ភ្នំពេញៈ សមត្ថកិច្ច​នគរ​បាលខ​ណ្ឌសែនសុ​ខ រាជ​ធានីភ្នំ​ពេញ ​បាន​បញ្ជូន​ជន​សង្ស័យ​ប្រុស-​ស្រី ២ នាក់ ទៅធ្វើ​ច​ត្តា​ឡី​ស័ក​ មុន​បញ្ជូនទៅ​តុលាការ​ បន្ទាប់​ពីក្រុម​គ្រូពេទ្យ​ព្យាបាល​ជំងឺ​កូ​វីដ​នៅ​មណ្ឌល​ព្យា​បាលជំងឺ​កូវីដសែន​សុខ ១​ ក្នុង​ខណ្ឌ​នេះ បាន​ឃាត់​ខ្លួន​កាល​ពីថ្ងៃទី​ ១៣​ មិថុនា​ ពាក់ព័ន្ធ​ករណី​ចូល​លួច​ទូរស័ព្ទ​អ្នកជំងឺ​កូ​វីដ​ប្រមាណ​ ១០ គ្រឿង ​និង​​លុយ​ជាង ១ លាន​រៀល​ទៀត​។​ ​

លោក​ ហួរ ម៉េង​វ៉ាង អធិការ​នគរបាល​ខណ្ឌ​សែនសុខ ឱ្យដឹង​នៅ​ថ្ងៃទី ១៤ មិថុនា​ថា ករណីនេះ​លោក​មិនទាន់​ប្រាប់​ឈ្មោះ​របស់​ជនសង្ស័យ​នៅ​ឡើយ​ទេ​ ដោយសារតែ​ពួកគេ​ត្រូវ​នាំយក​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​សិន​ មុននឹង​សម្រេចតាម​​ផ្លូវច្បាប់។

លោក​ប្រាប់​យ៉ាងខ្លី​ថា៖ «ពួកគេ​ខ្ញុំ​បាន​យកទៅ​ចូលក្នុង​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក​សិន ហើយ​បន្ទាប់មក​ថា​ គួរ​ចាត់វិធានការ​យ៉ាង​ណា​នោះ​ចាំ​ឱ្យពួក​គេ​ចេញពី​មណ្ឌល​សិន​ទៅ»។

យ៉ាង​ណាក្ដីបើ​យោងតាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​សម្ព័ន្ធ​គ្រូពេទ្យ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បាន​សរសេរ​បង្ហោះ​ថា​ ជនសង្ស័យ​ប្រុស​ស្រី ២ នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន ខណៈ​ពួកគេ​បន្លំ​ខ្លួន​ជា​អ្នកជំងឺ​កូ​វីដ ១៩ ចូល​លួច​ទូរស័ព្ទដៃ​អស់​ជិត ១០ គ្រឿង និង​លុយ​ជាង ១ លាន​រៀល។ ករណី​នេះ​កើត​ឡើង​កាលពី​ថ្ងៃទី​ ១៣ ​ខែ មិថុនា ឆ្នាំ ​២០២១ នៅ​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ ១៩​ សែន​សុខ ១ ក្នុង​ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ។

សារ​ដដែល​បន្តថា«ក្រុមគ្រូ​ពេទ្យនៃ​សម្ព័ន្ធ​គ្រូពេទ្យ (ស.ស.យ.ក) សហការ​ជាមួយ​កម្លាំង​មាន​សមត្ថកិច្ច​ចាប់បាន​ចោរ​ទាំង ២ នាក់ និង​ធ្វើតេស្ត​ពួកគេ​ទាំង ២ គឺ​ «អវិជ្ជមាន» រួច​បញ្ជូន​ឱ្យ​កម្លាំង​មាន​សមត្ថកិច្ច ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័កមុននឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​បន្ត»។

ករណី​ដូចគ្នានេះដែរ​កាលពី​ថ្ងៃទី ៥ ​មិថុនា ​ឆ្នាំ ២០២១ តាមរយៈ​បណ្តាញ​សង្គម​ដែល​ប្រើ​​គណនី​ឈ្មោះ​ តុ​ប ពន្លក​ ក៏បាន​បង្ហោះ​សាររៀបរាប់ថា ក្រុម​គ្រូពេទ្យ​ជួរមុខ​ហួស​ចិត្ត​នឹង​ជនសង្ស័យ ​១ រូប រហូតដល់​ប្រសិទ្ធ​នាម​ឱ្យថាមហាចោរ​ក្លាហាន ព្រោះថា​ បុរស​សង្ស័យ​រូបនេះ​ហ៊ាន​ចូល​លួច​ទូរស័ព្ទដៃ​របស់​អ្នកជំងឺ​កូ​វីដ ១៩ ចំនួន ២ ដង ខណៈ​អ្នកជំងឺ​កំពុង​សម្រាក​នៅ​មណ្ឌល​ព្យាបាល​កម្រិត​ស្រាល​នៃ​វិទ្យាល័យ​ជម្ពូវ័​ន ស្ថិតក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បើតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ដដែល​បាន​បង្ហោះ​រូបភាព​ជន​សង្ស័យអមដោយ​សារ​ថា៖ «ថ្ងៃនេះ (ថ្ងៃទី ៥ ​មិថុនា ២០២១) ខ្ញុំ​បាន​យក​សំណាក​ជូន​មហាចោរ​ដែល​មាន​ចិត្ត​ក្លាហាន​ចូល​លួច​ទូរស័ព្ទ​របស់​អ្នកជំងឺ COVID-19​ បានស​ម្រេច​ចំនួន២លើក​នៅ​មណ្ឌល​ព្យា​បាល​ជំងឺ​កូ​វីដ ១៩ វិទ្យាល័យ​ជម្ពូ​វ័​ន ប៉ុន្តែ​ជា​អកុ​សល ត្រូវបាន​កម្លាំង​នរគ​បាល​ប៉ុស្តិ៍ចាប់បាន» ។

គណនី​ហ្វេ​ស​ប៊ុ​ក​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយ​ពិនិត្យ​សំណាក​លើ​បុរស​សង្ស័យ (មិន​ស្គាល់​អត្ត​សញ្ញាញ) រូបនេះ លទ្ធផល​តេស្ត​រហ័ស​បង្ហាញ​ថា​អវិជ្ជមាន​កូ​វីដ ១៩។ ទោះជា​យ៉ាង​ណាជន​សង្ស័យ​ត្រូវបាន​កម្លាំង​នគរបាល​នាំខ្លួន​យក​ទៅ​សាក​សួរ​ ដើម្បី​ចាត់​ការ​តាម​នីតិ​វិធី​ច្បាប់​៕