ភ្នំពេញៈ អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ ​កិច្ចការ​ប្រកួត​ប្រជែង ​និង​បង្ក្រាប​ការ​ក្លែងបន្លំ ​(ក.ប.ប.)​ប្រកាស​អនុវត្ត​វិធានការ​ នៃ​ការពិន័យ​អន្តរការណ៍​លើ​អំពើ​ល្មើ​សនឹង​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់ ​ចាប់ពី​ថ្ងៃទី ១ ​ខែកក្កដា ​តទៅ ​និង​ណែនាំ​ឲ្យ​ពលរដ្ឋ​ស្វែងយល់​ពី​ច្បាប់​ឱ្យ​បាន​ទូលាយ​ចៀសវាង​ទទួលរង​ការពិន័យ។

ការប្រកាស​អនុវត្ត​វិធានការ​ពិន័យនេះ​ ធ្វើឡើង​បន្ទាប់​ពីក្រសួង​ចំនួន ៣ ​មាន​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ក្រសួង​យុត្តិធម៌ ​និង​ក្រសួង​ពាណិជ្ជកម្ម​ រួមគ្នា​ប្រកាស​ឲ្យ​ប្រើប្រាស់​ប្រកាស​អន្តរក្រសួង​ស្តីពី​នីតិវិធី​ពិន័យ​អន្តរការណ៍ លើ​អំពើ​ល្មើស​នឹង​ច្បាប់​ស្ដីពី​កិច្ចការពារ​អ្នកប្រើប្រាស់ ​កាល​ថ្ងៃទី៣ ​ខែមិថុនា ​ឆ្នាំ ២០២១។

សេចក្តី​ជូនដំណឹង​របស់​អគ្គនាយក​រដ្ឋាន ​ក.ប.ប ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ១៤​ មិថុនា​ថា ​ដើម្បី​គាំទ្រ​ដល់​ការអនុវត្ត​ច្បាប់​នេះ​ អគ្គនាយកដ្ឋាន​ ក.ប.ប. ​ដែលជា​លេខាធិការ​របស់​គណៈកម្មាធិកា​រ ជាតិ​ការពារ​អ្នកប្រើប្រាស់ ​គ.ជ.ក.ប.​ បានរៀបចំ​ប្រកាស​អន្តរក្រសួង​ស្តីពី​នីតិវិធី​ពិន័យ​អន្តរការណ៍​លើ​អំពើ​ល្មើស​នឹង​ច្បាប់​ស្ដីពី​កិច្ចការពារ​អ្នកប្រើប្រាស់ ​ជាមួយ​ក្រសួង​យុត្តិធម៌ ​និង​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ។

សេចក្តី​ជូនដំណឹង​បញ្ចា​ក់ថា​៖ «ដោយ​ទទួលបាន​ការអនុញ្ញាត​ពី ​គ.ជ.ក.ប. ​មន្ត្រី​ស៊ើបអង្កេត​របស់​អគ្គនាយកដ្ឋាន​ ក.ប.ប. ​នៃ​ក្រសួង​ពាណិជ្ជកម្ម ​ដែល​ទទួលបាន​នីតិសម្បទា​ជា​នគរបាល​យុត្តិធម៌ ​នឹង​ចាប់ផ្តើម​អនុវត្ត​វិធានការ ​ស្រប​តាម​ខ្លឹមសារ​ដែលមាន​ចែង​នៅក្នុង​ប្រកាស​អន្តរក្រសួង​ស្តីពី​នីតិវិធី​ពិន័យ​អន្តរការណ៍ ​លើ​អំពើ​ល្មើស​នឹង​ច្បាប់​ស្ដីពី​កិច្ច​ការ​ពារ​អ្នកប្រើប្រាស់ ​ចាប់ពី​ថ្ងៃទី ១ ​ខែ កក្កដា ​ឆ្នាំ ២០២១​ នេះ​តទៅ»។

ដូច្នេះ​ អគ្គនាយក​រដ្ឋាន​ ក.ប.ប.​រំពឹងថា ​សេចក្តី​ជូនដំណឹង​នេះ ​នឹង​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ​ដែលជា​ម្ចាស់​ក្រុមហ៊ុន​ ផលិតករ ​ពាណិជ្ជករ​ អាជីវករ ​ស្វែងយល់​អំពី​ខ្លឹមសារ​នៃ​ប្រកាស​អន្តរក្រសួង​ និង​ច្បាប់​ស្ដីពី​កិច្ចការពារ​អ្នកប្រើប្រាស់​ ដើម្បី​ចូលរួម​អនុវត្ត​ប្រកាស​អន្តរក្រសួង​នេះ​ប្រកប​ដោយ​ប្រសិទ្ធភាព ​និង​ប្រសិទ្ធ​ផល។

យោង​តាម​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់​ កាលពី​ខែវិច្ឆិកា​ ឆ្នាំ ២០១៩ ​បានឱ្យដឹងថា ​ច្បាប់​នេះ​សំដៅ​ធានា​ឱ្យមាន​កិច្ច​ការពារ​ដល់​អ្នកប្រើប្រាស់ ​ដើម្បី​បង្កើត​បរិយាកាស​នៃ​ការធ្វើ​ពាណិជ្ជកម្ម​ដោយ​ស្មោះ​ត្រង់ និង​ការប្រកួត​ប្រជែង​ដោយ​សុចរិត។

ច្បាប់​នេះ ​ក៏បាន​ចែង​ពី​ការដាក់​ទោសទណ្ឌ​ចំពោះ​ម្ចាស់​ក្រុមហ៊ុន ​ផលិតករ ​ពាណិជ្ជករ ​អាជីវករ ​ដែល​បាន​ប្រព្រឹត្ត​សកម្មភាព​ល្មើស​នឹង​ច្បាប់​នេះ ​ដោយ​ការពិន័យ​ជា​ប្រាក់ ​និង​ការដាក់​ទោស​ទណ្ឌក្នុង​ពន្ធនាគារ៕

វីដេអូ៖