ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើលិខិតអបអរសាទរទៅកាន់នាយករដ្ឋមន្ត្រីឡាវ លោក ផាន់ខាំ វិផាវ៉ាន់ (Phankham Viphavanh) ក្នុងឱកាសខួបលើកទី៦៥នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង ២។
លោក ហ៊ុន សែន បានសរសេរក្នុងលិខិតចុះថ្ងៃទី ១៤ ខែមិថុនាថា៖ «ក្នុងនាមរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជាខ្ញុំសូមសម្តែងការអបអរសាទរអស់ពីដួងចិត្ត និងសូមជូនពរដល់ឯកឧត្តមរដ្ឋាភិបាល និងប្រជាជនជាមិត្តនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវក្នុងឱកាសដ៏សំខាន់នៃខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
លោក ហ៊ុន សែន បញ្ជាក់ថាក្នុងរយៈពេល ៦៥ ឆ្នាំកន្លងមកនេះប្រទេសកម្ពុជា និងឡាវ បានទទួលនូវចំណងមិត្តភាពប្រពៃណីដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរដោយឈរលើស្មារតីនៃភាពជាអ្នកជិតខាងល្អសាមគ្គីភាព និងការយោគយល់គ្នាទៅវិញទៅមក។
លោក ហ៊ុន សែន មានប្រសាសន៍ក្នុងលិខិតនោះថា៖ «ខ្ញុំសូមឆ្លៀតឱកាសនេះធានាចំពោះការប្តេជ្ញាចិត្តដ៏មុតមាំរបស់ខ្ញុំក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តម ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរបស់យើងឱ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បីជំរុញការអភិវឌ្ឍជាតិរបស់យើងដោះស្រាយបញ្ហាប្រឈមក្នុងតំបន់និងពិភពលោកបច្ចុប្បន្នជាពិសេសជំងឺកូវីដ ១៩ និងរួមគ្នាលើកកម្ពស់សន្តិភាពស្ថិរភាពវិបុលភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ប្រជាជនរបស់យើង ក៏ដូចជាសហគមន៍អាស៊ាន និងប្រទេសផ្សេងៗទៀត»។
ក្នុងឱកាសខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំង ២ លោក ផាន់ខាំ ក៏បានផ្ញើលិខិតអបអរសាទរទៅកាន់ លោក ហ៊ុន សែន ផងដែរ។
លោក ផាន់ខាំ បញ្ជាក់ក្នុងលិខិតចុះថ្ងៃទី ១១ ខែមិថុនាថា ក្នុងរយៈពេល ៦៥ ឆ្នាំកន្លងមកនេះ ចំណងមិត្តភាពជាប្រពៃណីនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់រវាងប្រទេសទាំង ២ ត្រូវបានពង្រីកថែមទៀត។ ការជឿទុកចិត្តគ្នារវាងរដ្ឋាភិបាល និងប្រជាជនរបស់ប្រទេសទាំង ២ ត្រូវបានពង្រឹងបន្ថែមទៀត។
លោកថ្លែងថា៖ «ជាពិសេសដោយមានបំណងប្រាថ្នាយ៉ាងមុតមាំចំពោះប្រជាជនយើងទាំង ២ យើងបានព្រមព្រៀងគ្នាបង្កើនទំនាក់ទំនងរបស់យើងឱ្យក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងក្នុងឆ្នាំ ២០១៩»។
លោក ផាន់ខាំ បន្តថា៖ «ខ្ញុំជឿជាក់យ៉ាងមុតមាំថាដោយមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធរបស់យើងចំណងមិត្តភាពជាប្រពៃណីដែលមានស្រាប់នឹងកាន់តែរីកចម្រើនទៅមុខ។ ដូច្នេះយើងអាចនាំមកនូវផលប្រយោជន៍ទៅវិញទៅមកដល់ប្រជាជាតិយើងទាំង ២ ក៏ដូចជាបន្តសន្តិភាពស្ថិរភាព និងកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោកទាំងមូល»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជាប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៥ ខែមិថុនាថា កម្ពុជា-ឡាវមានជាទំនាក់ទំនងកាទូតល្អដែលមានស្ថេរភាពក្នុងនាមជាប្រទេសជិតខាងល្អ។ ប្រទេសកម្ពុជា មើលឃើញប្រទេសឡាវ ក្នុងផ្លូវសន្តិភាព ចំណែកឯប្រទេសឡាវ ក៏មើលឃើញប្រទេសកម្ពុជា ក្នុងផ្លូវសន្តិភាពដូចគ្នាដែរ។
លោកថ្លែងថា៖ «កិច្ចសហប្រតិបត្តិការរវាងថ្នាក់ដឹកនាំក៏ដូចជាប្រជាជននិងប្រជាជននៃប្រទេសទាំង ២ ហ្នឹងក៏ល្អ។ យើងកម្រឮសូរពាក្យពេចចេញពីប្រជាជនខ្មែរដែលនិយាយមិនល្អប្រទេសឡាវក្នុងទំនាក់ទំនងរបស់ខ្លួន។ រីឯថ្នាក់ដឹកនាំយើងឃើញថាតែងតែផ្តល់ការគាំទ្រគ្នាទៅវិញទៅមករហូតមកហើយមកដល់ពេលនេះយើងឃើញទំនាក់ទំនងវានៅមានស្ថេរភាពថ្វីបើការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំង ២ វាមិនមានទំហំធំ បើធៀបនឹងថៃ និងវៀតណាមជាមួយនឹងកម្ពជា»៕