ភ្នំពេញៈ កម្លាំង​គណៈបញ្ជាការ​ឯកភាព​រាជធានី​សហការ​ជាមួយ​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍សែនជ័យ​បាន​ឃាត់ខ្លួន​មនុស្ស​​ប្រុស​ស្រី​ចំនួន​ ៣២ ​នាក់​នៅក្នុង​ប្រតិបត្តិការ​ចុះ​បិទ​ភោជនីយដ្ឋាន និង​ខារ៉ាអូខេ​ ១ ​កន្លែង​យីហោ​ផាតធី នៅតាម​បណ្តោយ​ផ្លូវ​បេតុង ក្នុង​ភូមិ​ប៉ប្រក​ត្បូង សង្កាត់​កាកាប​ទី​១ ខណ្ឌ​ពោធិ៍សែនជ័យ​​ពាក់ព័ន្ធ​ករណី​ល្មើស​បម្រាម​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុង​ការទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

លោក ម៉ន វុធី អធិការ​ខណ្ឌ​ពោធិ៍សែនជ័យ​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​​ម្សិលមិញ​ថា សមត្ថកិច្ច​បាន​ចុះទៅ​បង្ក្រាប​​ និង​បិទ​ហាង​ខារ៉ាអូខេ «​យីហោ​ផាតធី​» ​កាលពី​យប់​ថ្ងៃទី​ ១៤ ​មិថុនា ដោយបាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​ ៣២ ​នាក់ និង​បាន​បញ្ជូន​អ្នក​ទាំងនោះ​ទៅធ្វើ​ចក្តាឡីស័ក​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។

លោក សាន សុខសីហា អ្នកនាំពាក្យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បានឱ្យដឹង​ដែរ​ថា ក្រោម​ការដឹកនាំ​របស់​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​រួម​ជាមួយ​នឹង​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍សែនជ័យ​បាន​ចុះបង្ក្រាប និង​បិទ​ទីតាំង​ភោជនីយដ្ឋាន​ ១ ​កន្លែង ឈ្មោះ ផាតធី និង​ឃាត់ខ្លួន​មនុស្ស​ចំនួន ៣២ ​នាក់ ក្នុងនោះ​មាន​ស្រី​ចំនួន​ ១៦ ​នាក់ ដែល​សុទ្ធតែ​ជនជាតិ​ខ្មែរ និង​បាន​នាំមក​កាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។

លោក​បាន​បន្តថា ជំហាន​ដំបូង​សមត្ថកិច្ច​មិនទាន់មាន​ចំណាត់ការ​ចំពោះ​បុគ្គល​ទាំង​ ៣២ ​នាក់​នេះ នៅ​​ឡើយ​ទេ ដោយ​រង់ចាំ​ក្រុមគ្រូពេទ្យ​ចុះមក​យក​សំណាក​ទៅពិនិត្យ​រក​វីរុស​​កូវីដ​ ១៩ ជាមុនសិន ដើម្បី​ឱ្យបាន​​ដឹងថា បុគ្គល​ទាំងនេះ​អ្នកណា​មាន​ ឬ​គ្មាន​ជំងឺ​កូវីដ​ ១៩​។

ទោះជា​យ៉ាងណា លោក សាន សុខសីហា បាន​បញ្ជាក់ថា នេះ​មិនមែន​ជា​​ករណី​លើក​ទី​១ ទេ ដែល​សមត្ថកិច្ច​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ​បាន​ចុះបង្ក្រាប ប៉ុន្តែ​កន្លងទៅ​​ថ្មីៗ​នេះ​ក៏​បាន​ចុះទៅ​បង្ក្រាប​ទីតាំង​ក្លិប​មួយ​នៅក្នុង​សង្កាត់​បឹងកេងកង ខណ្ឌ​​បឹងកេងកង​ផងដែរ ដោយ​បាន​ឃាត់ខ្លួន​មនុស្ស​មួយចំនួន​ក្នុង​នោះ​មាន​ម្ចាស់​ទីតាំង និង​អ្នកពាក់ព័ន្ធ​មួយចំនួន​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ និង​មួយចំនួន​​ទៀត​ក៏​បាន​អប់រំ​មុន​ឱ្យ​ត្រឡប់​ទៅកាន់​គេហដ្ឋាន​វិញ​ជាពិសេស​ភ្ញៀវ​។

លោក សាន សុខសីហា បាន​ថ្លែងថា​៖ «​ចំពោះ​ករណី​ភោជនីយដ្ឋាន និង ខារ៉ាអូខេ យីហោ​ផាតធី​នេះ យើង​រង់ចាំ​មើលថា តើ​លទ្ធផល​នៃ​ការធ្វើ​តេស្ដ​​កូវីដ វា​យ៉ាងម៉េច​វិញ យើង​នឹង​បន្ត​សាកសួរ​បន្ថែមទៀត​»​។

បើតាម​លោក សុខសីហា ដោយមាន​ការណែនាំ​ពី​អភិបាល​រាជធានី​ភ្នំពេញ និង​អគ្គស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​សមត្ថកិច្ច​នឹង​បន្ត​អនុវត្ត​រហូតដល់​ដំណាច់ខែ​នេះ ខណៈ​បច្ចុប្បន្ន​សមត្ថកិច្ច​នគរបាល​រាជធានី​ភ្នំពេញ​បាន​ដាក់​វេន​គ្នា​​ចុះ​ជាប្រចាំ​តាម​បណ្តា​ខណ្ឌ​ ដើម្បី​ពិនិត្យ​មើលថា តើ​នៅមាន​ក្លិប​ ឬ​ខារ៉ាអូខេ​ណា​ផ្សេងទៀត​កំពុង​បើក​ដំណើរការ ហើយ​ប្រសិន​បើ​រកឃើញ សមត្ថកិច្ច​នឹង​បង្ក្រាប​ភ្លាម​៕