ភ្នំពេញៈ បណ្តាញ​កុមារ និង​យុវជន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួមមួយ ហើយ​បានដាក់​ស្នើ​ទៅ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន​ ៥ ​សូម​ឱ្យ​ជួយ​រក​ដំណោះស្រាយ​ដល់​កុមារ​ដែល​ធ្វើ​ចំណាកស្រុក​តាម​ឪពុកម្តាយ​របស់​ពួកគេ ដើម្បី​ឱ្យ​ពួកគេ​ទទួល​បាន​ការសិក្សា​ដូច​កុមារ​ផ្សេងទៀត​ដែរ​។

បណ្តាញ​កុមារ​ និង​យុវជន​ទាំងនេះ​រួមមាន​បណ្តាញ​កុមារ​អ្នកតស៊ូ​មតិ​ (CAN) ក្រុម​តំណាង​យុវវ័យ និង​យុវជន (AYRG) និង​សមាគម​ចលនា​កុមារ និង​យុវជន​កម្ពុជា​ ដើម្បី​សិទ្ធិ​កុមារ​ (CCYM-CR) ដោយ​ទទួលបាន​ការគាំទ្រ​ពី​បណ្ដា​អង្គការ​នានា ធ្វើ​ការងារ​ផ្នែក​កុមារ​មួយចំនួនទៀត​។

យុវតី ហួ បុប្ផា ប្រធាន​ក្រុមគាំទ្រ​កុមារ និង​យុវជន​នៃ​បណ្តាញ​ដែល​ដឹកនាំ​ដោយ​កុមារ និង​យុវជន​នេះ​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​នៅ​ថ្ងៃទី​ ១៣ ខែមិថុនា​ថា សេចក្ដី​ថ្លែងការណ៍​រួម​នេះ​បាន​ដាក់​ទៅកាន់​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន​ ៥ កាលពី​ថ្ងៃទី​ ១១ ខែ​មិថុនា ក្នុង​នោះ​រួមមាន​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្រសួង​មហាផ្ទៃ ក្រសួង​សុខាភិបាល និង​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ ដើម្បី​កុមារ​។

បុប្ផា បាន​ឱ្យ​ដឹងថា​៖ «​ពួកយើង​រំពឹងថា នឹង​ទទួល​បាន​ការឆ្លើយតប​ជា​វិជ្ជមាន ពី​រាជរដ្ឋាភិបាល​ក៏​ដូចជា​បណ្ដា​ក្រសួង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ ដោយសារ​តែ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នេះ​កុមារ និង​យុវជន​បាន​លើកឡើង​ពី​បញ្ហា និង​ផលលំបាក​របស់​ពួកគេ​នៅទីនេះ​»​។

តំណាង​បណ្ដាញ​កុមារ និង​យុវជន​រូបនេះ​បញ្ជាក់ថា តាមរយៈ​សេចក្ដី​ថ្លែងការណ៍​រួម​នេះ​បាន​ផ្ដោត​សំខាន់​លើ​ការសិក្សា អប់រំ​របស់​កុមារ និង​យុវជន​ដែល​ធ្វើ​ចំណាកស្រុក​តាម​ឪពុកម្ដាយ​។

យុវតី​រូបនេះ​បន្ដថា​៖ «​បើសិន​ជា​គ្មាន​ការឆ្លើយតប​ពី​បណ្ដា​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​លើ​សេចក្ដី​ថ្លែងការណ៍​រួម​នេះ យើង​នឹងធ្វើ​សេចក្ដី​ថ្លែងការណ៍​រួម​ ១ ​ទៀត ដែល​មាន​បញ្ចូល​ការថ្លែងការណ៍​រួម​ពី​កុមារ​ដែល​កំពុង​ធ្វើ​ចំណាកស្រុក​នៅ​ប្រទេស​ថៃ​នាពេល​ខាងមុខ​បន្ថែមទៀត​»​។

សេចក្តី​ថ្លែងការណ៍​រួម​បានឱ្យ​ដឹងថា កាលពី​ថ្ងៃទី​ ២០ និង​ ២១ ខែមីនា ឆ្នាំ​ ២០២១ បណ្តាញ​ដែល​ដឹកនាំ​ដោយ​កុមារ និង​យុវជន​រួមទាំង​កុមារ​តំណាង​អង្គការ​បន្ទាយស្រី ខេត្ត​សៀមរាប និង​ខេត្ត​បាត់ដំបង​បាន​ធ្វើការ​រួមគ្នា​បង្កើត​បាន​ជា​វេទិកា​កុមារ និង​យុវជន​ថ្នាក់ក្រោម​ជាតិ​នៅក្នុង​ខេត្ត​បាត់ដំបង និង​ខេត្តសៀមរាប​ស្តីពី​ការចំណាកស្រុក​របស់​កុមារ​តាម​ឪពុកម្តាយ និង​ផលប៉ះពាល់​ពី​ការធ្វើ​ចំណាកស្រុក​មកលើ​កុមារ​។

វេទិកា​នេះ​បាន​ពិភាក្សា ស្វែងយល់​ពី​ស្ថានភាព​ជាក់ស្តែង បញ្ហា​ប្រឈម​តម្រូវការ​ចាំបាច់​ដំណោះស្រាយ និង​អនុសាសន៍​សម្រាប់​ដោះស្រាយ​បញ្ហា​ដែល​រង​ផលប៉ះពាល់​ពី​ការធ្វើ​ចំណាកស្រុក និង​កុមារ​ចំណាកស្រុក បាននិង​កំពុង​ជួបប្រទះ​ក្នុងស្ថានភាព​ដ៏លំបាក​នៃ​អំឡុងពេល​រីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

សេចក្ដី​ថ្លែងការណ៍​បញ្ជាក់ថា​៖ «​ដោយ​ផ្អែកលើ​ការពិភាក្សា​ក្នុង​វេទិកា​យើង​បាន​រកឃើញ​ថា កុមារ​មួយចំនួន​បាន​ជួបប្រទះ​នូវ​បញ្ហា​ជាច្រើន​ទាក់ទង​ទៅនឹង​ការទទួល​បាន​ការអប់រំ បរិបទ​នៃ​ការរស់នៅ និង​ការទទួល​បាន​សេវាសាធារណៈ​ជាដើម​»​។

កុមារ និង​យុវជន​បាន​បង្ហាញ​ពី​កង្វល់​ថា បញ្ហា​ប្រឈម​ទាំងនោះ​បាន​ជះ​ឥទិ្ធ​ទៅលើ​សិទិ្ធ​ទទួល​បាន​ការអប់រំ​ស្នើ​គ្នា និង​សិទ្ធិ​ទទួល​បាន​ការអភិវឌ្ឍ​ចំណេះដឹង និង​ការអភិវឌ្ឍ​អាកប្បកិរិយា​របស់​កុមារ​រួមជាមួយ​ការគោរព​ខ្លួនឯង សីលធម៌ ការយល់ដឹង​ពី​សង្គម ការចូលរួម​សកម្មភាព​នានា និង​ការរស់នៅ​ប្រចាំថ្ងៃ​។

ក្រៅពីនេះ​កុមារ​ទាំងអស់​បាន​បង្ហាញ​នូវ​បំណងប្រាថ្នា​ ដើម្បី​បាន​បញ្ចេញ​នូវ​សំឡេង​របស់​ពួកគេ​ទៅកាន់​អ្នកពាក់ព័ន្ធ និង​រាជរដ្ឋាភិបាល​ឱ្យមាន​ការយកចិត្ត​ទុកដាក់ និង​ពង្រឹង​ការអនុវត្ត​ច្បាប់ ជាពិសេស​គោលនយោបាយ​គាំពារ​សង្គម​ជួយ​ដល់​កុមារ និង​យុវជន​ដែល​រង​ផលប៉ះពាល់​ពី​ការធ្វើ​ចំណាកស្រុក​ក្នុង​អំឡុងពេល​នៃ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

បណ្តាញ​ទាំងនេះ​បាន​ស្នើសុំ​ដល់​ក្រសួង​ពាក់ព័ន្ធ​នានា​សូម​ឱ្យ​កែលម្អ​ប្រព័ន្ធ​អប់រំ​សម្រាប់​កុមារ និង​យុវជន​ដោយ​សម្រួល​ដល់​ការចុះឈ្មោះ​ការផ្ទេរ​ពី​តំបន់​ ១ ​ទៅ​តំបន់​ ១ ​ទៀត និង​ការបង្កើត​ឱ្យ​មាន​កម្មវិធី​អប់រំ​ក្រៅ​ប្រព័ន្ធ ដូចជា​ការអប់រំ​ភាសា ខ្មែរ ថៃ និង​ការអប់រំ​ចំណេះដឹង​ទូទៅ​នៅ​តាម​សហគមន៍​ដែល​មាន​ការចំណាកស្រុក​ជាពិសេស​គឺ​នៅ​តំបន់​ព្រំដែន កម្ពុជា-ថៃ​។

ចំណែក​ក្រសួង​អប់រំ គួរ​ធានា​យ៉ាងណា ឱ្យ​សាលារៀន​ទាំងអស់​ផ្តល់​នូវ​ព័ត៌មាន​បច្ចុប្បន្នភាព​យ៉ាង​សុក្រឹត​អំពី​នីតិវិធី និង​លក្ខខណ្ឌ​សម្រាប់​ចុះឈ្មោះ​សិស្ស​ (​សំបុត្រកំណើត លិខិតបញ្ជាក់​ពី​ការផ្ទេរ សាលារៀន និង​ឯកសារ​ពាក់ព័ន្ធ​ផ្សេងទៀត​) ​ដល់​គ្រួសារ​ចំណាកស្រុក​។ ក្រសួង​អប់រំ គួរ​បន្ត​ប្រើប្រាស់​គោល​វិធី​ដែល​មាន​ភាពបត់បែន និង​បន្ត​ជួយ​សម្រួល​ជាពិសេស​ដើម្បី​ឱ្យ​សាលារៀន​អាច​ចុះឈ្មោះ​កុមារ​ចំណាកស្រុក​បាន​។ បើតាម​សេចក្ដី​ថ្លែងការណ៍​។

លោក រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​ថ្លែង​នៅ​ថ្ងៃទី​ ១៣ ​មិថុនា​ថា ក្រសួង​អប់រំ ស្វាគមន៍ និង​ថ្លែងអំណរគុណ​ចំពោះ​កិច្ចសហការ​វិជ្ជមាន​ពី​សំណាក់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល និង​វិស័យ​ឯកជន​ក្នុងការ​ចូលរួម​លើកកម្ពស់​គុណភាព​អប់រំ សម្រាប់​អ្នកសិក្សា​មុន និង​ក្នុង​បរិបទ​កូវីដ​ ១៩ ដែល​ត្រូវការ​ការចូលរួម​ពី​គ្រប់​តួអង្គ​ពាក់ព័ន្ធ​រួមទាំង​សិស្ស-និស្សិត មាតាបិតា និង​អាជ្ញាធរ​មូលដ្ឋាន​។

លោក​ថ្លែងថា​៖ «​នៅ​ចំពោះមុខ​នេះ គ្រប់ភាគី​ពាក់ព័ន្ធ​ត្រូវ​បន្ត​អនុវត្ត​វិធានការ ៣ការពារ ៣កុំ និង​ដើរតួនាទី​ជា​ធ្លុង​ ១ ក្នុង​ការចូលរួម​បន្ត​ជំរុញ​គុណភាព​បង្រៀន និង​រៀន​ពី​ចម្ងាយ​ និង​អនឡាញ និង​លើកកម្ពស់​យន្តការ​លើក​ទឹកចិត្ត​អ្នកសិក្សា​ឱ្យ​បន្ត​ការសិក្សា​ស្រប​នឹង​គន្លង​ជីវិត​ថ្មី​ក្នុង​វិស័យ​អប់រំ​»​។

លោកស្រី​ ញេប សុភាព អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ (​ក.ជ.ក) បាន​ស្វាគមន៍​ចំពោះ​សេចក្ដី​ថ្លែងការណ៍​នេះ ហើយ​បាននិង​កំពុង​ពិនិត្យ ដើម្បី​ឆ្លើយតប​ ឬ​បន្ត​គាំទ្រ​តាមរបៀប​ណាខ្លះ​។

លោកស្រី​ថ្លែងថា​៖ «​រាជរដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ​មាន​គោលនយោបាយ​គ្រប់គ្រាន់​ក្នុង​ការអនុវត្ដ​កិច្ចគាំពារ​កុមារ​ចំណាកស្រុក ទាំង​ការចំណាកស្រុក​ឆ្លង​ប្រទេស និង​មិន​ឆ្លង​ប្រទេស​។ សេចក្ដីថ្លែងការណ៍​ខ្លះ​វា​ជា​ចំណែក​មួយ​ដែល​យើង​តែងតែ​ចូលរួម និង​លើក​ទឹកចិត្ដ​ជានិច្ច​។ យើង​មិនអាច​បដិសេធ​បានទេ បើ​វា​សមស្រប​ ប៉ុន្ដែ​សេចក្ដី​ថ្លែងការណ៍​ខ្លះ​ដាក់​មក​បង្ហាញថា​យើង​អត់​បានធ្វើ​អ្វី​សោះ ដូច្នេះ​ខ្ញុំ​សូម​ពិនិត្យមើល​ការងារ​នេះ​សិន​»៕