
ព្រះសង្ឃនិមន្តកាត់ទីតាំងដែលស្នើសុំសង់ទំនប់ស្ទាក់ទឹកពីថ្ងៃ ១៣ មិថុនា។ រូបថត ហ្វេសប៊ុក
ព្រៃវែងៈ មន្ត្រីជំនាញធនធានទឹកខេត្តព្រៃវែង គ្រោងចុះទៅពិនិត្យទីតាំងជាក់ស្តែង ដើម្បីធ្វើសំណើទៅកាន់ក្រសួងធនធានទឹកក្នុងពេលឆាប់ៗនេះ បន្ទាប់ពីមានប្រជាពលរដ្ឋជាង ៣០០ គ្រួសារដាក់ពាក្យស្នើសុំសាងសង់ទំនប់ស្ទាក់ទឹកនៅភូមិដូនដោក ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង កាលពីថ្ងៃទី ១៣ ខែមិថុនា។
អភិបាលស្រុកកំចាយមារ លោក សឿង សុជាតិ ថ្លែងពីម្សិលមិញថា ឯកសារសំណើរបស់ប្រជាពលរដ្ឋពិតជាត្រូវបានលោកស្រីមេភូមិយកមកជួបលោកនៅរដ្ឋបាលស្រុកមែនកាលពីថ្ងៃទី ១៣ ខែមិថុនា។ ក្រោយពីបានពិនិត្យឯកសារភ្លាមៗ លោកក៏បានទាក់ទងតាមទូរស័ព្ទទៅកាន់ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ដើម្បីពិភាក្សាដោយបើកសំឡេងឮទាំងអស់គ្នា។
លោកថ្លែងថា៖ «លោកប្រធានមន្ទីរក៏បានផ្តល់យោបល់ថា ឥឡូវហ្នឹងឱ្យរង់ចាំបន្តិចសិនទៅឱ្យក្រុមការងារខេត្តចុះពិនិត្យមើលឱ្យបានច្បាស់លាស់ និងស៊ីជម្រៅជាងហ្នឹងសិន ព្រោះគម្រោងនេះចំណាយច្រើន ហើយស្របពេលប្រទេសកំពុងជួបវិបត្តិកូវីដ ១៩ ផង ក្រែងដាក់ទៅមិនបានសម្រេចខ្លាចធ្វើឱ្យប្រជាពលរដ្ឋអាក់អន់ចិត្ត»។
បើតាមលោក សឿង សុជាតិ ក្រោយពីបានឮព័ត៌មានពីការសម្រេចរបស់ប្រធានមន្ទីរធនធានទឹក លោកស្រីមេភូមិក៏យកឯកសារត្រឡប់ទៅវិញ ដោយឯកសារនោះមិនមានរក្សាទុកនៅរដ្ឋបាលស្រុកនោះទេ។ យ៉ាងណាក៏ដោយលោកអភិបាលស្រុកកំចាយមារបញ្ជាក់ថា នឹងបង្កើតក្រុមការងារដើម្បីចុះពិនិត្យទីតាំងដែលពលរដ្ឋបានសំណូមពរនោះ។
លោកថ្លែងថា៖ «ដើម្បីឆ្លើយតបសំណូមពររបស់ប្រជាពលរដ្ឋ រដ្ឋបាលស្រុកនឹងបង្កើតក្រុមការងារចុះពិនិត្យ និងសិក្សាដើម្បីដាក់សំណើទៅថ្នាក់ដឹកនាំក្នុងការពិនិត្យលទ្ធភាព ប៉ុន្តែចាំមើលបញ្ហាកូវីដថយចុះបន្តិចសិន ហើយក៏សូមអធ្យាស្រ័យផងដែរចំពោះប្រជាពលរដ្ឋ»។
ស្រដៀងគ្នានោះ លោក ឃុន សាខឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែងថ្លែងថា លោកនឹងចាត់ឱ្យមន្ត្រីជំនាញចុះទៅសហការជាមួយអាជ្ញាធរស្រុកក្នុងពេលឆាប់ៗនេះ ដើម្បីពិនិត្យមើលទីតាំងជាក់ស្តែង ដែលប្រជាពលរដ្ឋបានដាក់ពាក្យស្នើសុំនោះ។
លោកថា៖ «ជារួម ខេត្តមិនមានថវិកាឯណាសម្រាប់ធ្វើកិច្ចការងារធំៗទេ អ៊ីចឹងមានតែខាងខ្ញុំចុះទៅសិក្សាមើល ហើយធ្វើសំណើទៅខាងក្រសួង ថាតើវាជារឿងរបស់ក្រសួងធនធានទឹកឬយ៉ាងណា។ ចំពោះពេលវេលាចុះទៅពិនិត្យទីតាំងនោះមិនអាចប្រាប់ឱ្យច្បាស់ថាថ្ងៃណាបានទេ ដោយសារពេលនេះមានការរវល់ខ្លាំង អ៊ីចឹងប្រហែលជាអាចនឹងធ្វើឡើងនៅអាទិត្យក្រោយអីហ្នឹង»។
ភ្នំពេញ ប៉ុស្តិ៍ មិនអាចស្វែងរកការបំភ្លឺពីតំណាងប្រជាពលរដ្ឋបានទេ កាលពីម្សិលមិញ។ ប៉ុន្តែបើយោងតាមលិខិតដែលត្រូវបានគេបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកដែលភ្នំពេញប៉ុស្តិ៍ទទួលបានពីម្សិលមិញបានឱ្យដឹងថា មានប្រជាពលរដ្ឋជាង ៣០០ គ្រួសារ បានស្រុះស្រួលគ្នាឱ្យតំណាងរបស់ខ្លួនដាក់ពាក្យស្នើសុំសាងសង់ទំនប់ស្ទាក់ទឹក ស្ពាន និងទ្វារបិទ បើកឆ្លងកាត់ស្ទឹងស្ថិតនៅភូមិដូនដោក ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។
លិខិតស្នើសុំនោះពលរដ្ឋផ្ញើទៅកាន់រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ តាមរយៈអាជ្ញាធរឃុំ ស្រុក និងមន្ទីរធនធានទឹកខេត្តព្រៃវែង។ ក្នុងលិខិតបានឱ្យដឹងទៀតថា ទំនប់ស្ទាក់ទឹកមានប្រវែងប្រមាណ ២ ០០០ ម៉ែត្រ ចំណែកស្ពាន និងទ្វារបិទបើកទឹកមានប្រវែង ៣០ ម៉ែត្រ ដែលអាចផ្ដល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋជាច្រើនភូមិ ជាពិសេសភូមិដូនដោក ភូមិកោះខ្ជាយ និងភូមិ រហាល ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។
ក្នុងលិខិតសរសេរថា «ទំនប់ខាងលើនេះ នឹងផ្តល់ទឹកស្រោចស្រពលើផ្ទៃដីស្រែវស្សាបានប្រមាណជាង ១ ០០០ ហិកតា ប្រជាពលរដ្ឋ ៣៣៨ គ្រួសារ ឬស្មើនឹងប្រជាពលរដ្ឋចំនួន ១ ៤៥៩ នាក់អាចធ្វើដំណើរឆ្លងកាត់ទៅធ្វើស្រែ និងដឹកជញ្ជូន កសិផល មកកាន់លំនៅឋានបានយ៉ាងងាយស្រួល»។
លិខិតដដែលបញ្ជាក់ថា ម្យ៉ាងវិញទៀត ក្រោយពេលទំនប់ស្ទាក់ទឹក ស្ពាន និងទ្វារទឹកបិទបើកនេះត្រូវបានសាងសង់រួចរាល់ ពលរដ្ឋនឹងមានលទ្ធភាពធ្វើស្រែប្រាំងបាន ១ ដង ឬ ២ ដង ដើម្បីបង្កើនប្រាក់ចំណូលទ្រទ្រង់ជីវភាពគ្រួសារ ស្របតាមគោលនយោបាយកាត់បន្ថយ ភាពក្រីក្ររបស់រាជរដ្ឋាភិបាល។
អ្នកស្រី អ៊ាង គឹមលី មន្ត្រីសមាគមអាដហុកប្រចាំខេត្តព្រៃវែងបានថ្លែងពីម្សិលមិញថា លោកស្រីមិនបានទទួលពាក្យបណ្តឹង ឬការស្នើសុំសម្របសម្រួលណាមួយពីប្រជាពលរដ្ឋនៅភូមិដូនដោក ឃុំជាច ស្រុកកំចាយមារនោះទេ ជុំវិញរឿងស្នើសុំសាងសង់ទំនប់ស្ទាក់ទឹកនេះ៕