ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា​នៅ​ថ្ងៃទី​ ១៥ ខែ​មិថុនា​នេះ បាន​ប្រកាស​អបអរ​ដល់​សិស្ស​កម្ពុជា​ចំនួន ២៣ ​នាក់ ​ដែល​បាន​ទទួល​ជយលាភី មេដាយមាស មេដាយប្រាក់ និង​មេដាយ​សំរឹទ្ធ​ក្នុង​កម្មវិធី​ប្រកួត​គណិតវិទ្យា​អូឡាំព្យាដ​អាស៊ី-សិង្ហបុរី​ឆ្នាំ​ ២០២១ ក្នុង​ចំណោម​សិស្ស​ ២៨ ៧៦០ នាក់​ មកពី​ ២៦ ​ប្រទេស ​ដែល​បាន​ចូលរួម​ការប្រកួតប្រជែង​នេះ​។

ក្រសួង​អប់រំ​បាន​ឱ្យ​ដឹងថា កម្មវិធី SASMO ត្រូវ​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​ ២០០៦ ដែល​ជា​ការប្រកួត​គណិតវិទ្យា​ធំជាងគេ​មួយ​នៅ​អាស៊ី​។ នៅ​ឆ្នាំ​ ២០២១ នេះ មាន​សិស្ស​ពូកែ​គណិតវិទ្យា​ចំនួន ២៨ ៧៦០ ​នាក់ ​មកពី ២៦ ប្រទេស​ ចូលរួម​ការប្រកួតប្រជែង​។

ក្រសួង​បញ្ជាក់ថា នៅ​ឆ្នាំ​ ២០២១ ​នេះ សាលា​អន្តរជាតិ​តិច​សាស​បាន​បញ្ជូន​សិស្សានុសិស្ស​ឱ្យ​ចូលរួម​ការប្រកួត​ SASMO ហើយ​ជា​លទ្ធផល​គឺ​សិស្ស​ចំនួន​ ២ ​នាក់ ​បានទទួល​មេដាយមាស ១ ​នាក់​ទទួល​មេដាយប្រាក់ ៨ ​នាក់​ ទទួល​មេដាយ​សំរឹទ្ធ និង ២ ​នាក់ ​ទទួល​បាន​ជយលាភី​កិត្តិយស​។ ចំណែក​សាលា អន្តរជាតិ វើលដ៍ កម្ពុជា មាន​សិស្ស​ចូលរួម​ប្រកួត​ចំនួន​ ១០ ​នាក់​ក្នុង​នោះ សិស្ស ១ ​នាក់​បានទទួល​មេដាយមាស​ និង​ ៩ ​នាក់​ទៀត​បានទទួល​មេដាយ​សំរឹទ្ធ​។

ក្រសួង​អប់រំ​បញ្ជាក់ថា​៖ «​ជាមួយ​ភាពជាក់ស្តែង និង​ស្តង់ដា​ខ្ពស់​នៃ​ការប្រកួតប្រជែង SASMO មាន​គោលបំណង​ដើម្បី​ពង្រីក​សក្តានុពល​នៃ​ការគិត​របស់​សិស្សានុសិស្ស​ដែល​ចូលរួម​ការប្រឡង និង​ជួយ​ពួកគេ​ក្នុង​ការធ្វើ​ឱ្យ​ប្រសើរឡើង​នៅក្នុង​មុខវិជ្ជា​គណិតវិទ្យា ក៏ដូចជា​ជំនាញ​ក្នុង​ការគិតគូរ​ខ្ពស់​ជាង​មុន​»​។

ចំណែក​គណៈ​គ្រប់គ្រង​សាលា​អន្តរជាតិ​​វើលដ៍​កម្ពុជា​បាន​ឱ្យ​អបអរ​ដល់​សិស្ស​របស់ខ្លួន​ដែល​បានទទួល មេដាយ​ថ្នាក់​អន្តរជាតិ​ក្នុង​ការប្រកួតប្រជែង​សិស្ស​ឆ្នើម​ផ្នែក​គណិតវិទ្យា​អូឡាំព្យាដ កម្រិតស្តង់ដា​អន្តរជាតិ​នេះ​។

គណៈ​គ្រប់គ្រង​សាលា​នេះ​លើកឡើង​ថា​៖ «​យើងខ្ញុំ​ពិតជា​មាន​មោទនភាព​ជាខ្លាំង ចំពោះ​ប្អូនៗ​ និង​សូម​កោតសរសើរ​ពី​សមត្ថភាព​ និង​ភាពឈ្លាសវៃ​របស់​ពួកគាត់​។ សាលា​ជឿជាក់​យ៉ាង​មុតមាំ​ថា​ប្អូនៗ​សិស្សានុសិស្ស​របស់​ពួកយើង​នឹង​ក្លាយ​ទៅ​ជា​ជំហរ​ដ៏រឹងមាំ​មួយ​សម្រាប់​សង្គម គ្រួសារ និង​ជា​ធនធាន​មនុស្ស​ដ៏ប្រពៃ​ក្នុង​ការចូលរួម​អភិវឌ្ឍ​ប្រទេសជាតិ​យើង​ទាំងមូល​នា​ថ្ងៃ​អនាគត​»៕