ភ្នំពេញៈ រដ្ឋបាល​ខេត្ត​កំពង់​ស្ពឺ បន្ត​ដាក់​ចេញ​វិធាន​ការ​រដ្ឋបាល​រយៈ​ពេល ១ ​សប្តាហ៍​ទៀត​ រហូត​ដល់​ថ្ងៃទី ​២០​ ខែមិថុនា ​ដោយ​ក្នុង​នោះ​ការ​ធ្វើ​អាជីវ​កម្ម​ ឬ​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​ត្រូវបាន​ហា​ម​ឃាត់​ ខណៈ​ខេត្ត​កំពង់​ចាម​ សម្រេច​បិទ​ខ្ទប់​ខ្នង​ផ្ទះ​ពល​រដ្ឋ​ជិត ​៥០​ គ្រួសារ​ ដែល​ស្ថិត​ក្នុង​ភូមិ​ចំនួន ​១១ ​នៅ​ស្រុក​ស្រី​សន្ធរ​ ដើម្បី​ទប់ស្កាត់​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​ ១៩​។

សេច​ក្តី​សម្រេច​របស់រ​ដ្ឋ​បាល​ខេត្ត​កំពង់​ស្ពឺ ​ចុះ​ថ្ងៃទី​ ១៤ ​ខែមិថុនា ​បាន​ឲ្យ​ដឹងថា​ ក្នុង​អំឡុង​ពេល​អនុវត្ត​វិធានការ​រដ្ឋបាល​នេះ ​គឺ​តាម​បណ្តា​ភោជ​នីយដ្ឋាន​ អាហា​រដ្ឋា​ន តូប​អាហារ​ចល័ត​ទូទាំង​ខេត្ត​ ដែល​បើក​ទទួល​អតិថិ​ជន​ចូល​ទទួល​ទាន ត្រូវ​បាន​ផ្អាក​ជា​បណ្ដោះ​អាសន្ន​នៅ​ចន្លោះ​ម៉ោង ២០ ​(ម្ភៃ)​ ដល់​ម៉ោង ០៣ (បី) ​ព្រឹក​។​ ប៉ុន្តែ​ទីតាំង​អាជីវ​កម្ម​ទាំង​នោះ​អាច​លក់ អាហារ​ ជា​លក្ខណៈ ​វេច​ខ្ចប់​បាន​។​

ចំពោះ​ភោជនីយ​ដ្ឋាន​ អាហា​រដ្ឋា​ន តូប​អាហារ​ដែល​បើក​ទទួល​អ​តិ​ថិ​ជន​ចូល​ទទួល​ទាន​អាហារ​មិនត្រូ​វ លក់​គ្រឿង​ស្រវឹង​ជា​ដាច់​ខាត ​ហើយ​គ្រប់​ផ្សារ​រដ្ឋ ផ្សារ​ឯកជន ផ្សារ​ម៉ា​ត ហាង​លក់​ភេសជ្ជៈ ​ក៏ត្រូវ​ផ្អាក​ការលក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ផងដែរ។​ នេះ​បើតាម​សេចក្តី​សម្រេច​របស់​រដ្ឋ​បាល​ខេត្ត។​

រដ្ឋបាល​ខេត្ត​បាន​បន្តថា​៖ «​ផ្អាក​ការ​ជួបជុំ​ជា​លក្ខណៈ​គ្រួសារ​ដែលមាន​ការទទួល​ទាន​គ្រឿង​ស្រវឹង។ រាល់​ការ​ធ្វើ​សកម្ម​ភាព​កីឡា ​ដែល​មាន​លក្ខណៈ​ជួបជុំ​ ឬ ​ការ​ប្រមូល​ផ្តុំ​មនុស្ស​លើស​ពី ២​ (ពីរ)​ នាក់​ ត្រូវ​បាន​ផ្អាក​ជា​បណ្ដោះ​អាសន្ន។ ការ​ប្រមូល​ផ្តុំ​ ឬ​ការជួប​ជុំគ្នា​ទទួល​ទាន​អាហារ​ ភេសជ្ជៈ​ ឬ​ទទួល​ទាន​ គ្រឿង​ស្រវឹង​ នៅ​ចន្លោះ​ម៉ោង​ ២​០ ​(ម្ភៃ) ​ដល់​ម៉ោង​ ០៣ ​(​បី​)​ ព្រឹក គឺ​ត្រូវ​បាន​ផ្អាក​ជា​បណ្ដោះ​អាសន្ន»​។​

នៅ​ចន្លោះ​ម៉ោង​ ២០ ​(ម្ភៃ) ​ដល់​ម៉ោង ​០៣ (បី)​ ព្រឹក​ រដ្ឋបាល​ខេត្ត ​បាន​ចាត់ទុក​ថា​ ជា​ករណី​ដែល​អាច​លើកលែង​ចំពោះ​ករណី​មួយចំនួន​ដូច​ជា​ ការជួប​ជុំ​លក្ខណៈ​សមាជិក​គ្រួសារ​ដែ​ល​រស់នៅក្នុង​លំនៅឋាន​ ឬ​ទី​សំណាក់​ជាមួយ​គ្នា ការរៀប​ចំ​ពិធី​បុណ្យសព​ ដោយ​គោរព​តាម​វិធានការ​សុខាភិ​បាល​ និង​តាម​ការកំណត់​របស់​អា​ជ្ញា​ធរមាន​សមត្ថ​កិច្ច។

ក្នុង​នោះ​ការជួប​ជុំ​របស់​បុគ្គលិក​សុខាភិបាល​ដែល​បំពេញ​ការងារ​ថែរក្សា​សង្គ្រោះ​បន្ទាន់​ផ្សេងទៀត​ និងការ​ជួបជុំ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក​ម្លាំ​ង​គណៈ​បញ្ហា​ការ​ឯកភាព​រដ្ឋបាល​ខេត្ត​ ក្រុង​ ស្រុក​ ឃុំ សង្កាត់​ ក្នុងការ​បំពេញ​ភារកិច្ច​ថែរក្សា​សន្តិសុខ​ ​សណ្ដាប់​ធ្នាប់​ និង​របៀ​ប​រៀប​រយ​សាធារណៈ​ ក៏​ត្រូវ​បាន​លើកលែង​ផង​ដែរ​។​

លោក​ វ៉ី ​សំណាង​ អភិ​បាល​ខេត្ត​កំពង់ស្ពឺ ​បាន​អះអាង​ក្នុង​សេចក្តី​សម្រេច​ថា ចំពោះ​បុគ្គល ​ឬនីតិ​បុគ្គល​ទាំងឡាយ​ណា ដែល​មិន​ចូលរួម​អនុវត្តតាម​ខ្លឹមសារ​ដូច​មានចែង​ក្នុង​សេចក្តី​សម្រេច​នេះ រដ្ឋបាលខេត្ត​នឹង​អនុវត្ត​វិធានការ​រដ្ឋបាល​តាមផ្លូវ​ច្បាប់។

លោក​បញ្ជាក់​ថា៖​ «​វិធាន​ការ​រដ្ឋបាល ដូច​បានកំណត់​ក្នុង​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​តូ​វីដ ១៩ និង​ជំងឺឆ្លង​កាច​សាហាវ​ និង​ប្រកប​ដោយ​គ្រោះ ថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​ ព្រម​ទាំង​លិខិត​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ជា​ធរមាន»​។​

ចំណែក​​សេចក្តី​សម្រេច​របស់​រដ្ឋ​បាល​ខេត្តកំពង់​ចាម​ ចុះ​ថ្ងៃទី ១៤ មិថុនា​នេះដែរ​ បាន​ឲ្យ​ដឹងថា តាម​ការកំណត់​របស់​រដ្ឋបាល​ស្រុក​ស្រី​សន្ធរ គឺ​ខ្នង​ផ្ទះ​ប្រជា​ពលរដ្ឋ​ចំនួន​ ៤៥ ខ្នង​ផ្ទះ​ ត្រូវ​បានបិទ​ខ្ទប់​រយៈពេល ​១៤ ថ្ងៃ រហូត​ដល់​ ថ្ងៃ​ទី ២៦ ខែ​មិថុនា​ ដោយ​មូល​ហេតុ​មាន​ប្រជា​ពលរដ្ឋ​ឆ្លង​ជំងឺ​កូ​វីដ ១៩ ក្នុង​ព្រឹត្តិ​ការណ៍​សហគមន៍​ ២​០​ កុ​ម្ភះ។​

រដ្ឋបាល​ខេត្ត​កំពង់​ចាម​បាន​ឲ្យ​ដឹង​ថា​ ខ្នង​ផ្ទះ​ទាំងនោះ គឺ​ស្ថិត​នៅក្នុង​ ភូមិ​ចំនួន ​១១ ក្នុង​ឃុំ​ព្រែក​រំដេង ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់​ចាម ​ ហើយ​ក្នុងពេល​បិទ​ខ្ទប់​នេះ គឺ​ហាម​ឃាត់ពល​រដ្ឋ​ចេញ​ចូល​ដោយ​គ្មាន​ការអនុញ្ញាត​ ខណៈ​សមត្ថ​កិច្ច​ដែន​ដី​ ត្រូវ​រៀបចំ​សណ្តាប់​ធ្នាប់​ និង​របៀប​រៀប​រយ​ឲ្យ​បាន​ត្រឹម​ត្រូវ​។​

រដ្ឋបាល​ខេត្ត​កំពង់ចាម ​បាន​បញ្ជាក់​ថា៖ ​«​ត្រូវ​រៀបចំ​កង​កម្លាំង​ការពារ​ ដើម្បី​ការពារ​កុំឱ្យ​មានការ​ចេញ​-ចូល​ ឱ្យបាន​សមស្រប​ទៅតាម​ទំហំ​ការងារ។​ ការពារ​សន្តិសុខ ​សណ្តាប់​ធ្នាប់​សាធារណៈ​ក្នុង​តំបន់​បិទ​ខ្ទប់ជូន​ប្រជា​ពលរដ្ឋ​ឱ្យបាន​ល្អ​ប្រ​សើរ​»​។​

លោក​ អ៊ុន​ ចាន់​ដា ​អភិបាល​ខេត្ត​កំពង់​ចាម​ បាន​លើក​ឡើង​ក្នុង​សេចក្តី​សម្រេច​នោះ​ថា​ ជា​មួយនឹ​ង​ការ​រៀប​ចំ​របៀប​រៀប​រយ​នេះ ​សមត្ថ​កិច្ច​ដែនដី​ ក៏​ត្រូវ​រៀបចំ​ចង​ខ្សែ​ហ៊ុំព័ទ្ធ ​នៅ​តំបន់​បិទ​ខ្ទប់ ឱ្យបាន​ត្រឹមត្រូវ​ និង​រៀបចំ​ឱ្យមាន​ការលក់​ដូរ​ម្ហូប​អាហារ​ចល័ត​ក្នុង​ឃុំ ​ដែល​ត្រូវ​បិទ​ខ្ទប់ ១ ថ្ងៃ ​១ លើក​ គឺ​ពី​ម៉ោង ៨ ​និង ​៣០ នាទី​ ដល់ ១០ ​និង ​០០ នាទី ឬ​រៀប​ចំ​ឱ្យ​មាន​ការ​លក់​ដូរ​ម្ហូប​អាហារ​នៅតាម​ព្រំ​ប្រទល់​ផង​ដែរ​។​

លោក​បញ្ជាក់​ថា​៖​ «​ត្រូវ​ចាក់​ផ្សាយ​អំពី​វិធានការ​ការពារ ៣ កុំ ៣ ការពារ ឱ្យបាន​មួយ​ថ្ងៃ​៣ដង ក្នុង​តំបន់​បិទ​ខ្ទប់ ត្រូវ​ចាត់​មន្ត្រី​ពាក់ព័ន្ធ​តាម​ដាន​ពី​សុខភាព​ប្រជាពល​រដ្ឋ ​ក្នុង​តំបន់​បិទ​ខ្ទប់​ជាប្រចាំ​ ហើយ​មន្ត្រី​មន្ទីរ​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ខេត្ត​ត្រូវ​ស្រាវជ្រាវ​រក​កម្មករ កម្ម​ការី ដែល​បាន​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​ ជា​មួយ​អ្នកជំងឺ​កូ​វីដ ១៩​»​។​

បន្ថែម​ពី​នេះ ​លោក ​អ៊ុន​ ចាន់​ដា ក៏បាន​ប្រកាស​ហាម​ឃាត់ មិន​ឲ្យ​មានការ​ជួបជុំ​នៅក្នុង​តំបន់​ដែល​បាន​បិទ​ខ្ទប់​នោះដែរ ដោយ​រំពឹង​ថា​ ប្រជា​ពលរដ្ឋ​ និង​មន្ត្រី​ពាក់ព័ន្ធ​ក្នុងភូមិ​ទាំង ១១ ចូលរួម​សហការ​ និង​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់៕