ពោធិ៍សាត់ៈ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ភ្នំ​សំ​កុស​ខេត្តពោធិ៍សាត់​កំពុង​កសាង​សំណុំរឿង​មនុស្ស​ប្រុស-​ស្រី ៣ ​នា​ក់ ដើម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្តចាត់​ការ​ទៅតាម​និ​វិធី​ច្បាប់​បន្ទាប់​ពីសហ​ការឃាត់​ខ្លួន​ពាក់​ព័ន្ធ​នឹង​ករណី​លាក់​ឈើ​គ្រញូង​​ខុស​ច្បាប់​នៅក្នុង​ភូមិ​សង្គម​ថ្មី ឃុំ​ថ្មដា ស្រុក​វាល​វែង ខេត្ត​ពោធិ៍​សាត់​។

លោក ផាន់ សុភា​រី​ន នាយក​ដែន​ជម្រក​សត្វព្រៃ​​ភ្នំ​សំ​កុស ស្រុក​វាល​វែង ខេត្ត​ពោធិ៍​សាត់ ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១៥​ ខែមិថុនា ថា​មន្ត្រី​ឧ​ទ្យា​នុ​រក្សា​របស់​លោក​បាន​សហការ​ជាមួយ​នឹងនគរ​បាល​ប៉ុស្តិ៍​ឃុំ​ថ្មដា និង​វរ​​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​ ៨២៥ បាន​រឹបអូស​ឈើ​គ្រញូង​ចំនួន ១០៨ ដុំ​ និង​ឃាត់​ខ្លួន​មនុស្ស​ចំនួន ៣ នាក់​ ក្នុង​នោះ​មាន​ស្រី​ម្នាក់​ផង។

លោក​បាន​បន្តថា មនុស្ស​ទាំង ៣ នាក់​នេះ ឈ្មោះ ភួយ ពេ​ជ ភេទប្រុស ​អាយុ ​២៨​ ឆ្នាំ និង​ឈ្មោះ ជីប ណា​រី ភេទ​ស្រី អាយុ​ ២២ ​ឆ្នាំ ជា​ប្តី​ប្រពន្ធ និង​ជា​ម្ចាស់​ផ្ទះ។​ រីឯម្នាក់ទៀត​ឈ្មោះ សាន វ​ន្នី អាយុ ៥២ ​ឆ្នាំ ឪពុក​របស់​ម្ចាស់​ឈើ​ឈ្មោះ​ សាន វ៉ាន់ណេត ភេទ​ប្រុស ជា​យោធា​បម្រើ​ការ​នៅ​អង្គ​ភាព​កងការ​ពារ​ព្រំដែន​គោក​លេខ ៥០១ ប្រចាំ​នៅ​ព្រំដែន​ថ្មដា​។

លោក ផាន់ សុភា​រី​ន បញ្ជាក់​ទៀតថា កាលពី​ចុង ខែ​ឧសភា ឈ្មោះ សាន វ៉ាន់​ណេត បាន​ទូរស័ព្ទ​មក ឈ្មោះ ភួយ ពេ​ជ ដើម្បី​សុំ​យក​ឈើ​មក​ផ្ញើ​នៅ​ផ្ទះ​នៅក្នុង​ចម្ការ​រយៈ​ពេល​ ២ ​ឬ ៣ ថ្ងៃ ប៉ុន្តែឈ្មោះ ភួយ ពេ​ជ បាន​បដិ​សេធ​មិន​ទទួល​ឱ្យផ្ញើទេ ​ដោយ​សារ​ដឹង​ថា ជា​ឈើ​ខុស​ច្បាប់ ប៉ុន្តែ​ឈ្មោះ សាន វ៉ាន់​ណេត នេះ បាន​លួច​យក​មក​លាក់​ទុក​ដោយ​មិនឱ្យ​គាត់​ដឹង​ ។

លោក​ សុភា​រី​ន បាន​ថ្លែង​ថា៖ «កាល​ពី ៣ ឬ ៤ ថ្ងៃមុន ឈ្មោះ ភួយ ពេ​ជ បានមក​មើល​ផ្ទះ​នៅ​ចម្ការ​របស់​គាត់ មិន​បាន​ឃើញ​ឈើ​គ្រញូង​ទាំង​នេះទេ ប៉ុន្តែលុះ​ដល់​ពី​ថ្ងៃទី ១៤ ខែមិថុនា សមត្ថកិច្ច​បាន​ឡោម​ព័ទ្ធ​ផ្ទះ​របស់​គាត់ ហើយ​ក៏បាន​ឆែក​ឃើញឈើ​គ្រញូង​ជាង​ ១០០ ដុំ។ ​តែឈ្មោះ ភួ ពេ​ជ បាន​ឆ្លើយ​បដិ​សេធ​ថាមិន​ពាក់ព័ន្ធ​នឹង​ឈើ​នេះទេ​។ ជាមួយ​គ្នានេះ​ ឈ្មោះ សាន វ​ន្នី​ បាន​ប្រាប់​ថា​ឈើ​ទាំង​នេះគឺ​កូន​របស់​គាត់ ឈ្មោះ ​សាន វ៉ាន់​ណេត ជាអ្នក​យកទៅ​លាក់​នៅក្នុង​ផ្ទះ​នេះ ខណៈ​ឃើញ (ផ្ទះ​នៅ​ចម្ការ) នេះមិន​មាន​អ្នក​រស់​នៅ»។

បើតាម លោក​ ផាន់ សុភា​រី​ន ឈ្មោះ​សាន វ៉ាន់​ណេត ត្រូវបាន​សាលា​ដំបូង​ខេត្តពោធិ៍​សាត់​បាន​កោះហៅឱ្យ​ចូល​ខ្លួន នៅ​ថ្ងៃទី ១៧ ខែមិ​ថុនា ​ខាង​មុខ​នេះ ដើម្បី​សួរនាំ​រឿង​ជួញដូរ​ឈើ​គ្រញូង​ខុស​ច្បាប់​នេះផ​ងដែ​រ តែ​សំណុំ​រឿង​ក្រោយនេះគឺ​ជា​ករណី​ថ្មី​មួយ​បន្ថែមទៀត ខណៈ​លោក​បានប្រា​ប់ឈ្មោះ សាន វ​ន្នី​ ឱ្យ​ប្រាប់កូនគា​ត់ឈ្មោះ ​សាន វ៉ាន់ណេត ឱ្យចូល​ខ្លួនម​កបំភ្លឺ​។

ឈើ​គ្រញូង​នេះក៏​មិនមែនជា​ឈើ​នៅក្នុង​ប្រទេស​កម្ពុជា​នោះទេ​ គឺជា​ឈើ​នាំចូល​មកពី​ថៃដោយ​សារ​បុរស​រូបនេះ​មាន​ភ្នាក់ងារ​នៅ​ថៃ ហើ​យ​កាប់​យ​កមក​ឱ្យ​គាត់ដើម្បី​លក់​ទៅឱ្យ​ឈ្មួញ​បន្ត ហើយ​កាលពី​លើក​មុន​ក៏មាន​ករណី​ទាហាន​ថៃបាញ់​ឱ្យ​រងរបួស​ភ្លៅ​បុរស​ម្នាក់​ដែល​សុទ្ធតែ​ជាប់​ពាក់​ព័ន្ធ​នឹង​ឈ្មោះ សា​ន វ៉ាន់​ណេត នេះដែ​រ ។

ទោះជា​​យ៉ាងណា លោក ផាន់ សុភា​រី​ន បញ្ជាក់​បន្ថែមថា លោក​កំពុង​កសាង​សំណុំរឿង​ជនសង្ស័យ​ទៅ៣រូបនេះ​ទៅ​សាលាដំ​បូង​ខេត្តពោ​ធិ៍សាត់​ដើម្បី​អនុវត្ត​នីតិ​វិធី​បន្ត តែ​​វការសម្រេច​យ៉ាងណាគឺជា​ឆន្ទានុសិទ្ធិ​របស់​សា​សា​ដំបូង​។ចំពោះ​ឈើ​គ្រញូង​ដែលជា​វត្ថុ​តាង​ត្រូ​វបាន​យក​រក្សាទុក ដើ​ម្បីចាត់​ចែង​បន្ត​ ។

លោក ឈ្លាំង មឿ​ន នាយ​ប៉ុស្ដិ៍​នគរ​ឃុំ​ថ្មដា ស្រុក​វាលវែង បានឱ្យ​ដឹងថា កាលពី​ថ្ងៃទី ១៤ ខែ​មិថុនា មាន​ព័ត៌មា​នថា មាន​ពលរ​ដ្ឋលា​ក់ទុក​ឈើ​គ្រញូង​ចំនួន ១០៨ ដុំ ស្មើនឹង​ ៥០៥​ គីឡូក្រាមនៅ​ផ្ទះ​ឈ្មោះ ភួយ ពេ​ជ ហើយ​ឈើ​ទាំង​នេះ​ត្រូវបាន​​រឹ​បអូ​សនិង​ឱ្យ​មន្ត្រី​បរិស្ថាន​ចាត់ចែង​បន្ត ខណៈ​ជន​សង្ស័យ​ក៏​ត្រូវបាន​បញ្ជូន​ទៅ​មន្ត្រី​ជំនាញ​នៅឯ​ស្រុក​វាលវែ​ង​។

ក៏ប៉ុន្តែ​លោ​ក ឈ្លាំង មឿ​ន បាន​បញ្ជាក់​ថា ​ឈ្មោះ សាន វ​ន្នី មិន​បាន​ប្រាប់​ថា ឈើ​គ្រញូង​ទាំង​នេះ​ត្រូវ​បាន​ទិញ​មកពី​ណា ឬ​​យកទៅ​លក់​នៅទីណា​នោះ​ទេ ដោយ​គ្រាន់តែ​បាន​អះអាង​ថា ជា​ឈើ​របស់​គាត់ ខណៈ​ម្ចាស់​ផ្ទះ​ថា​មិន​បាន​ដឹង​​៕​