កោះ​កុងៈ មន្ទីរ​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន​ខេត្តកោះកុង បាន​ជូនដំណឹង​ពី​ការផ្អាក​ធ្វើ​ចរាចរណ៍​លើ​កំណាត់​ផ្លូវជាតិ​លេខ ៤៨ ត្រង់​គីឡូម៉ែត្រ​លេខ ១៥៤+៣៥០ បន្ទាប់ពី​កំណត់​ផ្លូវ​នេះ ត្រូវបាន​​ជំនន់​ទឹក​​​ភ្លៀង​ហូរ​ច្រោះ​ដាច់​ចិ​ញ្ចើ​ម​ផ្លូវ បង្កើតជា​​រូង​ និង​បាន​រីក​រាលដាល​កាន់តែ​ធំ​ ដល់​ពាក់កណ្តាល​ទ្រូងផ្លូវ​ខណៈ​មាន​ភ្លៀង​យ៉ាង​ខ្លាំង​កាលពី​ថ្ងៃ​ទី​ ១២ ​ខែ​មិថុនា​។

សេចក្តីជូនដំណឹង​រប​ស់​មន្ទីរ​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន ចុះ​ថ្ងៃទី ១៤ មិថុនា​ បាន​ឲ្យ​ដឹងថា កំណាត់​ផ្លូវជាតិ​លេខ ៤៨ ត្រង់​គីឡូម៉ែត្រ​លេខ ១៥៤+៣៥០ គឺ​ស្ថិត​ក្នុងភូមិ​នាង​កុក ឃុំ​ប៉ាក់​ខ្លង ស្រុក មណ្ឌលសីមា ខេត្តកោះកុង ដោយ ការបិទ​ចរាចរណ៍​នេះ គឺ​ចាប់ពី​ថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២១ នេះ​តទៅ។

មន្តីរ​សាធារណការបាន​បញ្ជាក់ថា៖ «ដោយ​លូ​ចា​ស់កាត់ផ្លូវ​បាន​ខូចខាត និង​បាក់ស្រុត ត្រង់​តំណ ធ្វើ​ឲ្យ​រថយន្ត​តូច-ធំ​លំបាក​ក្នុង​ការធ្វើ​ចរាចរណ៍​ឆ្លងកាត់ ពិសេស​ការធ្វើដំណើរ​រ​បស់បង​ប្អូន​ប្រជាពលរដ្ឋ។ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកោះកុង នឹងធ្វើ​ការបិទ​ចរាច​រណ៍​ឆ្លងកាត់​កំណាត់​ផ្លូវ នេះ​ជា​បណ្តោះអាសន្ន (ផ្លូវ​ខាងឆ្វេង) និង​ពង្វាង​ចរាចរណ៍​ឆ្លងកាត់​ទៅ​ផ្លូវ​ខាងស្ដាំ (ទិស​ពី​ភ្នំពេញ)»។

ដូច​បាន​​ជម្រាបជូន​ខាងលើ មន្ទីរ​សាធារណការ និង​ដឹក​ជ​ញ្ចូ​ន​ខេត្តជឿជាក់ថា ប្រជាពលរដ្ឋទាំងអស់នឹង​បាន​ជ្រាប​ជា​ព័ត៌មាន និង​យោគយល់ អធ្យាស្រ័យ ដោយ​ចូលរួម​សហការ ដើម្បីឱ្យ​ដំណើរ​ជួសជុល​កំណាត់​ផ្លូវ​នេះ​ បាន​ទាន់​ពេលវេលា ប្រកបដោយ​សុខ​សុវត្ថិភាព។

លោក សុខ សុ​ទ្ធី អ្នកនាំពាក្យ​សាលាខេត្ត​កោះកុង បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ១៤ មិថុនាថា ដោយសារ​កាលពី​ថ្ងៃទី ១២ មិថុនា​ នៅក្នុង​ខេត្តកោះកុង មាន​ភ្លៀង​ធ្លាក់​ខ្លាំង ហើយក៏​បណ្តាល​ឲ្យ​ទឹកជំនន់​ហូរ​ច្រោះធ្វើ​ឲ្យ​ប៉ះពាល់​ផ្លូវ។

លោក​បន្តថា ជំនន់​ទឹកភ្លៀង​នេះ គឺ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ផ្លូវជាតិលេខ​ ៤៨ ខូចខាត និង​បាក់ស្រុត​នោះទេ ជំនន់​ទឹកភ្លៀង​នេះ ក៏បាន​ធ្វើ​ឲ្យ​ផ្លូវ​មួយ​ខ្សែរ​ទៀត ស្ថិតក្នុង​ស្រុក​កោះកុង ដែល​កំពុងធ្វើការ​សាងសង់ ខូចខាត និង​បាក់ស្រុត​​ផង​ដែរ។

លោកបញ្ជាក់ថា៖ «មន្ត្រី​ជំនាញ​យើង កំពុងធ្វើការ​ជួសជុល​ផ្លូវ​ខូចខាត និង​បាក់ស្រុត​ទាំង ២ ខ្សែ​នេះ ដោយ​ការជួស​ជុល​​រួច​ពេលណា យើង​មិនទាន់​ដឹង​ច្បាស់​ទេ។ តែ​សូម​ឱ្យបងប្អូន​យើង ដែល​ធ្វើដំណើរ​តាមផ្លូវ​ក្នុង​ខេត្តកោះកុង​មេត្តា​ប្រុងប្រយ័ត្ន ព្រោះ​យើង​ដឹង​ហើយ​ថា រដូវ​នេះ ជា​រដូវភ្លៀង ដូច្នេះ ក្រៅពី​បាក់ស្រុត​ខូច​ខាតនេះ ផ្លូវ​យើង​ក៏មាន​លក្ខណៈ​រអិល​ដែរ»៕