៉ុន បាន​ទាយ​បៀរ​មើល​ជើង​លេខ​ទៅ​ក៏​ប្រាប់​ស្ត្រី​រងគ្រោះ​ថា ក្នុង​ក្រុមគ្រួសារ​មាន​គ្រោះ​ធំ​ណាស់​ ដូច្នេះ​ទាល់តែ​ឱ្យ​គ្រូមន្តអាគម ​(កូនប្រសា) ប្រើ​វេទមន្ត​ខាប​យក​អំពើ​ចេញពី​ក្នុង​ខ្លួន​ទើប​ក្នុង​គ្រួសារ​មាន​សេចក្តីសុខ​ ហើយក៏​លែងមាន​ជំងឺ​ឬ​មាន​អ្វី​អាក្រក់​មក​បៀតបៀន​ទៀត។

លោក​បន្តថា ពេលនោះ​ស្ត្រី​ឈ្មោះ ​វ៉េ​ត សា​រ៉ុ​ម បាន​បង្គាប់​ឱ្យ​ស្ត្រី​រងគ្រោះ​រៀប​ត​ង្វា​យ​ឱ្យ​គ្រូ​ដោយ​តម្រូវឱ្យ​ដាក់​លុយ​លើក​ទី១ ចំនួន ២០ ម៉ឺន​រៀល បន្ទាប់មក​យក ៦០ ម៉ឺន​រៀល និង​បង្គាប់​ឱ្យ​ជនរងគ្រោះ​ដាក់​តង្វា​យ​រហូត។

ចំពោះ​ការដាក់​តង្វា​យ​ទៀតសោត​គឺ​ក្រុម​ជនសង្ស័យ​កំណត់ពេល​ម៉ោង ៦ ព្រឹក ឬ​ម៉ោង ១២ ថ្ងៃត្រង់​ តែបើ​ដាក់​ត​ង្វា​យ​ខុសពី​ម៉ោង​នេះ​គឺ​គ្មាន​ប្រសិទ្ធភាព​ទេ។បន្ទាប់ពី​ជនរងគ្រោះ​ដាក់​តង្វា​យ​ម្តង​ជា ២ ដង​ តែ​គ្មាន​ប្រសិទ្ធ​ភាពមិន​អាចឱ្យ​ជនរងគ្រោះ​សម្រេច​បំណង​បាន ​គឺ​ក្រុម​ជនសង្ស័យ​បង្គាប់​ឱ្យ​ដាក់​លុយ​បន្ថែមទៀត ​ដែល​ពេលខ្លះ​ផ្ញើ​លុយ​តាម​វី​ង​ក៏មាន​រហូត​ដល់ស្ត្រី​រងគ្រោះ​ចំណាយលុយ​ក្នុងម្នាក់ៗ​អស់​ជាង ៤២ លាន​រៀល​ និង​ម្នាក់ទៀត​អស់​ជាង ​២៥​ លាន​រៀល។

លោកបាន​​បន្ថែម​ថា ដោយ​ស្ត្រី​រងគ្រោះ​ម្នាក់ៗ​ចំណាយ​លុយ​ច្រើន​ពី ២០ ខែ តុលា ​ឆ្នាំ ២០២០ រហូតដល់​មិថុនា ឆ្នាំនេះ ​មិន​ទទួលបាន​លទ្ធ​ផល​អ្វី​ ក៏​ភ្ញាក់ខ្លួន​ដឹងថា​ ក្រុម​ជនសង្ស័យ​បោក​ក៏​មកប្តឹង​នគរបាល​ប៉ុស្តិ៍​ឃុំ​លាច ​ហើយ​នគរបាល​ប៉ុស្តិ៍​បាន​ស្រាវ​ជ្រាវ​ឃាត់ខ្លួន​ពួកគេ​នៅ​ថ្ងៃទី ១៣ មិថុនា​ តែម្តង ។

លោក​ នង សម្បត្តិ ​បញ្ជាក់​ថា​ នៅ​ចំពោះមុខ​សមត្ថ​កិច្ច​ក្រុម​ជនសង្ស័យ​បាន​សារភាពថា​ពួកគេ​ពិតជា​បានធ្វើ​សកម្មភាព​បោក​លុយ​ពី​ជនរង​គ្រោះ​មែន​តែ​មិន​ដល់​រាប់លាន​ទេ។ ប៉ុន្តែ​ទោះ​យ៉ាង​ណា​ក្នុងនាម​សមត្ថកិ​ច្ច​អនុវត្ត​ច្បាប់​លោក​ត្រូវតែ​ធ្វើតាម​បណ្តឹង​របស់​ជនរង​គ្រោះ៕