ភ្នំពេញៈ ប្រទេស​ក្នុង​តំបន់​អាស៊ាន ដែល​មាន​កម្ពុជា​ផង​នោះ នៅ​ថ្ងៃទី ១៥ ​មិថុនា​នេះ ​បាន​រួមគ្នា​ពិភាក្សា​ជុំវិញ​ស្ថានភាព​បច្ចុប្បន្ន​នៃ​ការងារ​ជួញដូរ​សត្វព្រៃ និង​ព្រៃឈើ ​តាមរយៈ​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ ​ដើម្បី​រួមគ្នា​ពង្រឹង​បន្ថែម​នូវ​កិច្ចសហ​ប្រតិ​បត្តិការ​សម្រា​ប់​បច្ចុប្បន្ន ​និង​អនាគត​ចំពោះ​បទល្មើស​ទាំង​នេះ។

ក្រសួង​មហាផ្ទៃបាន​ឲ្យ​ដឹង​នៅលើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន នៅ​ថ្ងៃទី ១៥ ​មិថុនា​ថា ​នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ ​ក្រុម​ការងារ​ឧក្រិដ្ឋកម្ម​ឆ្លងដែន ​(SOMTC)​ ផែន​ការងារ​ប្រឆាំង​ជួញដូរ​សត្វព្រៃ ​និង​ឈើ​ខុសច្បាប់​របស់​កម្ពុជា ​បាន​ចូលរួម​កិច្ច​ប្រជុំ​ឧត្តម​មន្ត្រី​អាស៊ាន ​ស្ដីពី​ការជួញដូរ​សត្វព្រៃ ​និង​ឈើ​ខុសច្បាប់​លើក​ទី៣ នៃ​ឧក្រិដ្ឋកម្ម​ឆ្លងដែន ​ជាមួយ​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន។

ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់ថា​៖ «កិច្ចប្រជុំ​ក្រុមការងារ​ស្ដីពី​ការជួញដូរ​សត្វព្រៃ ​និង​ឈើ​ខុសច្បាប់ ​លើក​ទី៣ ​ដឹកនាំ​ដោយ​ SOMTC ប្រទេស​ថៃ»។

លោក ​ហេង បញ្ញា​វឌ្ឍន៍​ ប្រធាន​ការិយាល័យ​កិច្ចការ​បរទេស​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ​ដែល​បាន​ដឹកនាំ​ក្រុម​ការងារ​ SOMTC ​កម្ពុជា​ ចូលរួម​កិច្ចប្រជុំ​នេះ ​តាមរយៈ​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយបាន​និយាយថា​ កិច្ចប្រជុំ​នេះ​ គឺមាន​គោល​បំណង​ពង្រឹង​នូវ​ទំនាក់​ទំនង​រវាង​ភាគី​ពាក់ព័ន្ធ​ ដើម្បី​ប្រឆាំងការ​ជួញដូរ​សត្វព្រៃ ​និង​ឈើ​ខុស​ច្បាប់។

លោក​បន្តថា ​ប្រទេស​សមាជិក​អាស៊ាន​ទាំងអស់ ​ក៏បាន​ពិភាក្សា​គ្នា ​ដើម្បី​បន្ត​រួមគ្នា​ពិភាក្សា​លើ​ស្ថានភាព​បច្ចុប្បន្ន​នៃ​ការងារ​ជួញដូរ​សត្វព្រៃ ​ការស្រាវជ្រាវ​បទល្មើស​ជួញដូរ ​និង​ការពង្រឹង​បន្ថែម​នូវ​កិច្ចសហ​ប្រតិបត្តិការ​ស​ម្រា​ប់​បច្ចុប្បន្ន ​និង​អនាគត​ផង​ដែរ។

លោក​បញ្ជាក់ថា​៖ «កិច្ចពិភាក្សា​នៅក្នុង​កិច្ចប្រជុំ​នេះ​គឺជា​ឱកាស​សម្រាប់​ប្រទេស​អាស៊ាន​ក្នុងការ​ផ្លាស់ប្តូរ​នូវ​បទពិសោធន៍​លើ​កិច្ចការ​ស្រាវជ្រាវ​នានា​ដែល​ទទួលបាន​ជោគជ័យ។ វា ក៏​ជា​ឱកាស​ដ៏​សំខាន់​មួយ​ក្នុងការ​ចែករំលែក​ព័ត៌មាន​ពាក់ព័ន្ធ និង​ស្នើសុំ​ការគាំទ្រ​បន្ថែម​ទៅលើ​ការស្រាវជ្រាវ​ជាក់លាក់​ណាមួយ ​ក៏ដូចជា​បន្ត​ពង្រឹង​កិច្ចសហ​ប្រតិបត្តិការ​ទាំង​ទ្វេភាគី​ និង​ពហុភាគី»។

លោក​ផាត សុផានិត ​អ្នកនាំពាក្យ​រង​ក្រសួង​មហាផ្ទៃ ​បានប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ១៥ ​មិថុនា ​ថា ​កិច្ចប្រជុំ​នេះ​ជាយន្ត​ការ​ប្រចាំ​ឆ្នាំ​ក្នុង​ក្របខ័ណ្ឌ​នៃ ​SOMTC។ ដូច​បណ្តា​ឆ្នាំមុនៗ​ដែរ​ មន្រ្តី​ជំនាញ​តែង​ជួបគ្នា​ ដើម្បី​បន្តផ្សា​រភ្ជាប់​ទំនាក់​ទំនង​ ទោះបី​ក្នុង​ស្ថានភាព​ប្រឈម​នៃ​ជំងឺ​កូវីដ១៩ ​ដែលធ្វើ​ឲ្យ​ខកខាន​មិនបាន​រៀបចំ​កិច្ចប្រជុំ​នេះ​ក្នុង​ឆ្នាំកន្លង​ទៅ​ក្តី។

លោក​ថា​៖ «ក្រៅពី​នោះ ​មន្រ្តី​ជំនាញ​បាន​ពិភាក្សា​អំពី​ការពិនិត្យ​ធ្វើ​បច្ចុប្បន្នភាព​ ទៅលើ​ផែនការ​សកម្មភាព​របស់​ក្រុមការ​ងារ​សម្រាប់​ឆ្នាំ​បន្តទៀត ​២០២២-២០២៤ ​ដោយសារ​ផែនការ​ការងារ​រយៈពេល ​២ ឆ្នាំ ​២០១៩-២០២១ ​ត្រូវផុត​សុពល​ភាព​ក្នុង​ឆ្នាំ ២០២១ នេះ»។

ពាក់ព័ន្ធ​នឹង​ការជួញដូរ​សត្វព្រៃ​នេះ​ កន្លងមក​ អាជ្ញា​ធរមាន​សមត្ថកិច្ច​កម្ពុជា បាន​បង្ក្រាបបាន​បទល្មើស​សត្វព្រៃ​ ជាច្រើន​ករណី​ ក្នុងនោះ​ បាន​ចាប់​ឃាត់​ភ្លុក​ដំរី ​កុយរមាស ​និង​គ្រឿង​ចម្លាក់​ពី​ភ្លុក​ដំរី ​កុយរមាស​ និង​សត្វព្រៃ​ជាច្រើន​ករណី​ដែល​លួច​នាំចូល​ក្នុងប្រទេស​ក​ម្ពុ​ជា និង​លួច​នាំ​ចេញទៅ​ក្រៅ​ប្រទេស។ ។

យោង​តាម​តួលេខ​របស់​ក្រសួង​បរិស្ថាន​ចេញ​ផ្សាយ​កាលពី​ឆ្នាំ ២០១៩ ​គឺ​ចាប់ពី​ឆ្នាំ ២០១៦​ រហូតមក​ទល់នឹង​ចុងឆ្នាំ​ ២០១៨ ​ភ្លុក​ដំរី ​និង​កុយរមាស​ជាច្រើន​ពាន់​ដុំ​មាន​ទម្ងន់​សរុប​ប្រមាណ​ជាង ​៥ តោន ​ត្រូវបាន​អាជ្ញាធរ​កម្ពុជា​បង្ក្រាប​បាន។ ក្រៅពី​នោះ​ក៏មាន​ស្រកា​ពង្រូល ​និង​ឆ្អឹង​សត្វព្រៃ​ផ្សេង​ទៀត​ដែល​ត្រូវបាន​អាជ្ញាធរ​បង្ក្រាប​បាន​ផង​ដែរ៕