ភ្នំពេញៈ ផ្សាររដ្ឋ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ ត្រូវបាន​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើងវិញ​ជាធម្មតា​ចាប់ពី​ថ្ងៃទី​ ១៥ មិថុនា បន្ទាប់ពី​បាន​ផ្អាក​ដំណើរការ​ជា​បណ្តោះអាសន្ន​កាលពី​ពាក់កណ្តាល​ខែមេសា ដោយសារ​មាន​ការឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ ដែល​មាន​អាជីវករ​ស្ទើរតែ​គ្រប់​ផ្សារ​រដ្ឋ​បាន​ឆ្លង​ជំងឺ​កូវីដ​ ១៩ ​នេះ​។

លោក​ ឃួង ស្រេង អភិបាល រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្តី​សម្រេច​នៅ​យប់​ថ្ងៃទី​ ១៤ ខែមិថុនា អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​គ្រប់​អាជីវកម្ម​ការលក់ដូរ​ជា​ប្រក្រតី​ឡើងវិញ ក្នុង​ក្របខ័ណ្ឌ​ផ្សាររដ្ឋ​ទាំងអស់ នៅ​រាជធានី​ភ្នំពេញ ប៉ុន្តែ​ត្រូវតែ​អនុវត្ត​វិធានការ​សុខាភិបាល​ជា​កំហិត​។

លោក​ថា​៖ «​គ្រប់​អាជីវកម្ម​ការលក់ដូរ ដែល​ត្រូវបាន​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើងវិញ ត្រូវតែ​អនុវត្ត​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល​ឱ្យបាន​ម៉ឺងម៉ាត់ ជា​អាទិ៍​កាតព្វកិច្ច​ពាក់​ម៉ាស់ កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព ការធ្វើ​អនាម័យ​ ដើម្បី​សម្លាប់​មេរោគ ការវាស់​កម្ដៅ និង​ការស្កេន QR Code»​។

គ្រប់​អាជីកម្ម និង​ការលក់ដូរ​ក្នុង​ផ្សារ​រដ្ឋ​ទាំងអស់​ដែល​ត្រូវ​បើក​ឡើងវិញ​នេះ ត្រូវតែ​អនុវត្ត​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ជាពិសេស​ត្រូវ​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​វិធានការ ៣ការពារ និង​៣កុំ​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​។

លោក​ ឃួង ស្រេង បញ្ជាក់ថា​៖ «​អភិបាល​រដ្ឋាករ​ស្វយ័ត​ផ្សារ​ធំថ្មី គណៈ​គ្រប់គ្រង​ផ្សាររដ្ឋ សន្តិសុខ បុគ្គលិក-កម្មករ អាជីវករ អតិថិជន និង​ជន​ទាំងឡាយ​ណា​ដែលមាន​វត្តមាន​ក្នុង​បរិវេណ​ផ្សារ ត្រូវ​អនុវត្ត​វិធានការ​រដ្ឋបាល វិធានការ​សុខាភិបាល និង​គោលការណ៍​ណែនាំ​នានា​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​»​។

គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​ ២០ ខែឧសភា រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចេញ​សេចក្ដី​សម្រេច​ឱ្យ​បើក​ដំណើរការ​ផ្សារ​រដ្ឋ​ទាំងអស់​ឡើងវិញ​សម្រាប់តែ​អាជីវករ​លក់​គ្រឿងឧបភោគ​បរិភោគ និង​អាហារ​តែប៉ុណ្ណោះ ដោយ​មាន​ការរឹតបន្តឹង​វិធាន​សុខាភិបាល វិធាន​រដ្ឋបាល និង​ការកម្រិត​ចំនួន​មនុស្ស​ចូល​ផងដែរ​។

ការបើក​ដំណើរការ​សម្រាប់​ផ្សារ​រដ្ឋ​ទាំងអស់​នេះដែរ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក៏​តម្រូវឱ្យ​គ្រប់​ផ្សារ​ត្រូវ​អនុវត្តតាម​សេចក្តី​ណែនាំ​ស្តីពី​ការរឹតបន្តឹង​ការអនុវត្ត​វិធានការ​រដ្ឋបាល​ចំពោះ​សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម និង​ការជួបជុំ ឬ​ការប្រមូលផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ដូចគ្នា​ផងដែរ​។

លោក​អភិបាល​រាជធានី​បាន​ស្នើឱ្យ​រដ្ឋបាល​ខណ្ឌ​ទាំង​ ១៤ និង​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី​ភ្នំពេញ​ត្រូវ​សហការ​ចុះ​ត្រួតពិនិត្យ​តាម​ផ្សារ​នីមួយៗ ដើម្បី​ធានា​ការអនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​។

លោក​ថា​៖ «​ក្នុង​ករណី​រកឃើញ​ថា អភិបាល​រដ្ឋាករ-ស្វយ័ត​ផ្សារ​ធំថ្មី និង​គណៈកម្មការ​គ្រប់គ្រង​ផ្សារ​រដ្ឋ ឬ​បុគ្គល​ណា​ម្នាក់ មិន​ព្រម​សហការ ឬ​មិន​អនុវត្ត​ត្រឹមត្រូវ គឺ​ត្រូវ​ចាត់​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់ ដោយ​គ្មាន​ការលើកលែង​ឡើយ​»​។

អាជីវករ​លក់​គ្រឿងក្រអូប​ក្នុង​ផ្សារ​អូរឫស្សី អ្នកនាង​ បញ្ញា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នាង​មិនទាន់​ចាប់ផ្តើម​លក់​ភ្លាម​ទេ តែ​នាង​នឹង​បើក​តូប​នៅ​ថ្ងៃស្អែក​ ឬ​ខានស្អែក​នេះ​។

នាង​បញ្ញា​ប្រាប់ថា​៖ «​ពិតណាស់ ការប្រុងប្រយ័ត្ន ការការពារ គឺជា​រឿង​សំខាន់បំផុត ដោយសារ​ខ្ញុំ​បារម្ភ​ការឆ្លង​មាន​ជាថ្មី ហើយ​ផ្សារ​នឹងត្រូវ​បិទ​ម្តងទៀត​»​។

អាជីវករ​រូបនេះ​ថា ការបិទ​ផ្សារ​មួយរយៈ​ពេលនេះ ធ្វើឲ្យ​ប៉ះពាល់​ជីវភាព​នាង​ច្រើន ដោយសារ​ការចំណាយ​ធំ​ក្នុង​គ្រួសារ​តែ​ចំណូល​មិនមាន​។

ជាមួយ​គ្នា​នេះ រដ្ឋបាលខេត្ត​មណ្ឌលគិរី​ក៏​បាន​ចេញ​សេចក្តី​ណែនាំ​បន្ទាន់​មួយ​ផងដែរ កាលពី​ថ្ងៃទី​ ១៤ មិថុនា ដោយ​រដ្ឋបាលខេត្ត​តម្រូវ​ឱ្យ​អនុវត្ត​នូវ​វិធាន​សុខាភិបាល​ឱ្យបាន​ត្រឹមត្រូវ​ជា​កំហិត​។

លោក​ ស្វាយ សំអ៊ាង អភិបាល​ខេត្តមណ្ឌលគិរី​ឱ្យ​ដឹងថា ក្នុង​រយៈពេល​ ៣ ​ថ្ងៃ គឺ​ពី​ថ្ងៃទី​ ១១-១៣ ខែមិថុនា រដ្ឋបាលខេត្ត​មណ្ឌលគិរី​បាន​រកឃើញ​ករណី​វិជ្ជមាន​កូវីដ​ ១៩ ចំនួន​ ១៧ ​នាក់​ក្នុង​នោះ​ស្លាប់​ ១ ​នាក់​។ លោក​ថា កត្តា​នេះ​អាច​បង្ក​ឱ្យ​មាន​ហានិភ័យ​ខ្ពស់​ចំពោះ​សុខុមាលភាព និង​ការរស់នៅ​របស់​ពលរដ្ឋ​នៅ​ខេត្ត​មណ្ឌលគិរី ជាពិសេស​នៅ​ក្រុង​សែនមនោរម្យ​។

លោក​ ស្វាយ សំអ៊ាង បញ្ជាក់ថា​៖ «​ប្រជាពលរដ្ឋ អាជីវករ និង​អ្នកលក់ដូរ​ទាំងអស់​ក្នុង​ខេត្តមណ្ឌលគិរី​ត្រូវអនុវត្ត​វិធាន​ការពារ​របស់​រាជរដ្ឋាភិបាល ៣ការពារ ៣កុំ​។ ការលក់ដូរ​អាហារ​ត្រូវ​ធ្វើការ​វេចខ្ចប់​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​សកម្មភាព​កីឡា​ផ្សេងៗ​។ ហាមឃាត់​ការជួបជុំ​ប្រមូលផ្ដុំ​ដែលមាន​មនុស្ស​ចាប់ពី​ ៥ ​នាក់​ឡើងទៅ​»​។

លោក​ថា​គ្រប់​វត្តអារាម វិហារ​អ៊ិស្លាម​សាសនា និង​វិហារ​គ្រិស្តសាសនា មិន​អនុញ្ញាត​ឱ្យមាន​ការជួបជុំ​មនុស្ស​លើសពី​ចំនួន​ ៥ ​នាក់​។ ចំពោះ​រថយន្ត​ដឹកទំនិញ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ដំណើរការ​ធម្មតា ដោយ​កំណត់​អ្នករួមដំណើរ​ត្រឹមតែ​ចំនួន​ ១ ​នាក់​ប៉ុណ្ណោះ​។

ចំណែក​អភិបាលខេត្ត​សៀមរាប​លោក​ ទៀ សីហា ក៏បាន​ណែនាំ​ឱ្យមាន​ការរៀបចំ​សណ្តាប់ធ្នាប់​លក់ដូរ របៀបរៀបរយ និង​អនុវត្ត​វិធានការ​សុខាភិបាល​ក្នុង​ផ្សារលើ​ធំថ្មី ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​ផងដែរ​។

លោក​ថា រដ្ឋបាល​ក្រុង​សៀមរាប​ត្រូវ​សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត អាជីវករ​លក់ដូរ​នៅក្នុង និង​ជុំវិញ​ផ្សារ​គណៈកម្មការ​គ្រប់គ្រង​ផ្សារលើ​ធំថ្មី និង​អ្នកវិនិយោគ​។ ធ្វើ​អាជីវកម្ម​ភាស៊ី​ផ្សារលើ​ធំថ្មី រៀបចំ​ឱ្យ​មាន​ការលក់ដូរ​ប្តូរ​វេន​គ្នា​ជា​បណ្តោះអាសន្ន​ដល់​អាជីវករ​លក់ដូរ​ក្នុង និង​ជុំវិញ​ផ្សារលើ​ធំថ្មី ដើម្បី​ចៀសវាង​ការប្រមូលផ្តុំ​មនុស្ស​ច្រើន​ក្នុង និង​ជុំវិញ​ផ្សារ ដែល​អាច​ប្រឈម​នឹង​ការឆ្លង​ជំងឺ​កូវីដ​ ១៩៕