ស្ទឹងត្រែងៈសត្វ​ផ្សោត ​១​ ក្បាល ទម្ងន់ ១៨០ ​គីឡូ​ក្រាម​នៅ​អន្លង់​ផ្សោត​អូ​រឈើ​ទាល​​ក្នុង​ឃុំ​ព្រះ​រំកិល​ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹង​ត្រែង ត្រូវបាន​ប្រទះ​ឃើញ​ងាប់​កាលពី​ថ្ងៃទី ១៤ ខែមិថុនា ​ដែល​សង្ស័យ​បណ្ដាលមក​វ័យ​ចំណាស់។

លោក​​ សន ​ប៉ាន់ មេភូមិ​អន្លង់​ស្វាយ ​ឃុំ​ព្រះ​រំកិល​ ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ១៤ ខែមិថុនា​ថា ​ផ្សោត​នេះ​មាន​ប្រវែង ២៣០​ សង់ទីម៉ែត្រ និ​ង​ត្រូវបាន​ប្រជា​នេសាទ​ប្រទះឃើញ​ងាប់​ ខណៈ​កំពុង​បង់សំ​ណាញ់​ដែល​ករណីនេះ​ទំនង​ជា​កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី ១២ ខែមិថុនា។

លោក​ថ្លែងថា៖ «យើង​វាយតម្លៃ​ផ្សោត​របស់​យើងចុះ​ធ្វើការ (ដូច) រាល់ដង​អ៊ីចឹង។ (ស្លាប់) នៅ​ខ្ទង់​ថ្ងៃទី ១២ (មិថុនា) ពេល​ល្ងាច​ព្រោះ​ថ្ងៃទី ១២ ពេលព្រឹក យើង​ចុះ​ធ្វើការ ផ្សោត​នៅ​ទាំង ២ ទេ។ អ៊ីចឹង​វា​បាត់​នៅពេល​ល្ងាច​ហ្នឹងហើយ​ព្រោះ​ថ្ងៃទី ១៣ យើងរ​កវា​អត់​ឃើញ។ ថ្ងៃទី ១៤ ទៅបាន​ប្រទះឃើញ (ស្លាប់)»។

លោក​បន្តថា ​ប្រជា​នេសាទ​គាត់​ធ្វើ​នេសាទ​បង់សំ​ណាញ់​ពេលយប់។ អ៊ីចឹង​គាត់​ជួប​គាត់​ប្រទះឃើញ​ទៅក៏​រាយការណ៍​មក​មេឃុំ។ ក្រុម​ឆ្មាំ​យើង​ក៏​ចុះទៅ​មើល​នៅ​កន្លែង​ហេតុ​ការណ៍​ដែល​កើតឡើង​ហ្នឹង»។

លោក​បន្តថា ​ផ្សោត​នេះ​ត្រូវបាន​ក្រុម​ការងារ​ជំនាញ​យកទៅ​ពិនិត្យ​ ដើម្បី​ធ្វើកោសល្យ​វិច័យ។

លោក​ សន​ ប៉ាន់ ថ្លែងថា៖ «អ៊ីចឹង​វា​ក៏​សោក​ស្តាយ​មែនទែន​ហើយ។ វា​នៅតែ ២ សោះ។ ឥឡូ​វា​បាត់ ១ ទៀត។ វា​នៅសល់​តែ ១»។

លោក ​សេង​ ទៀក​ នាយក​ប្រចាំ​ប្រទេស​នៃ​មូលនិធិ​អភិរក្ស​និង​សង្គ្រោះ​សត្វព្រៃ​កម្ពុជា​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ១៤ ខែមិថុនា​ថា ​ផ្សោត​ដែល​ងាប់​នេះ​គឺជា​ផ្សោត​ញី​ ហើយ​បន្ទាប់​ពិនិត្យមើល​សាកសព​ផ្សោត​នេះ ​គឺ​មិនមាន​ស្លាកស្នាម​អ្វី​នោះទេ​នៅលើ​ដងខ្លួន​ផ្សោត​នោះ។

លោក​ថ្លែងថា៖ «គ្រាន់តែ Team (ក្រុម​ការងារ) យើង​សង្ស័យ​ជំហាន​ដំបង​ប្រហែលជា​សាក​សព​ហ្នឹង​ចាស់។ ស្លាប់ (ដោយ​ចាស់)»។

នេះជា​លើក​ទី២ ហើយ​ សម្រាប់​ឆ្នាំនេះ ដែល​ផ្សោត​នៅ​អន្លង់​ផ្សោត​អូ​រឈើ​ទាល​បាន​ងាប់ ក្រោយ​ពី​មាន​​ផ្សោត​ ១ ​ក្បាល​ផ្សេង​ទៀត​បាន​ងាប់​កាលពី​ខែ​មេសា៕