ភ្នំពេញៈ ​លោក​ ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បាន​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​លើក​ទី​១៥ (15th ADMM) និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន-បូក​លើក​ទី​ ៨ (8th ADMM-Plus) ​រួម​នឹង​កិច្ចប្រជុំ​ក្រៅផ្លូវការ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាស៊ាន-ចិន​ តាម​ប្រព័ន្ធ​វីដេអូ​អនឡាញ​រយៈពេល​ ២ ​ថ្ងៃ (១៥-១៦ ខែមិថុនា​) ​ដោយ​បាន​ផ្លាស់ប្តូរ​នូវ​ទស្សនៈ​អំពី​សន្តិសុខ​តំបន់​ និង​អន្តរជាតិ និង​ការអនុម័ត​លើ​ឯកសារ​ទស្សនទាន​មួយចំនួន​ទៀត​។

បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារជាតិ​ចេញ​ផ្សាយ​ថ្ងៃទី​ ១៥ ​ខែមិថុនា បាន​ឱ្យ​ដឹងថា លោក ទៀ បាញ់ បាន​ដឹកនាំ​គណៈប្រតិភូ​ចូលរួម​កិច្ចប្រជុំ​នេះ​គឺ​តប​តាម​ការអញ្ជើញ​របស់លោក Pehin_DatuLailaraja Major General (Retired) DatoPaduka Seri Haji AwangHalbi Bin Haji MD Yussof រដ្ឋមន្ដ្រី​ការពារជាតិ​នៃ​ប្រទេស​ប្រ៊ុយណេ​ដារុយសាឡឹម​។

បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន លោក ទៀ បាញ់ នឹង​ចូលរួម​អនុម័ត​ឯកសារ​ទស្សនទាន​ចំនួន​ ៤ ​ក្នុង​ក្របខ័ណ្ឌ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន និង​សេចក្តីប្រកាស​​ បេដាសេរី​បេហ្គាវ៉ាន់ ក្នុងការ​ប្រារព្ធ​ខួប​លើក​ទី​១៥ របស់​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន ឆ្ពោះទៅ​កាន់​ការត្រៀម​ជាស្រេច​សម្រាប់​អនាគត សន្តិភាព និង​វិបុលភាព​អាស៊ាន​។

ចំណែក​នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន-បូក លោក ទៀ បាញ់ នឹង​ផ្លាស់ប្តូរ​ទស្សនៈ​ស្ដីពី​បរិយាកាស សន្តិសុខ​តំបន់ និង​អន្តរជាតិ​។ សេចក្ដី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖ «​ក្នុងពេលនោះ សម្តេច ពិជ័យសេនា នឹងចូលរួម​អនុម័ត​សេចក្តី​ប្រកាស​ បេដាសេរី ​បេហ្គាវ៉ាន់ ដោយ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន-បូក​ក្នុង​ការប្រារព្ធ​ខួប​លើក​ទី​១៥ ​របស់​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន ឆ្ពោះ​ទៅ​កាន់​ការត្រៀម​ជាស្រេច សម្រាប់​អនាគត សន្តិភាព និង​វិបុលភាព​អាស៊ាន​»​។

សេចក្ដី​ប្រកាស​ព័ត៌មាន​ឱ្យដឹងថា​៖ «​ស្រប​គ្នា​នឹង​កិច្ចប្រជុំ​នេះដែរ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ នឹង​ចូលរួម​កិច្ចប្រជុំ​ក្រៅផ្លូវការ រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន-ចិន​។ ក្នុង​កិច្ចប្រជុំ​នេះ សម្តេច​ពិជ័យ​សេនា ទៀបាញ់ នឹង​ផ្លាស់ប្តូរ​ទស្សនៈ​ស្តីពី​សភាពការណ៍​ក្នុង​តំបន់​ និង​អន្តរជាតិ​ផងដែរ​»៕