The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សត្វផ្សោត​ ១ ​ក្បាល​ទៀត​ងាប់ នៅ​អន្លង់​អូរឈើទាល ដោយ​វ័យ​ចំណាស់




សត្វផ្សោត​ ១ ​ក្បាល​ទៀត​ងាប់ នៅ​អន្លង់​អូរឈើទាល ដោយ​វ័យ​ចំណាស់

Content image - Phnom Penh Post
អាជ្ញាធរ​មូលដ្ឋាន​លើកសត្វ​ផ្សោត​ដែល​ងាប់​ដាក់​ចូល​ទូក​ ដើម្បី​យកទៅ​ពិនិត្យមើល​។ រូបថត ក្រសួង​ព័ត៌មាន

សត្វផ្សោត​ ១ ​ក្បាល​ទៀត​ងាប់ នៅ​អន្លង់​អូរឈើទាល ដោយ​វ័យ​ចំណាស់

ស្ទឹងត្រែងៈ សត្វផ្សោត ១ ក្បាល ​ទម្ងន់ ១៨០ គីឡូក្រាម ​បាន​ងាប់​កាលពី​ថ្ងៃទី​ ១៤ ខែមិថុនា ក្នុង​កន្លែង​ដែល​វា​រស់នៅ​ក្នុង​អន្លង់​ផ្សោត​អូរឈើទាល​ក្នុង​ឃុំ​ព្រះរំកិល ស្រុក​បុរីអូរស្វាយសែនជ័យ ខេត្ត​ស្ទឹងត្រែង​ដោយ​សង្ស័យ​បណ្ដាល​មកពី​វ័យ​ចំណាស់​។

លោក សន ប៉ាន់ មេភូមិ​អន្លង់ស្វាយ ឃុំ​ព្រះរំកិល និង​ជា​ប្រធាន​ក្រុម​ឆ្មាំ​ទន្លេ ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ១៤ ខែមិថុនា​ថា ផ្សោត​នេះ​មាន​ប្រវែង ២៣០ សង់ទីម៉ែត្រ និង​ត្រូវបាន​ប្រជា​នេសាទ​ប្រទះឃើញ​ងាប់ ពេល​ដែល​កំពុង​បង់សំណាញ់​។

លោក​ថ្លែងថា​៖ «​យើង​វាយតម្លៃ​ផ្សោត​របស់​យើង​ចុះ​ធ្វើការ (​ដូច​) រាល់ដង​អ៊ីចឹង​។ (​ស្លាប់​) នៅ​ខ្ទង់​ថ្ងៃទី ១២ (​មិថុនា​) ពេល​ល្ងាច​ព្រោះ​ថ្ងៃទី ១២ ពេលព្រឹក យើង​ចុះ​ធ្វើការ​ផ្សោត​នៅ​ទាំង ២ ទេ​។ អ៊ីចឹង​វា​បាត់​នៅពេល​ល្ងាច​ហ្នឹងហើយ​ព្រោះ​ថ្ងៃទី​ ១៣ យើង​រក​វា​អត់ឃើញ​។ ថ្ងៃទី​ ១៤ ទៅបាន​ប្រទះឃើញ (​ស្លាប់​)»​។

លោក​បន្តថា​៖ «​ប្រជានេសាទ​គាត់​ធ្វើ​នេសាទ​បង់សំណាញ់​ពេលយប់​។ អ៊ីចឹង​គាត់​ជួប​គាត់​ប្រទះឃើញ​ទៅ​ក៏​រាយការណ៍​មក​មេឃុំ​។ ក្រុម​ឆ្មាំ​យើង​ក៏​ចុះទៅ​មើល​នៅ​កន្លែង​ហេតុការណ៍​ដែល​កើតឡើង​ហ្នឹង​»​។

លោក​បន្តថា ផ្សោត​នេះ​ត្រូវបាន​ក្រុមការងារ​ជំនាញ​យក​ទៅ​ពិនិត្យ ដើម្បី​ធ្វើ​កោសល្យវិច័យ​។

លោក ប៉ាន់ ថ្លែងថា​៖ «​អ៊ីចឹង​វា​ក៏​សោកស្តាយ​មែនទែន​ហើយ​។ វា​នៅតែ ២ សោះ​។ ឥឡូវ​បាត់ ១ ទៀត វា​នៅ​សល់​តែ ១»​។

លោក​ សេង ទៀក នាយក​ប្រចាំ​ប្រទេស​នៃ​មូលនិធិ​អភិរក្ស​ និង​សង្គ្រោះ​សត្វព្រៃ​កម្ពុជា​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ ​នៅ​ថ្ងៃទី​ ១៤ ខែមិថុនា ថា ផ្សោត​ដែល​ស្លាប់​នេះ​គឺជា​ផ្សោត​ញី ហើយ​បន្ទាប់ពី​ពិនិត្យមើល​សាកសព​ផ្សោត​នេះ​គឺ​មិនមាន​ស្លាកស្នាម​អ្វី​នោះទេ​នៅលើ​ដងខ្លួន​ផ្សោត​នោះ​។

លោក​ថ្លែងថា​៖ «​យើង​សង្ស័យ​ជំហាន​ដំបូង​ប្រហែល​ជា​សាកសព​ហ្នឹង​ចាស់​ស្លាប់​វា​ប្រហែល​ជា​ស្ថិតនៅក្នុង​អាយុ​ប្រហាក់ប្រហែល​ ២៥ ​ទៅ​ ៣០ ​ឆ្នាំ ដូច្នេះ​ផ្សោត​អាច​រស់​បាន​ប្រហែល​ត្រឹម​អាយុ​ពី​ ២០ ​ទៅ​ ៣០ ​ឆ្នាំ​ហ្នឹងឯង​»​។

លោក​ថ្លែងថា បន្ទាប់ពី​ធ្វើការ​កត់ត្រា​ក្នុង​ឆ្នាំ​ ២០១៧ ផ្សោត​នៅ​អន្លង់​អូរឈើទាល​ដែល​ជាប់​ព្រំដែន​ប្រទេស​ឡាវ​មាន​ចំនួន​ ៣ ​ក្បាល​។ នៅ​ខែមេសា​ឆ្នាំ​ ២០២១ ផ្សោត​ ១ ​ក្បាល​បាន​ស្លាប់​ និង​ចុងក្រោយ​នៅ​ខែមិថុនា​នេះ ស្លាប់​ ១ ​ក្បាល​ទៀត​បច្ចុប្បន្ន នៅសល់​តែ​ ១ ​ក្បាល​។

ក្រុម​ផ្សោត​នៅ​អន្លង់​ឈើទាល​គឺជា​ក្រុម​ស្ថិតនៅ​ប៉ែក​ខាងលើ ហើយ​មិនដែល​មកជួប​គ្នា​ជាមួយ​ក្រុម​ផ្សោត​នៅ​អន្លង់​កាំពី​ដែល​នៅ​ប៉ែក​ខាងក្រោម​នោះទេ ដូច្នេះ​មាន​ការបារម្ភ​អំពី​ការបង្ក​កំណើត ដោយសារ​បញ្ហា​ជំនាប់​ច្រើន​។ មុន​ឆ្នាំ​ ២០០៧ ផ្សោត​នៅ​អន្លង់​ឈើទាល​មាន​ចំនួន​ ១៥ ​ក្បាល​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍