បាត់ដំបងៈ រដ្ឋបាលខេត្ត​បាត់ដំបង​ប្រកាស​ពី​គម្រោង​អភិវឌ្ឍន៍​បឹង​រលួស​ស្ថិតនៅ​ក្នុង​ភូមិ​តាគម ឃុំ​ពាមឯក ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង​ក្នុង​គោលបំណង​ថែរក្សា​ការពារ​បឹង​នេះ​ឱ្យ​គង់វង្ស​ចៀសវាង​មាន​ការរំលោភបំពាន​មក​លើដី​រដ្ឋ ដោយ​បង្កើត​ទៅជា​រមណីយដ្ឋាន​ទេសចរណ៍​ ដើម្បី​ទាក់​ភ្ញៀវទេសចរ​ឱ្យមក​កម្សាន្ត​។

លោក សឿម ប៊ុនរិទ្ធិ អភិបាលរង និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​បាត់ដំបង ប្រាប់​ភ្នំពេញ​កាលពី​ម្សិលមិញ​ថា ការអភិវឌ្ឍ​បឹង​រលួស​នេះ រដ្ឋបាលខេត្ត​ជា​អ្នក​នាំមុខ​ ឬ​ដឹកនាំ តម្រង់ទិស​ជួយ​រៀបចំ​អភិវឌ្ឍ​ឱ្យ​ស្របតាម​ចក្ខុវិស័យ​ទិស​ទាំង​ ៤ ​ជុំវិញ​ក្រុង​បាត់ដំបង​។

លោក​បាន​បន្តថា បឹងរលួស​នេះ​មាន​ទំហំ​ប្រមាណ​ជាង ១០ ​ហិកតា​ដែល​កាលពីមុន​មាន​ស្ថានភាព​គោក​រាក់​។ ឃើញ​ដូចនេះ​ពលរដ្ឋ​ក៏បាន​ស្នើសុំ​គោលការណ៍​ពី​ថ្នាក់​ខេត្ត តាមរយៈ​ឃុំ និង​ស្រុក ដើម្បី​ឱ្យជួយ​ស្តា​របឹង​នេះ​។ ​

បន្ទាប់មក​​រដ្ឋបាលខេត្ត​ក៏បាន​ឱ្យ​អាជ្ញាធរ​ស្រុក​ជា​អ្នក​ស្តារ ដើម្បី​ផ្តល់​ទឹក​ជូន​ពលរដ្ឋ​សម្រាប់​ស្រោចស្រព​ដី​កសិកម្ម ប៉ុន្តែ​នៅពេល​ស្តារ​រួចហើយ ប្រសិន​បើ​មិនមាន​យន្តការ​គ្រប់គ្រង​ឱ្យបាន​ត្រឹមត្រូវ​ទេ ​វា​នឹង​បង្ក​ឱ្យ​មាន​បាក់​បន្តទៀត​។ ដូច្នេះ ទើប​រដ្ឋបាលខេត្ត​មានគំនិត​ក្នុង​ការដាំ​ដើមឈើ​ដើម្បី​ប្រែក្លាយ​តំបន់​នោះ​ទៅជា​តំបន់​បៃតង និង​កន្លែង​កម្សាន្ត ព្រោះ​ទីនោះ​ក៏​នៅ​មិន​ឆ្ងាយ​ពី​ទីក្រុង​ប៉ុន្មាន​ដែរ​។

បើតាម​លោក សឿម ប៊ុនរិទ្ធិ ព្រៃឈើ​ភាគច្រើន​គឺ​នៅ​តំបន់​ឆ្ងាយ ដែល​ធ្វើឱ្យ​ពលរដ្ឋ​មិនដែល​ស្គាល់​នោះទេ ទើប​រដ្ឋបាល​ខេត្ត​មាន​គម្រោង​ដាំ​ដើមឈើ​ចំនួន ១ ៦០០​ ​ដើម​ទៀត និង​ប្រែក្លាយ​តំបន់​នេះ​​ទៅជា​តំបន់​ទេសចរណ៍​សម្រាប់​បម្រើ​ដល់​ពលរដ្ឋ​ទូទៅ​ជាពិសេស​លើកស្ទួយ​សេដ្ឋកិច្ច​នៅ​មូលដ្ឋាន​ឱ្យ​កាន់តែ​ប្រសើរ​។

លោក សឿម ប៊ុនរិទ្ធិ បាន​បញ្ជាក់ថា​៖ «​យើង​រៀបចំ​អភិវឌ្ឍ​ប្រែក្លាយ​ទៅជា​គម្រប​បៃតង បរិស្ថាន​ល្អ តាមរយៈ​ការដាំ​ដើមឈើ ការរៀបចំ​តំបន់​កម្សាន្ត កន្លែង​កីឡា កន្លែង​លក់ដូរ និង​ចូលរួមចំណែក​ជួយ​លើកកម្ពស់​កម្រិតជីវភាព​រស់នៅ​របស់​បងប្អូន​ពលរដ្ឋ​តាមរយៈ​បង្កើន​ប្រាក់​ចំណូល​ពី​ការលក់ដូរ​ចំណីអាហារ វត្ថុអនុស្សាវរីយ៍ និង​ដាំ​ដំណាំ​បន្លែ​ផ្លែឈើ​​សរីរាង្គ ជូន​ភ្ញៀវទេសចរ​ដែល​បានមក​​លេង​កម្សាន្ត​ក្នុង​តំបន់​នេះ ដោយ​បង ប្អូន​ពលរដ្ឋ​ជា​អ្នកទទួល​ផល​ដោយផ្ទាល់ »​។

លោក អួង សារ៉ន មេឃុំ​ពាមឯក​បាន​ស្វាគមន៍​ចំពោះ​គម្រោង​អភិវឌ្ឍន៍​បឹង​រលួស​នេះ​ទៅជា​តំបន់​ទេសចរណ៍ ប៉ុន្តែ​លោក​ថា កន្លងមក​មាន​ការថ្នាំងថ្នាក់​ពី​ពលរដ្ឋ​ប្រមាណ ១០០ ​គ្រួសារ ដោយសារ​ពួកគាត់​មិនទាន់​យល់ច្បាស់​ពី​គម្រោង​អភិឌ្ឍន៍​នេះ​។

បើតាម លោក អួង សារ៉ន ពួកគាត់​មិន​យល់ច្បាស់ ដោយសារ​ពីដំបូង​ឡើយ ពលរដ្ឋ​ទាំងនោះ​បាន​ស្នើសុំ​ឱ្យ​មាន​ការស្តារ​បឹង​នេះ បន្ទាប់ពី​មាន​ស្ថានភាព​គោករាក់ ដើម្បី​បាន​ទឹក​យកទៅ​ស្រោចស្រព​ដីស្រែ​របស់​ពួកគាត់​។ ​

ប៉ុន្តែ​លុះ​ស្តារ​រួច រដ្ឋបាលខេត្ត​បាន​បង្វែរ​ទៅជា​ការរៀបចំ​អភិវឌ្ឍ​ជា​តំបន់​ទេសចរណ៍ និង​រមណីយដ្ឋាន​វិញ ដោយ​មិនបាន​ជូនដំណឹង​ដល់​ពួកគាត់​ទើប​មានប្រតិកម្ម​។ ​ទោះជា​យ៉ាងណា​រហូត​មក​ទល់​ពេលនេះ រដ្ឋបាល​ឃុំ បាន​សម្របសម្រួល​ហើយ ពួកគាត់​ក៏មាន​ការយល់ដឹង​ខ្លះ​ហើយ​ដែរ​។

លោក​មេឃុំ​បាន​ថ្លែងថា​៖ «​នៅពេល​មាន​ទំនាស់​ខ្លាំង គឺ​នៅពេល​ដែល​យើង​ស្តារ​ហើយ​ព័ទ្ធរបង​ជុំវិញ​ដែល​ធ្វើឱ្យ​មាន​ការលំបាក​ក្នុង​ការចេញចូល​របស់​ពួកគាត់ ហើយ​គាត់​ថា យើង​ព័ទ្ធ​ដើម្បី​លក់​ទៅឱ្យ​ឯកជន​។ អ៊ីចឹង គាត់​ក៏មាន​ប្រតិកម្ម ឱ្យ​រើ​របង​ចេញ​វិញ​។ ជាគោលការណ៍​របស់​ខេត្ត គឺ​មិន​រើ​ទេ ប៉ុន្តែ​បើក​ច្រក​នៅតាម​ទីតាំង​ដែល​បាន​ស្នើសុំ​របស់​ម្ចាស់​ដី​»​។

លោក អួង សារ៉ន បានឱ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​តំបន់​នេះ​បាននិង​កំពុង​អភិវឌ្ឍ​ឈូសឆាយដី​សម្រាប់​ដាំ​ដើមឈើ និង​រៀបចំ​កន្លែង​លក់ដូរ ឱ្យ​បាន​សមរម្យ​ដើម្បី​កុំ​ឱ្យ​ពលរដ្ឋ​លក់ដូរ​ពាសវាល​ពាសកាល ខណៈពេល​នេះ​មាន​ភ្ញៀវទេសចរ​បាន​មក​លេង​បណ្តើរៗ​ហើយ​។

បើតាម​លោក សឿម ប៊ុនរិទ្ធី រដ្ឋបាលខេត្ត​បាត់ដំបង​បានដាក់​ទិសដៅ​ក្នុង​ការអភិវឌ្ឍ​ទិស​ទាំង​ ៤ រួមមាន ទិស​ខាងត្បូង​ក្រុង មាន​ប្រាង្គ​ប្រាសាទ​បាណន់ និង​តំបន់​ជុំវិញ នឹងត្រូវ​រៀបចំ​ឱ្យ​មាន​ការទាក់ទាញ ដូចជា​ណូរី តំបន់​បៃតង តំបន់កសិកម្ម និង​ការដាំ​ដំណាំ​សិរីរាង្គ​, ទិស​ខាងជើង​ក្រុង​មាន​ប្រាង្គ​ប្រាសាទឯកភ្នំ និង​តំបន់​ជុំវិញ​មាន​បឹង​រលួស បឹងតាគម រៀបចំ​អភិវឌ្ឍ​ប្រែក្លាយ​ទៅ​ជា​គម្រប​បៃតង​សម្រាប់​បម្រើ​ដល់​ភ្ញៀវទេសចរ​។

ក្រៅពី​ទិស​ខាងត្បូង និង​ទិស​ខាងជើង​ក្រុង រដ្ឋបាលខេត្ត និង​មន្ទីរ​អង្គភាព​ជំនាញ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​បន្ត​ពិនិត្យមើល​ទិស​ខាងលិច​ក្រុង គឺ​ភ្នំ​សំពៅ និង​តំបន់​ជុំវិញ ទិសខាងកើត​ក្រុង គឺ​ប្រាសាទ​បាសែត និង​តំបន់​ជុំវិញ ដែល​ត្រូវ​រៀបចំ​ឱ្យមាន​ការអភិវឌ្ឍ​ដើរ​ទន្ទឹមនឹង​ការអភិរក្ស ជាមួយ​តំបន់​ជុំវិញ ឱ្យមាន​ការទាក់ទាញ​ពី​ភ្ញៀវ​ជាតិ អន្តរជាតិ ដោយ​ធ្វើយ៉ាងណា​ឱ្យ​ភ្ញៀវ​បាន​ស្នាក់នៅ ដើរ​កម្សាន្ត​រយៈពេល​ច្រើន​ថ្ងៃ និង​មិនមាន​ការធុញទ្រាន់ តាមរយៈ​បង្កើត​ឱ្យ​មាន​ទីតាំង​ទស្សនា​ច្រើន​កន្លែង​ប្លែកៗ​ពីគ្នា​៕