ភ្នំពេញៈ ​នៅតែ​ប៉ុន្មាន​ថ្ងៃ​ទៀត កម្ពុជា​នឹង​សម្រេច​បាន​ការចាក់​វ៉ាក់សាំង បង្ការ​វីរុស​កូវីដ​ ១៩ ​បាន​រហូតដល់​ ៣ ​លាន​នាក់ និង​គ្រោង​ចាក់​ឱ្យបាន​ ១០ ​លាន​នាក់ នៅត្រឹម​ខែវិច្ឆិកា​ឆ្នាំនេះ​។ ដំណើរការ​យ៉ាង​លឿន​នៃ​ការចាក់​វ៉ាក់សាំង​នេះ​ត្រូវបាន​មន្ត្រី​អធិប្បាយ​ថា៖ «​កម្ពុជា​ជា​ប្រទេស​តូច​តែមាន​បេះដូង​ធំ​ក្នុង​ការជួយ​ដល់​ប្រជាពលរដ្ឋ​»​។

នៅ​ព្រឹក​ថ្ងៃទី​ ១៤ ខែមិថុនា ក្នុង​ជំនួប​ជាមួយនឹង លោក Martin Vávra ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ឆែក​ថ្មី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ប្រាប់​ឯកអគ្គរដ្ឋទូត​ថ្មី​នេះ​ថា កម្ពុជា​កំពុងតែ​ជំរុញ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ ១៩ ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​អាច​នឹង​ចាក់​រហូត​ដល់​ ១០ ​លាន​នាក់​នៅត្រឹម​ខែវិច្ឆិកា​ខាងមុខ​។

ទន្ទឹមនឹងនេះ លោកនាយក​រដ្ឋមន្ត្រី បាន​សម្រេច​ចូល​ដឹកនាំ គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ ដោយផ្ទាល់ ដែល​មាន​ឧបនាយករដ្ឋមន្ត្រី​ចំនួន ៥ ​រូប​ជា​អនុប្រធាន​សម្រាប់​រៀបចំ និង​ការប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩​។

អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស លោកស្រី ឱ វណ្ណឌីន បាន​ឱ្យ​ដឹងថា ប្រទេស​កម្ពុជា​នឹង​សម្រេចបាន​លទ្ធផល​នៃ​ការចាក់​វ៉ាក់សាំង​បាន​រហូតដល់ ៣០% នៃ​ចំនួន​ចាក់​វ៉ាក់សាំង​ធៀប​នឹង​គោលដៅ​មនុស្ស​ចំនួន​ ១០ ​លាន​នាក់​នៅ​ទូទាំង​ប្រទេស នៅក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​នេះ​។

លោកស្រី ឱ វណ្ណឌីន បាន​សរសេរ​លើ​បណ្តាញ Twitter នៅ​ថ្ងៃទី​ ១២ ខែមិថុនា​ថា នៅ​ប្រមាណ​ជា​ ២ ​ទៅ​ ៣ ​ថ្ងៃ​ទៀត កម្ពុជា​នឹង​សម្រេចបាន​ការចាក់​វ៉ាក់សាំង​រហូតដល់​ ៣ ​លាន​នាក់​។

លោកស្រី​បញ្ជាក់ថា​៖ «​ក្នុង​រយៈពេល​ ២-៣ ​ថ្ងៃ​ខាងមុខនេះ យើង​នឹង​ឈានដល់​ការសម្រេច​បាន​នូវ​យុទ្ធនាការ​ចាក់វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​របស់​យើង បាន​រហូតដល់​ចំនួន ៣ ​លាន​នាក់​។ ប្រទេស​កម្ពុជា​ជា​ប្រទេស​តូច​មួយ​ដែលមាន​បេះដូង​ធំ ហើយ​មានសំណាង​ណាស់ ដែល​មាន​សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ប្រជាជន​ឱ្យ​ចាក់​វ៉ាក់សាំង​បាន​លឿន​បំផុត តាម​ដែល​អាចធ្វើ​ទៅបាន​»​។

យោងតាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​បាន​ឱ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃទី​ ១៣ ខែមិថុនា កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​បាន​ចំនួន ២ ៩៣៩ ៥៤៣ នាក់ ដែល​ស្មើនឹង​ ២៩,៤០% ​នៃ​ចំនួន​គោលដៅ​ប្រជាជន​ត្រូវ​ចាក់​ចំនួន​ ១០ ​លាន​នាក់​។

ជាមួយ​គ្នា​នេះដែរ លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​បាន​បើកកិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃទី​ ១៤ ខែមិថុនា​នេះ ដើម្បី​បូកសរុប​លទ្ធផល​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ ១៩ ជូន​ប្រជាពលរដ្ឋ​កម្មករ-កម្មការិនី និង​ជនបរទេស​នៅ​ខណ្ឌ​ចំនួន​ ៦ ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​។

ក្រសួង​ការពារជាតិ​បាន​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ ​ដល់​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិសាស្ត្រ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ដែលជា​អតីត​តំបន់​ក្រហម​កាលពី​ថ្ងៃទី​ ១ ខែឧសភា ហើយ​បានបញ្ចប់​នា​ដើមខែ​មិថុនា​នេះ​។

យោងតាម​របាយការណ៍​ក្រសួង​ការពារ​ជាតិ​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​ ១៣ ខែមិថុនា បាន​ឱ្យ​ដឹងថា ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ​ ១៩ លើក​ទី​ ២ ​សរុប​បាន​មាន​ចំនួន ១ ១៤១ ៥៥០ ​នាក់​។

លោកនាយក​រដ្ឋមន្ត្រី​នឹងធ្វើការ​ដឹកនាំ​ផ្ទាល់​ក្នុងនាម​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ (​គ.ប.ក) ​ក្នុង​ការប្រយុទ្ធ ទប់ស្កាត់ និង​គ្រប់គ្រង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​ក្នុងប្រទេស​កម្ពុជា​។ នេះ​បើ​យោងតាម​អនុក្រឹត្យ ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ-១៩ ដែល​ចុះហត្ថលេខា​ដោយ​លោក ហ៊ុន សែន នា​ថ្ងៃទី​ ១៣ ខែមិថុនា​។

គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ ​ក៏មាន​យន្តការ​ចំណុះឱ្យ​គណៈកម្មការ​នេះដែរ ក្នុង​នោះ​មាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស (​គ.វ.ក-១៩) គណៈកម្មការ​ចំពោះ​កិច្ច​ទទួលបន្ទុក​លទ្ធកម្ម​វ៉ាក់សាំង​កូវីដ​ ១៩ (​គ.ល.វ) ​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ ថ្នាក់​រាជធានី-ខេត្ត (គ.រ.ខ)។

អនុក្រឹត្យ​ដដែល​បន្ថែមថា ក្នុង​ករណី​ចាំបាច់ រាជរដ្ឋាភិបាល​អាចបង្កើត​គណៈកម្មការ​ ឬ​យន្តការ​ផ្សេងទៀត ដោយ​សេចក្តី​សម្រេច​ធ្វើឡើង​តាម​សំណើ​របស់​គណៈ​ប្រចាំការ​នៃ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ ដើម្បី​បម្រើឱ្យ​ការប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩៕