
មន្រ្តីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និង សមាសភាគីអូស្ត្រាលីប្រចាំកម្ពុជា ក្នុងកិច្ចប្រជុំពិភាក្សាបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។ រូបថត CHRC
ភ្នំពេញៈ មន្រ្តីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងអូស្ត្រាលីប្រចាំកម្ពុជា បានពិភាក្សាការងារពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងវឌ្ឍនភាពការងារពាក់ព័ន្ធនិងវឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៤ ខែមិថុនា នេះថា នៅក្នុងជំនួបពិភាក្សានេះ ភាគីទាំងពីរ បានពិភាក្សាទៅលើវឌ្ឍនភាព លើការរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ ព្រោះប្រទេសអូស្ត្រាលី បានសហការក្នុងការផ្តល់ធាតុចូល តាមរយៈ APF (Asia Pacific Forum) ដែលមានមូលដ្ឋាននៅក្នុងប្រទេសអូស្ត្រលី។
លោក ជិន ម៉ាលីន បន្តថា កម្ពុជាបានទទួលបានធាតុចូលពីភាគីអូស្ត្រាលី និងបញ្ចប់ក្នុងដំណើរការនៃការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិនេះក្នុងដំណាក់កាលដំបូង។ ទោះជាយ៉ាងណា ភាគីទាំងពីរក៏នឹងពិភាក្សាផ្ទៃក្នុងបន្ថែមទៀត មុននឹងយកទៅពិភាក្សាជាមួយនឹងអង្គការសង្គមស៊ីវិល ស្ថាប័នជាតិ និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត។
លោក ជិន ម៉ាលីន ថ្លែងថា ក្រៅពីនេះ ភាគីទាំងពីរក៏បានផ្លាស់ទស្សនៈគ្នាចំពោះស្ថានការនយោបាយ ស្ថានភាពជាទូទៅនៃបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ដែលប្រទេសអូស្ត្រាលីយល់ឃើញថា មានភាពវិជ្ជមានច្រើន។ ភាគីអូស្ត្រាលីក៏បានសម្តែងការព្រួយបារម្ភខ្លះដែរ ពាក់ព័ន្ធនឹងការអនុវត្តសិទ្ធិ និងស្ថានការនយោបាយនៅកម្ពុជា។
ទោះជាយ៉ាងណា កម្ពុជាក៏បានពន្យល់ទៅភាគីអូស្ត្រាលី កុំឱ្យមានការព្រួយបារម្ភ ចំពោះបញ្ហានេះ ព្រោះអ្វីដែលកម្ពុជាធ្វើ គឺអនុវត្ត ដោយផ្អែកទៅលើទិដ្ឋភាពច្បាប់ សិទ្ធិមនុស្ស និងបរិបទរបស់កម្ពុជា។
លោក ជិន ម៉ាលីន ថ្លែងថា៖ «ពាក់ព័ន្ធនឹងស្ថានភាពនយោបាយ និងស្ថានភាពទូទៅ គាត់មិនមាន ជាការស្នើសុំ ឬជាការរិះគន់ និងដាក់សម្ពាធអ្វីទេ គ្រាន់តែ គាត់បង្ហាញពីទស្សនៈយល់ឃើញផ្ទាល់ខ្លួនរបស់គាត់ ហើយយើងក៏បង្ហាញការបកស្រាយ និង ការបំភ្លឺដោយផ្អែកទៅលើទិដ្ឋច្បាប់ ទិដ្ឋភាពច្ចេកទេសតាមផ្លូវសិទ្ធិមនុស្ស ក៏ដូចជាបរិបទសង្គមកម្ពុជា»។
តាមការចុះផ្សាយរបស់ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានឱ្យដឹងថា ក្នុងអំឡុងពេលនៃកិច្ចពិភាក្សាប្រកបដោយភាពស្មោះត្រង់ និងដើម្បីស្ថាបនានេះ លោក Luke Arnold ភារធារីរបស់ស្ថានទូតអូស្ត្រាលី បានចែករំលែកការវាយតម្លៃរបស់លោកបន្ទាប់ពីរយៈពេល ៣ ឆ្នាំ ដែលលោកបានធ្វើការនៅក្នុងប្រទេសកម្ពុជា ដែលក្នុងនោះបញ្ហាសិទ្ធិមនុស្សរបស់ប្រទេសកម្ពុជា មានការរីកចម្រើនទៅមុខ ការទាមទារឱ្យមានការកែលម្អ ដើម្បីធានាថា ប្រទេសកម្ពុជា គោរពតាមកាតព្វកិច្ចសិទ្ធិមនុស្សអន្តរជាតិ ដែលខ្លួនបានចុះហត្ថលេខាដោយស្ម័គ្រចិត្ត រួមទាំងសេរីភាពនយោបាយ សេរីភាពខាងសមាគម និងសេរីភាពក្នុងការបញ្ចេញមតិ។
លោក Arnold ក៏បានកត់សម្គាល់ពីវឌ្ឍនភាពរបស់គណៈកម្មាធិការ លើការអភិវឌ្ឍសេចក្តីព្រាងច្បាប់ដែលបានស្នើឡើង សម្រាប់ស្ថាប័នសិទ្ធិមនុស្សជាតិរបស់កម្ពុជា ក៏ដូចជាភាពចាំបាច់សម្រាប់ស្ថាប័ននេះ ដើម្បីអនុវត្តតាមគោលការណ៍ទីក្រុងប៉ារីសឆ្នាំ ១៩៩១ ស្តីពីស្ថាប័នសិទ្ធិមនុស្សជាតិ ដែលរួមមានឯករាជ្យភាពពិតប្រាកដពីរដ្ឋាភិបាល អំណាចនិងធនធានគ្រប់គ្រាន់ និងសមាជិកភាពចម្រុះ៕