ព្រះវិហារៈ គិត​ត្រឹម​ខែមិថុនា​ឆ្នាំនេះ គម្រោង​ស្រូវ​មិត្តភាព​សង្គ្រោះ​សត្វព្រៃ ដែល​អនុវត្ដ​ដោយ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ (WCS) ​ចាប់ផ្តើម​ដំបូង​កាលពី​ឆ្នាំ​ ២០០៨ ​ក្នុង​ខេត្ដ​ព្រះវិហារ​បាន​ពង្រីក​ដល់​ខេត្ដ​ចំនួន​ ៣ ​ទៀត គឺ​ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី ក្នុង​នោះ​មាន​ពលរដ្ឋ​ជាង​ ១ ៥០០ ​គ្រួសារ​កំពុង​អនុវត្ដ​គម្រោង​នេះ​។

ក្រសួង​បរិស្ថាន​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ការអនុវត្ដ​គម្រោង​នេះ​ដែល​បាន​ប្រើប្រាស់​ខ្សែចង្វាក់​ផ្គត់ផ្គង់​មាន​និរន្តរភាព​គាំទ្រ​ការអភិរក្ស​ការពារ​សត្វព្រៃ ព្រៃឈើ និង​កាត់បន្ថយ​ភាពក្រីក្រ​យ៉ាង​មាន​ប្រសិទ្ធភាព​ដល់​ប្រជាពលរដ្ឋ​។

លោក ផាន់ ស៊ីថាន ទីប្រឹក្សា​បច្ចេកទេស​ផ្នែក​សហគមន៍​នៃ​អង្គការ WCS បាន​ថ្លែង​ឱ្យដឹង​ពេល​អមដំណើរ​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន ធ្វើ​ទស្សនកិច្ច​ពិនិត្យ​ការដាំដុះ​ស្រូវ​ត្រយង​របស់​ប្រជាកសិករ​ស្ថិតនៅក្នុង ភូមិ​ក្រឡាពាស​នៃ​ដែនជម្រក​សត្វព្រៃ​ព្រះរកា​កាលពី​ថ្ងៃ​ទី​ ១០ ខែមិថុនា​ថា ការអនុវត្ដ​កម្មវិធី​មិត្ដភាព​សង្គ្រោះ​សត្វព្រៃ (​ស្រូវ​ត្រយង​) ​ដំបូង​កាលពី​ឆ្នាំ​ ២០០៨ នៅ​ឃុំ​ត្មាតប៉ើយ ក្នុង​ចំនួន​ ១១ ​ភូមិ​។

លោក​ថ្លែងថា​៖ «​ពេលនេះ យើង​បាន​អនុវត្ដ​គម្រោង​ស្រូវ​ត្រយង​ក្នុង​ឃុំ​ត្មាតប៉ើយ បាន​ចំនួន​ ១៤ ​ភូមិ​ហើយ​។ យើង​ទើប​ពង្រីក​ថែម​ ៣ ​ភូមិ​ទៀត​ក្នុង​ឆ្នាំ​ ២០២១ ​នេះ​។ យើង​បាន​ពង្រីក​គម្រោង​នេះ​បន្ថែម​ទៅដល់​ខេត្ដ​ស្ទឹងត្រែង ខេត្ដ​រតនគិរី និង​ខេត្ដ​មណ្ឌលគិរី​»​។

អង្គការ WCS បាន​ពង្រីក​គម្រោង​ស្រូវ​ត្រយង​ទៅដល់​ខេត្ដ​ស្ទឹងត្រែង​កាលពី​ឆ្នាំ​ ២០១៦ ទៅ​ខេត្ដ​មណ្ឌលគិរី​ឆ្នាំ​ ២០១៧ និង​ចាប់ផ្ដើម​ពង្រីក​ដល់​ខេត្ដ​រតនគិរី​ក្នុង​ឆ្នាំ​ ២០២១​នេះ​។

លោក ស៊ីថាន បន្តថា កាលពី​ការចាប់ផ្ដើម​អនុវត្ដ​គម្រោង​ដាំដុះ​ស្រូវ​ត្រយង​ដំបូង​ក្នុង​ខេត្ដ​ព្រះវិហារ​មាន​ប្រជាពលរដ្ឋ​ប្រមាណ ១៥០ គ្រួសារ​ប៉ុណ្ណោះ​បាន​ចូលរួម​អនុវត្ដ​គម្រោង​។ ប៉ុន្ដែ​រហូតមក​ដល់ពេលនេះ​មាន​ពលរដ្ឋ​ប្រមាណ ៦០០ គ្រួសារ​បាននិង​កំពុង​អនុវត្ដ​គម្រោង​ដាំ​ដុះ​ស្រូវ​ត្រយង​ក្នុង​ភូមិសាស្ដ្រ​ខេត្ដ​ព្រះវិហារ​។

បើតាម​លោក ស៊ីថាន ផលិតផល​ស្រូវ​ត្រយង​មាន​ទីផ្សារ​ល្អ​កាលពី​ឆ្នាំ​ ២០២០ និង​ដើមឆ្នាំ​ ២០២១ ​នេះ​ដោយ​អង្គការ​បាន​ប្រមូល​ទិញស្រូវ​ពី​ប្រជាពលរដ្ឋ​ដែល​អនុវត្ដ​គម្រោង​ក្នុងភូមិ​ទាំង​ ១១ ​នៃ​ឃុំ​ត្មាតប៉ើយ សរុប​ជាង ៩០០ តោន​។

ចំណែក​ពលរដ្ឋ​នៅក្នុង​ភូមិ​ចំនួន ៣ ទៀត កំពុង​ចាប់ផ្ដើម​អនុវត្ដ​គម្រោង​ក្នុងឆ្នាំនេះ​។ តាមរយៈ​ការអនុវត្ដ​គម្រោង​ស្រូវ​ត្រយង ក្រុម​ការងារ​របស់​អង្គការ WCS បាន​បណ្ដុះបណ្ដាល​ច្ចេកទេស​នៃ​ការដាំដុះ​ស្រូវ​ដល់​ប្រជាកសិករ​ និង​ផ្ដល់​កិច្ចសន្យា​ជាក់លាក់​ជាមួយ​ប្រជាកសិករ​ ដើម្បី​ធានា​ទិញស្រូវ​ពី​ពួកគាត់ ក្រោយពេល​បង្កបង្កើនផល​បាន​នៅក្នុង​តម្លៃ​មួយ​លើស​តម្លៃ​ទីផ្សារ​។ ប៉ុន្ដែ​ពលរដ្ឋ​ដែល​យល់ព្រម​អនុវត្ដ​គម្រោង​នេះ​ក៏ត្រូវ​គោរព​តាម​លក្ខខណ្ឌ​ដែល​បានកំណត់​ក្នុង​កិច្ចសន្យា​ទើប​អង្គ​ការទទួល​ទិញស្រូវ​។

លោក​ថ្លែងថា​៖ «​លក្ខខណ្ឌ​ពិសេស​ជាងគេ គឺ​ហាម​ពលរដ្ឋ​ចូលទៅ​កាប់​រាន​ដីព្រៃ ហាម​កាប់​ឈើ ហាម​ប្រើប្រាស់​ថ្មាំ​ពុល​គីមី​គ្រប់​ប្រភេទ រួម​នឹង​ការមិន​​បរបាញ់​សត្វព្រៃ ឬ​ការដាក់​អន្ទាក់​សត្វព្រៃ​ជាដើម​។ បើ​ពលរដ្ឋ​មិន​អនុវត្ដ​ត្រឹមត្រូវ​តាម​កិច្ចសន្យា អង្គការ​នឹង​មិន​ទទួល​ទិញស្រូវ ដែល​ផលិត​បាន​នោះឡើយ​»​។

លោក នេត្រ ភក្ត្រា ថ្លែង​ពេលធ្វើ​ទស្សនកិច្ច​នេះ​ថា​ក្រសួងបរិស្ថាន​បានរៀបចំ​គោលនយោបាយ ​និង​ផែនការ​សកម្មភាព​លើ​ការបង្កើត​សេដ្ឋកិច្ច​របស់​សហគមន៍ តំបន់​ការពារ​ធម្មជាតិ ដែល​ស្ថិតនៅក្នុង​ និង​នៅ​ជុំវិញ​តំបន់​ការពារ​ធម្មជាតិ​ឱ្យមាន​ជីវភាព​ធូរធារ​។

លោក​បន្តថា​៖ «​ក្រសួងបរិស្ថាន​វាយតម្លៃ​ខ្ពស់​ចំពោះ​គម្រោង​ស្រូវ​សត្វ​ត្រយង ដែល​អនុវត្ត​ដោយ​អង្គការ WCS ដែល​គម្រោង​នេះ គឺជា​ការប្រើប្រាស់​ខ្សែចង្វាក់​ផ្គត់ផ្គង់​ដែលមាន​និរន្តរភាព ដើម្បី​គាំទ្រ​ការអភិរក្ស និង​ការពារ​សត្វព្រៃ ព្រៃឈើ និង​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​យ៉ាង​មាន​ប្រសិទ្ធភាព​»​។

បើតាម​លោក ភក្ត្រា គម្រោង​ស្រូវ​ត្រយង​បាន​ចូលរួម​យ៉ាងច្រើន​ក្នុង​កិច្ចការងារ​អភិរក្ស ជាពិសេស​អភិរក្ស​សត្វ​ត្រយងយក្ស ត្រយង​ចង្កំកស ដែល​កំពុង​ជិត​ផុត​ពូជ​នៅលើ​ពិភពលោក​។ ក្រៅពីនេះ​គម្រោង​ស្រូវ​ត្រយង​បានរួម​ចំណែក​ក្នុងការ​ការពារ ធនធាន​ធម្មជាតិ​នឹង​អភិរក្ស​ជីវចម្រុះ​នៅ​កម្ពុជា​។

លោក​ឱ្យដឹងថា ក្រោយពី​ការចាប់ផ្ដើម​អនុវត្ដ​គម្រោង​ដាំ​ស្រូវ​សង្គ្រោះ​សត្វព្រៃ​នេះ​ក្នុង​ខេត្តព្រះវិហារ មក​ដល់​ពេល​នេះ ត្រូវបាន​ពង្រីក​ទៅកាន់​តំបន់​ការពារ​ធនធាន​ធម្មជាតិ​នានា​ក្នុង​ប្រទេស​កម្ពុជា​គឺមាន​ពលរដ្ឋ​ចូលរួម​ដាំ​ស្រូវ​ក្នុង​គម្រោង​នេះ​ប្រមាណ​ ១ ៥០០ ​គ្រួសារ​។

លោក​បញ្ជាក់ថា​៖ «​ទិន្នផល​ស្រូវ​ដែល​កសិករ​ធ្វើបាន​គឺមាន​គុណភាព​ល្អ​ហើយ​ត្រូវបាន​លក់​ក្នុងតម្លៃ​មួយ​លើស ៥០ ​ភាគរយ​នៃ​តម្លៃ​ទីផ្សារ​។ ទាំងនេះ​ដោយសារ​ពលរដ្ឋ​បាន​គោរព​នូវ​គោលការណ៍​ដែល​បានដាក់ចុះ​ដោយ​ភ្ជាប់​នឹង​គោលការណ៍​អភិរក្ស​ធនធាន​ធម្មជាតិ​»​។

លោក​បានឱ្យ​ដឹងថា​សព្វ​ថ្ងៃ​ផលិតផល​ស្រូវ​សង្គ្រោះ​សត្វព្រៃ​ត្រូវបាន​គ្រប់គ្រង​ និង​ធ្វើ​អាជីវកម្ម​ដោយ​ក្រុមហ៊ុន Ibis Rice Conservation Company (IRCC) ដោយ​សមាគម​អភិរក្ស​សត្វព្រៃ​ទទួលខុសត្រូវ​ក្នុង​ការទិញ និង​លក់​ផលិតផល​ស្រូវ​នេះ ទៅកាន់​ទីផ្សារ​ជាតិ​ និង​អន្តរជាតិ​។

លោក ស៊ូ សេរី អភិបាលរង​ខេត្ត​ព្រះវិហារ​បាន​ឱ្យ​ដឹងថា រដ្ឋបាល​ខេត្ដ​តែងតែ​ចូលរួម​គាំទ្រ​នូវ​ការបង្កើត​គម្រោង​អភិវឌ្ឍ​ស្រូវ​មិត្តភាព​សង្គ្រោះ​សត្វ​នេះ ដែល​គម្រោង​នេះ​បាន​ចូលរួម​លើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​នៅក្នុង​សហគមន៍​។ ការធ្វើ​ស្រូវ​មិត្តភាព​សង្គ្រោះ​សត្វព្រៃ គឺជា​ជំហាន​មួយ​ដែល​ជួយ​បន្ថែម​ចំណូល​ដល់​កសិករ ក្រៅពី​ការធ្វើ​ស្រែ​តាមបែប​ប្រពៃណី​។

លោក​ថ្លែងថា​៖ «​ទីផ្សារ​លក់​ស្រូវ​នេះ​ក៏​ងាយ​រក​ហើយ​ស្រូវ​ប្រភេទ​នេះ​ធ្វើបាន​ផល​លឿន​ទិន្នផល​ខ្ពស់​ហើយ​តម្លៃ​ខ្ពស់​ដែល​ជួយ​លើកស្ទួយ​ជីវភាព​ពលរដ្ឋ​ឱ្យ​កាន់តែ​ធូរធារ​។ ស្រូវ​ប្រភេទ​នេះ​ត្រូវ​ប្រើ​រយៈពេល​ ៣ ​ខែ ​ក្នុង​ការដាំដុះ​គឺអាច​ទទួលបាន​ផល​លក់​ចេញ​ហើយ​»​។

បើតាម​លោក​អភិបាលរង​ខេត្ដ បច្ចុប្បន្ន​អ្វីដែល​ប្រជាពលរដ្ឋ​កំពុង​ប្រឈម​លើ​ការដាំដុះ​ស្រូវ​នោះ​គឺ​ការ​ធ្វើស្រែ​ដោយ​ពឹង​ផ្អែកទៅលើ​ទឹកភ្លៀង​នៅឡើយ​។ បើ​គ្មាន​ភ្លៀង​គ្រប់គ្រាន់​ទេ​ទិន្នផល​ស្រូវ​របស់​ពលរដ្ឋ​ក៏​ធ្លាក់ចុះ​ដែរ​។ លោក​បញ្ជាក់ថា​រដ្ឋបាល​ខេត្ដ​នាពេល​ខាងមុខនេះ​នឹង​រក​វិធី​ដោះស្រាយ​បញ្ហា​នេះ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យមាន​ប្រព័ន្ធធារាសាស្ត្រ​គ្រប់គ្រាន់​ក្នុងការ​ធ្វើស្រែ​។

លោក​ ឡាំ ឈាន ​អាយុ​ ៦៥ ​ឆ្នាំ​ ជា​កសិករ​ម្នាក់​កំពុង​អនុវត្ដ​គម្រោង​ដាំដុះ​ស្រូវ​ត្រយង​នេះ​នៅ​ភូមិ​ក្រឡាពាស​នៃ​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ បាន​លើកឡើងថា ក្រោយពេល​ទទួល​បាន​ការផ្សព្វផ្សាយ​ពី​អង្គការ WCS ប្រជាពលរដ្ឋ​រស់​នៅក្នុង​ភូមិ​បានសម្រេច​ចិត្ដ​អនុវត្ដ​គម្រោង​ដាំ​ស្រូវ​ត្រយង តាម​ការណែនាំ​របស់​អង្គការ​។ ពលរដ្ឋ​ពលរដ្ឋ​ដាំ​ស្រូវ​នេះ​ព្រោះ​លក់​ចេញ​បាន​តម្លៃ​ថ្លៃ​ជាង​តម្លៃ​ស្រូវ​ធម្មតា​ប្រហែល​ ៥០ ​ភាគរយ​។

លោក​បាន​ប្រាប់ថា​៖ «​ស្រូវ​ត្រយង​នេះ​ឱ្យតែ​យើង​ដាំ​បាន និង​អនុវត្ដ​តាម​គោលការណ៍​ណែនាំ​របស់​អង្គការ បន្ទាប់ពី​ប្រមូលផល​អង្គការ​នឹង​មក​ប្រមូល​ទិញ​ពី​យើង​ក្នុង​តម្លៃ​លើសពី​តម្លៃ​ស្រូវ​ធម្មតា​។ កាលពី​ឆ្នាំមុន​ខ្ញុំ​លក់​ស្រូវ​ត្រយង​នេះ​ទៅ​អង្គការ​បាន​ក្នុង​ ១ ​គីឡូក្រាម តម្លៃ ១ ៧០០ ​រៀល​»៕