ភ្នំពេញៈ នាយកដ្ឋាន​ព័ត៌មាន ក្រសួង​ការពារជាតិ​បាន​ឱ្យ​ដឹងថា សិក្ខាកាម​យោធា​កម្ពុជា​ចំនួន​ ៧ ​រូប​ បានបញ្ចប់​ការសិក្សា​ថ្នាក់​បច្ចេកទេស Specialist degree ដោយ​ជោគជ័យ​ពី​វិទ្យាស្ថាន​វិស្វកម្ម​កាំភ្លើង​ធំ​ និង​កាំជ្រួច នាទី​ក្រុង​ផេនហ្សា​នៃ​សហព័ន្ធរុស្ស៊ី​។

ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​ការពារជាតិ​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃទី​ ១៣ មិថុនា​ថា សិក្ខាកាម​យោធា​កម្ពុជា​ចំនួន​ ៧ រូបនេះ​គឺ​មាន​លោក ហែម នរៈសត្យា លោក ផុន ណារិទ្ធ លោក កែវ ផល្លី និង​លោក អ៊ឹង មេងលី បាន​បញ្ជប់​ជំនាញ​មីស៊ីល និង​កាំភ្លើង​ធំ​។ ចំណែក​លោក ឱ សុវណ្ណបញ្ញា បានបញ្ចប់​ជំនាញ​មធ្យោបាយ​វិទ្យុ​បច្ចេកទេស​កាំភ្លើង​ធំ ខណៈ​លោក មាស សុជាត្ថា លោក ងឿន ប៊ុនថេន បានបញ្ចប់​ជំនាញ​គ្រឿង​ក្រោះ និង​ឧបករណ៍​ឆ្លុះ​ Electro​។

ក្រសួង​ការពារជាតិបាន​បញ្ជាក់ថា​៖ «​នេះ​ជា​មោទនភាព​ជាតិខ្មែរ​។ សញ្ញាបត្រ​ថ្នាក់ Specialist degree ទាំងអស់ ដែល​ចេញ​ដោយ​ស្ថាប័ន​អប់រំ​រុស្ស៊ី គឺ​មាន​តម្លៃ​ស្មើនឹង​សញ្ញាបត្រ​ថ្នាក់អនុបណ្ឌិត​នៅ​ប្រទេស​កម្ពុជា​»​។

លោក អឿ គង្គារ អនុប្រធាន​សមាគមនិស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធ​រុស្ស៊ី​បាន​ឱ្យ​ ភ្នំពេញ​ ប៉ុស្តិ៍​ ដឹង​នៅ​ថ្ងៃទី​ ១៤ មិថុនា​ថា សមាគម សូម​សម្តែង​នូវ​សេចក្តី​រីករាយ និង​អបអរសាទរ​ជូន​ចំពោះ​សិក្ខាកាម​ទាំង​ ៧ ​រូប​ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បញ្ចប់​ការសិក្សា​ផ្នែក​មីស៊ីល​នៅ​ប្រទេស​រុស្ស៊ី​។

លោករំពឹងថា ពួកគេ​នឹង​ពាំនាំ​ជំនាញ​ដែល​ទទួល​បាន​ពី​ប្រទេស​មហាអំណាច​មួយ​នេះ សម្រាប់ធ្វើ​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​ក្នុង​ពេល​ខាងមុខ ខណៈ​ជំនាញ​ទាំងនេះ គឺជា​ជំនាញ​មួយ​ដ៏កម្រ​នៅក្នុង​ប្រទេស​។

លោក​បញ្ជាក់ថា​៖ «​នៅពេល​ពួកគេ​បានបញ្ចប់​ការសិក្សា​ផ្នែក​នេះ​ពួកគេ​នឹង​ត្រឡប់មក​ប្រទេស​វិញ ដើម្បី​ធ្វើការ​អភិវឌ្ឍ​ប្រទេស​។ តែ​ខ្ញុំ​មិនទាន់​បានដឹង​ច្បាស់​ទេ​ថា ពួកគេ​នឹង​ត្រឡប់​ទៅ​មាតុប្រទេស​វិញ នៅពេលណា​។ គ្រាន់តែ​ថា តាមរយៈ​ជំនាញ​ដែល​ពួកគេ​ទទួល​បាន​នេះ​នឹង​ធ្វើឱ្យ​ពួកគេ​អាច​ចូលរួម​ចែករំលែក​ចំណេះដឹង​របស់ខ្លួន ទៅ​ដល់​យុវជន​កម្ពុជា​ផងដែរ​»​។

ជាមួយ​នឹង​ការថ្លែង​បែបនេះ លោក អឿ គង្គា បាន​និយាយ​ថា សមាគម​នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ជួយ​គ្នា​ទៅវិញទៅមក ដើម្បី​គាំទ្រ​ដល់​និស្សិត​ខ្មែរ និង​សិក្ខាកាម​យោធា​ទាំងអស់​ដែល​កំពុង​បន្ត​ការសិក្សា ឱ្យ​ទទួល​បាន​ភាពងាយស្រួល​អំឡុងពេល​រស់នៅ​ប្រទេស​រុស្ស៊ី​។

ក្នុង​មួយឆ្នាំៗ សិក្ខាកាម​ខ្មែរ​ផ្នែក​ស៊ីវិល ដែល​បានបញ្ចប់​ការសិក្សា​នៅ​ប្រទេស​រុស្ស៊ី​មាន​ចន្លោះ​ពី ៥ ទៅ ១៦ នាក់ ​ទៅ​លើ​ជំនាញ​ការពារជាតិ​ និង​មុខវិជ្ជា​ផ្សេងៗ​ខណៈ​រដ្ឋាភិបាល​រុស្ស៊ី តែងតែ​ផ្តល់​អាហារូបករណ៍​ដល់​ពលរដ្ឋ​ខ្មែរ​ចំនួន ១៦ កន្លែង​ជា​រៀងរាល់​ឆ្នាំ​។ នេះ​បើតាម លោក អឿ គង្គារ​។

បន្ថែម​ពីនេះ លោក​បាន​បញ្ជាក់ថា ចំនួន​នេះ​គឺ​មិនទាន់​បាន​រាប់បញ្ចូល​នឹង​តួលេខ​ដែល​រដ្ឋាភិបាល​រុស្ស៊ី​បាន​ផ្តល់​មកឱ្យ​រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ផ្នែក​យោធា​នោះទេ​។

លោក ប៉ា ច័ន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​បាន​លើក​ឡើង​នៅ​ថ្ងៃទី​ ១៤ ខែមិថុនា ដោយបាន​អបអរសាទរ​ចំពោះ​សិក្ខាកាម​យោធា​ទាំង ៧ រូប ដែល​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បច្ចេកទេស​ជំនាញ វិស្វកម្ម​កាំភ្លើង​ធំ និង​កាំជ្រួច​ពី​ប្រទេស​រុស្ស៊ី​។ លោកយល់​ថា ​សិក្ខាកាម​ទាំង ៧ រូបនេះ ​គឺជា​ធនធាន​ដ៏មាន​តម្លៃ​សម្រាប់​ប្រទេស​កម្ពុជា ដែល​កម្រ​នឹង​មាន​អ្នកចេះ​ជំនាញ​នេះ​ណាស់​។

ហេតុនេះហើយ​លោក​ជឿជាក់​ថា​៖ «​រដ្ឋាភិបាល គួរតែ​ឱ្យ​តម្លៃ​ និង​ផ្តល់​តួនាទី ក៏ដូចជា​ប្រើប្រាស់ ពួកគាត់​ឱ្យ​បាន​ត្រឹមត្រូវ​ទៅតាម​ចំណេះ ជំនាញ និង​បទពិសោធ​ដែល​ពួកគាត់​មាន ដើម្បី​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​យើង ជាពិសេស​នៅក្នុង​ជំនាញ​ដែល​ពួកគាត់​បាន​រៀន​ឱ្យ​កាន់តែ​ប្រសើរ​មួយកម្រិត​ទៀត​»៕