ភ្នំពេញៈ ក្រសួង​ការងារ ​បានរៀបចំ​កម្មវិធី​ទិវា​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស ​និង​វិជ្ជាជីវៈ ​TVET​ នៅ​ថ្ងៃអង្គារ​នេះ ​ដោយ​ធ្វើ​ការ​ផ្សព្វផ្សាយ​ផ្ទាល់​តាម​ប្រព័ន្ធ​ហ្វេស​ប៊ុក ​ដើម្បី​ផ្តល់​ចំណេះ​ដឹង​ទៅ​ដល់​សិស្ស ​និស្សិត ​យុវជន​ មាតាបិតា ​អាណា​ព្យា​បាល ​ឱ្យបាន​យល់​ដឹង​អំពី​សារៈ​សំខាន់​ TVET​ នេះ​ ក្រោយពី​កម្មវិធី​នេះ ​ត្រូវ​បាន​ខកខាន​ប្រារព្ធ​ឡើង​ផ្ទាល់​ដោយ​សារ​តែ​បញ្ហា​កូវីដ១៩។

លោក​ អ៊ិត សំហេង ​រដ្ឋមន្ត្រី​ក្រសួង​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បានលើក​ឡើងថា ​ទិវា​ជាតិ​អប់រំ​បណ្តុះ​បណ្តាល​បច្ចេក​ទេស ​និង​វិជ្ជាជីវៈ​ហៅ​ថា ​TVET DAY ​ត្រូវបាន​រាជរដ្ឋាភិបាល​កំណត់​យក​ថ្ងៃទី១៥ ​ខែមិថុនា ​រៀងរាល់​ឆ្នាំ។

ក្នុង​នាម​ថ្នាក់​ដឹកនាំ​ក្រសួង​ការងារ ​លោក​បាន​សម្តែង​នូវ​ការ​កោតសរសើរ ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​អគ្គ​នាយក​ដ្ឋាន​អប់រំ​បណ្តុះ​បណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ ​ដែលបាន​ខិត​ខំ​រៀបចំ​ទិវា​ជាតិ​នេះ​ឡើង។​ ទិវា​ជាតិនេះ ​មាន​ការចូល​រួម​ផ្តល់​កិច្ច​សហការ​ពី​ស្ថាប័ន​នានា ​ក្នុង​ការសម្រប​សម្រួល​ការផ្សព្វ​ផ្សាយ​តាម​ប្រព័ន្ធ​ឃោស​នា​របស់​រដ្ឋ ​និង​ឯកជន ​បណ្តាញ​សារ​ព័ត៌​មាន​សង្គម​នានា ​រួមមាន ​វិទ្យុ ​ទូរទស្សន៍ ​កាសែត ​និង​តាម​គ្រប់​មធ្យោបាយ​ផ្សព្វផ្សាយ​ទូទាំង​រាជធានី​ ខេត្ត។

លោក​បញ្ជាក់ថា​៖ «ដើម្បី​ចូលរួម​សម្រេច​ឱ្យ​បាន​ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​ក្នុង​ការអភិវឌ្ឍ​ធនធាន​មនុស្ស​ជា​ពិសេស​ការកសាង​បាននូវ​កម្លាំង​ពលកម្ម​ជំនាញ ​ដែល​មាន​ជំនាញ​វិជ្ជាជីវៈ​ច្បាស់​លាស់ ​គំនិត​ច្នៃប្រឌិត ​និង​ភាព​ប្រកួត​ប្រជែង​ខ្ពស់ ​និង​ដើម្បី​ធានា​ថា​ “យុវជន​ម្នាក់​មាន​ជំនាញ​មួយ​យ៉ាង​តិច​ប្រចំា​ជីវិត​ ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជា​ជីវៈ ​និង​ដៃគូ​ពាក់ព័ន្ធ​បាន​និង​កំពុង​ជំរុញ​ការអនុវត្ត​គោល​នយោបាយ ​និង​ផែនការ​អភិវឌ្ឍន៍​ជាតិ​សំខាន់ៗ​ជា​ច្រើន»។

តាម​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​ក្នុង​រយៈពេល​ ៥ ឆ្នាំ​ចុង​ក្រោយ​នេះ ​មាន​សិក្ខាកាម​សិស្ស ​និស្សិត ​និងកម្មករ​និយោជិត​ប្រមាណ​ជាង​ ២០ ម៉ឺន​នាក់ ​បាន​ទទួល​ការបណ្តុះ​បណ្តាល​ជំនាញ​បច្ចេកទេស ​និង​វិជ្ជាជីវៈ​ រយៈពេល​ខ្លី​ រយៈពេល​វែង ​និង​ការហ្វឹក​ហ្វឺន​កូន​ជាង ​លើ​មុខ​ជំនាញ​ឧស្សាហកម្ម ​ពាណិជ្ជកម្ម ​បច្ចេកទេស ​សិប្បកម្ម​ សេវាកម្ម​ទេស​ចរណ៍ ​និង​កសិកម្ម៕