ភ្នំពេញៈ លោក​ អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ឱ្យ​ដឹងថា កម្មករនិយោជិត​ជាង ៦ ០០០ ​នាក់ ​ដែល​កំពុង​ត្រូវបាន​ព្យួរការងារ ឬ​បាត់បង់​ការងារ​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ​ ១៩ បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ពិសេស​រយៈពេល​ ៤ ​ខែ ខណៈ​កម្មករនិយោជិត​ជិត ៧ ម៉ឺន​នាក់ បាន​បញ្ចប់​ការសិក្សា​ជំនាញ​ទន់​។

ការថ្លែង​បែបនេះ​បាន​ធ្វើឡើង​តាម​ប្រព័ន្ធ​ហ្វេសប៊ុក​ឡាយ​នៅក្នុង​ឱកាស​ដែល​លោក​បាន​ថ្លែង​សុន្ទរកថា ដើម្បី​ចូលរួម​អបអរសាទរ​ទិវា​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ TVET លើក​ទី ៤ ​ដែល​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​ជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃទី​ ១៥ ខែមិថុនា​។

លោក អ៊ិត សំហេង បាន​លើកឡើង​ថា កម្មករនិយោជិត​ចំនួន ៦ ៥០០ ​នាក់ ​ដែល​កំពុង​ត្រូវបាន​ព្យួរការងារ ឬ​បាត់បង់​ការងារ​ដោយសារ​វិបត្តិ​ជំងឺ​កូវីដ​ ១៩ បានទទួល​វគ្គ​បណ្តុះបណ្តាល​ពិសេស​មួយ​ដែលមាន​ភាពបត់បែន និង​ផ្តោតលើ​គុណភាព ហើយ​ក្រោយពេល​បញ្ចប់​ការសិក្សា​ត្រូវ​ទទួល​បាន​សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ​ ១ ​ពិសេស​ដែល​មាន​រយៈពេល ៤ ​ខែ​។

បន្ថែម​ពីនេះ លោក​ថា កម្មករ​ទាំងនោះ​ក៏​ទទួលបាន​ប្រាក់​ឧបត្ថម្ភ​ក្នុង​អំឡុងពេល​សិក្សា​ផងដែរ​ដោយ​សិក្ខាកាម​ម្នាក់​ទទួលបាន ២០ ​ម៉ឺន​រៀល ​ក្នុង​រយៈពេល ១ ​ខែ ដើម្បី​ផ្តល់ឱកាស​ឱ្យ​ពួកគាត់​ទទួល​បាន​នូវ​ជំនាញ​មួយ​ច្បាស់លាស់ សម្រាប់​ចាប់យក​ការងារ​ថ្មី នៅក្នុង​ទីផ្សារ​ការងារ​ដែល​កំពុងមាន​តម្រូវការ​ខ្ពស់​នាពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​។ ក្នុងអំឡុងពេល​ដូចគ្នានេះ​មាន​កម្មករនិយោជិត នៅតាម​បណ្តា​រោងចក្រ សហគ្រាស​ចំនួន ៦៨ ០០០ ​នាក់ បាន​ទទួល​ការបណ្តុះបណ្តាល​ជំនាញ​ទន់​។

លោក​ អ៊ិត សំហេង ​បាន​ឱ្យ​ដឹង​ទៀតថា មុន​ដំណាច់ឆ្នាំ​ ២០២០ ក្រសួង​បានដាក់​ចេញ​នូវ​ផែនការមេ​សម្រាប់​អភិវឌ្ឍ​គ្រឹះស្ថាន TVET រយៈពេល​ ៥ ​ឆ្នាំ​ ពី​ឆ្នាំ ២០២១ ដល់​ឆ្នាំ​ ២០២៥ ដែល​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​ចំនួន ៤៩៣ ​លាន​ដុល្លារ ដោយ​ផ្តោតលើ​យុទ្ធសាស្ត្រ​ចំនួន​ ៤​។

លោក​បាន​បញ្ជាក់ថា​៖ «​យុទ្ធសាស្ត្រ​ចំនួន​ ៤ ​នោះ ​គឺ​រួមមាន ១ ការកសាង និង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​របស់​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ២ ​ការបំពាក់​ឧបករណ៍ បរិក្ខារ និង​សម្ភារ​បណ្តុះបណ្តាល ៣ ការពង្រឹង​សមត្ថភាព​អ្នក​ដឹកនាំ​គ្រប់គ្រង មន្ត្រី​ជំនាញ និង​គ្រូ​បច្ចេកទេស និង​ ៤ ការបង្កើន​បរិមាណ និង​គុណភាព​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ប្រកប​ដោយ​បរិយាប័ន្ន​យេនឌ័រ​»​។

ក្នុងនោះ លោក អ៊ិត សំហេង ក៏បាន​លើកឡើង​ពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​ការងារ ដើម្បី​លើកកម្ពស់​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​កម្លាំង​ពលកម្ម​ជំនាញ ប្រកប​ដោយ​គុណភាព និង​ប្រសិទ្ធភាព ដើម្បី​ឱ្យ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​ការងារ​ក្នុង និង​ក្រៅប្រទេស​ទៀតផង​។

លោក​បញ្ជាក់ថា​៖ «​ស្ថិតក្នុង​បរិបទ​នៃ​ជំងឺ​រាតត្បាត​ជា​សកល​កូវីដ​ ១៩ មកលើ​បញ្ហា​សុខភាព​សាធារណៈ សេដ្ឋកិច្ច​សង្គម​ការអប់រំ និង​បណ្តុះបណ្តាល និង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ ការបាត់បង់​ការងារ​ជាច្រើន ហើយ​ថែមទាំង​បន្ទុចបង្អាក់​ដល់​ការអភិវឌ្ឍ​ឈាន​ឡើង​របស់​កម្ពុជា​ផងដែរ​»​។

បើតាម លោក អ៊ិត សំហេង សម្រាប់​ឆ្នាំ​សិក្សា​ ២០២០-២០២១ នេះ​គិត​ត្រឹម​ខែមិថុនា មាន​សិក្ខាកាម​សិស្ស​និស្សិត​ប្រមាណ​ជិត ៤០ ០០០ ​នាក់​ បាននិង​កំពុង​សិក្សា​ពី​ចម្ងាយ ឬ​អនឡាញ​នៅតាម​គ្រឹះស្ថាន​អប់រំ បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ទាំង​សាលា​រដ្ឋ សាលា​ឯកជន និង​សាលា​អង្គការ​សមាគម​ទូទាំង​ប្រទេស​។

លោក ភា រម្យ ជា​កម្មករ​ម្នាក់​ធ្វើការ​នៅ​រោងចក្រ​មួយ​ក្នុង​រាជធានី​ភ្នំពេញ បានចាត់ទុក​ការបណ្តុះបណ្តាល​ផ្នែក​បច្ចេកទេស និង​វិជ្ជាជីវៈ​ដល់​កម្មករ​នេះ​ថា ជា​ការបន្ថែម​នូវ​ជំនាញ​ដែល​កម្មករ ស្រលាញ់ និង​ពិតជា​ការប្រសើរ​សម្រាប់​កម្មករ​។

លោក​មើលឃើញ​ថា​៖ «​បើ​កម្មករ​ចេះ​ជំនាញ​ផ្សេងទៀត ក្រៅពី​ធ្វើការ​រោងចក្រ គឺ​ល្អ​ច្រើន ព្រោះ​ពួកគាត់​ក៏​អាច​ប្រកបរបរ​ផ្ទាល់ខ្លួន ដើម្បី​ចិញ្ចឹម​ជីវិត នៅពេល​មាន​ការបិទ ឬ​បញ្ចប់​ការងារ​ពី​រោងចក្រ​អី​ទៅ​»​។

លោក ឌី ថេហូយ៉ា មន្ត្រី​កម្មវិធី​ផ្នែក​សិទ្ធិ​ពលករ​ចំណាកស្រុក​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​កម្ពុជា ហៅ​កាត់​សង់ត្រាល់​បាន​លើកឡើងថា នេះ​គឺជា​ជំហាន​មួយ​ល្អ​ដែល​ក្រសួង​បាន​លើកកម្ពស់ និង​ជំរុញ​ដល់​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ទៅកាន់​ប្រជាពលរដ្ឋ​ឱ្យ​មាន​ការយល់ដឹង​។

ប៉ុន្តែ​លោក​ចង់ឃើញ​ស្ថាប័ន​ពាក់ព័ន្ធ​គួរផ្តល់​តម្លៃ​ដល់​ជំនាញ​ទាំងនេះ​ឱ្យ​អាច​ប្រៀបធៀប​គ្នា​នឹង​ការសិក្សា​ទូទៅ​ដើម្បី​ឱ្យ​ពលរដ្ឋ ទទួល​ស្គាល់​ពី​តម្លៃ​នៃ​ការសិក្សា​លើ​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​។

បន្ថែម​ពីនេះ​លោក ឌី ថេហូយ៉ា ក៏​ជំរុញ​ឱ្យ​ក្រសួង​ការងារ គួរ​យកចិត្ត​ទុកដាក់​បណ្តុះបណ្តាល​ដល់​ពលរដ្ឋ ជាពិសេស​យុវជន​នូវ​ជំនាញ​ដែល​អាចមាន​តម្រូវការ​ក្នុង​ទីផ្សារ​ជាក់ស្តែង​ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​កម្លាំង​ពលកម្ម​ជំនាញ​ពី​បរទេស​ដែល​មិនមែន​ជា​ជនជាតិខ្មែរ​ច្រើន​លើសលប់​។

លោក​បញ្ជាក់ថា​៖ «​ដូចជា​ក្នុង​វិស័យ​សំណង់​ជាដើម ខ្ញុំ​ឃើញថា ពលរដ្ឋ​ខ្មែរ​យើង​ធ្វើ​ការងារ​សំណង់​នេះដែរ ប៉ុន្តែ​មិនមែន​ស្ថិត​ក្នុង​លំដាប់​កម្មករ​ជំនាញ​នោះទេ ហើយ​តែង​យក​ជនជាតិ​វៀតណាម ឬ​ជន​ជាតិចិន​អី​មក​ធ្វើ​អី​អ៊ីចឹង​។ ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​នេះ យើង​សម្លឹង​មើលថា តើ​អ្វី​ដែល​ជា​តម្រូវការ​ក្នុង​ការអភិវឌ្ឍ​ប្រទេស​ជាតិ​យើង ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​បច្ចុប្បន្ន​ឱ្យ​គាត់​បានដឹងថា ពេល​រៀន​ចប់​មក​បាន​ការងារ​ធ្វើ និង​បាន​ប្រាក់ខែ​សមរម្យ​ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​របស់គាត់​»​។

លោក ធៀវ អៀង នាយក​ក្រុមហ៊ុន អ៊ីស៊ី រីហ្វ្រីជីរេសិន ដែល​ធ្វើការ​លើ​បរិក្ខារ​ត្រជាក់ បាន​និយាយថា ធនធាន​មនុស្ស​ដែលមាន​ជំនាញ​ផ្នែក​បច្ចេកទេស កំពុង​តែ​មាន​ទីផ្សារ ព្រោះ​ដោយសារ​តែ​ពេលនេះ ប្រទេស​កម្ពុជា​កំពុង​តែ​ត្រូវការ​ធនធាន​ទាំងនេះ ដើម្បី​ធ្វើការ​អភិវឌ្ឍ​ប្រទេស​។

លោក​បញ្ជាក់ថា ជាក់ស្តែង​សម្រាប់​ក្រុមហ៊ុន​លោក​ក៏​កំពុងតែ​ត្រូវការ​អ្នកមាន​ជំនាញ​ទាំងនេះ ប៉ុន្តែ​ធនធាន​ដែល​មាន​ពិតប្រាកដ​ពាក់ព័ន្ធ​នឹង​វិស័យនេះ គឺមាន​តិចតួច​។

លោក​បាន​បន្ថែមថា​៖ «​ពលរដ្ឋ​យើង​មិនសូវ​ចូលចិត្ត​រៀន​ជំនាញ​បច្ចេកទេស​ទេ ព្រោះ​ពួកគាត់​យល់ថា ធ្វើ​ជាង​មើល​ទៅ​មិន​ល្អមើល ប៉ុន្តែ​បើ​និយាយ​ទៅ​តាម​ពាក្យ​ខ្មែរ គេ​ថា​មិនល្អ​មើល តែ​ល្អស៊ី គឺ​បាន​ន័យថា ពួកគាត់​គឺ​គេ​ត្រូវការ​ណាស់​។ ប្អូនៗ​យើង​មើលៗ​ទៅ ប្អូនៗ​គួរតែ​ស្វែងរក​ជំនាញ​បច្ចេកទេស​អី​វិញ​ទៅ ព្រោះ​ទីផ្សារ​គេ​កំពុង​ទូលាយ​»៕